មេការដ៏ស្មោះត្រង់1 ដូច្នេះ មនុស្សត្រូវចាត់ទុកយើងជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាមេការនៃអាថ៌កំបាំងរបស់ព្រះ។ 2 ក្នុងករណីនេះ តម្រូវឲ្យមេការជាមនុស្សស្មោះត្រង់។ 3 រីឯសម្រាប់ខ្ញុំ ការដែលត្រូវអ្នករាល់គ្នា ឬសាលាក្ដីរបស់មនុស្សវិនិច្ឆ័យ ជារឿងតូចបំផុតទេ។ តាមពិត សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំមិនវិនិច្ឆ័យដែរ។ 4 ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីប្រឆាំងនឹងសតិសម្បជញ្ញៈខ្ញុំឡើយ ប៉ុន្តែខ្ញុំត្រូវបានរាប់ជាសុចរិតមិនមែនដោយសារតែការនេះទេ គឺព្រះអម្ចាស់ជាអ្នកដែលវិនិច្ឆ័យខ្ញុំទេតើ។ 5 ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។ គំរូនៃការបន្ទាបខ្លួនរបស់ពួកសាវ័ក6 បងប្អូនអើយ ខ្ញុំបានយកសេចក្ដីទាំងនេះមកនិយាយជាឧទាហរណ៍ដាក់ខ្លួនខ្ញុំ និងអ័ប៉ុឡូស សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរៀនពីយើងថា “កុំហួសពីអ្វីដែលមានសរសេរទុកមកឡើយ” ក្រែងលោមានអ្នកណាអួតបំប៉ោង ទាំងកាន់ខាងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀត។ 7 តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល? 8 អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ អ្នករាល់គ្នាបានសោយរាជ្យដោយគ្មានយើងហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ! 9 តាមពិត ខ្ញុំយល់ឃើញថា ព្រះបានដាក់យើងដែលជាសាវ័កនៅក្រោយក្បួនឲ្យគេឃើញ ដូចជាអ្នកទោសប្រហារជីវិត ពីព្រោះយើងបានក្លាយជាទិដ្ឋភាពដល់សាកលលោក គឺទាំងទូតសួគ៌ និងមនុស្សផង។ 10 យើងជាមនុស្សល្ងង់ព្រោះតែព្រះគ្រីស្ទ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាមនុស្សមានប្រាជ្ញាក្នុងព្រះគ្រីស្ទ; យើងជាមនុស្សខ្សោយ រីឯអ្នករាល់គ្នាជាមនុស្សខ្លាំងពូកែ; អ្នករាល់គ្នាជាមនុស្សមានកិត្តិយស រីឯយើងជាមនុស្សអាប់ឱនកិត្តិយស។ 11 រហូតដល់ពេលនេះ យើងទាំងឃ្លាន ទាំងស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេវាយ ហើយគ្មានជម្រក 12 ព្រមទាំងធ្វើការនឿយហត់ដោយផ្ទាល់ដៃ។ កាលណាគេជេរ យើងក៏ឲ្យពរវិញ; កាលណាគេបៀតបៀន យើងក៏ស៊ូទ្រាំ; 13 កាលណាត្រូវគេមួលបង្កាច់ យើងក៏អង្វរ។ រហូតមកដល់ឥឡូវនេះ យើងបានដូចជាសំរាមរបស់ពិភពលោក និងបានដូចជាកាកសំណល់របស់មនុស្សទាំងអស់។ ភាពកង្វល់របស់ប៉ូលដូចជាឪពុក14 ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាសទេ គឺដើម្បីទូន្មានអ្នករាល់គ្នាដូចជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ។ 15 តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀនរាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។ 16 ដូច្នេះ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើជាអ្នកយកតម្រាប់តាមខ្ញុំ។ 17 នេះជាហេតុដែលខ្ញុំបានចាត់ធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមករកអ្នករាល់គ្នា។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ដូចដែលខ្ញុំតែងតែបង្រៀនតាមក្រុមជំនុំនីមួយៗ នៅគ្រប់ទីកន្លែង។ 18 មានអ្នកខ្លះមានឫកធំ ដោយស្មានថាខ្ញុំនឹងមិនមករកអ្នករាល់គ្នា 19 ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។ 20 ដ្បិតអាណាចក្ររបស់ព្រះ មិនស្ថិតលើពាក្យសម្ដីទេ គឺស្ថិតលើអំណាចវិញ។ 21 តើអ្នករាល់គ្នាចង់បានមួយណា? ចង់ឲ្យខ្ញុំមករកអ្នករាល់គ្នាដោយកាន់រំពាត់ ឬដោយសេចក្ដីស្រឡាញ់ និងចិត្តសុភាពរាបសាវិញ? |