ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 64 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 64

1 ឱបើ​ព្រះអង្គ​ហែក​ផ្ទៃមេឃ​យាង​ចុះមក ហើយ​ភ្នំ​ទាំងឡាយ​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​ទៅអេះ!

2 ——​ដូចដែល​ភ្លើង​ឆេះ​ស្នាប់គុម្ពោត ដូចដែល​ភ្លើង​ធ្វើឲ្យ​ទឹក​ពុះ​ឡើង​—— ដើម្បី​ធ្វើឲ្យ​បច្ចាមិត្ត​របស់ព្រះអង្គ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​នៅចំពោះ​ព្រះអង្គ​។

3 កាល​ព្រះអង្គ​បាន​ធ្វើ​ការ​គួរឲ្យស្ញែងខ្លាច​ដែល​យើងខ្ញុំ​មិន​បាន​រំពឹង​សោះ នោះ​ព្រះអង្គ​បាន​យាង​ចុះមក ហើយ​ភ្នំ​ទាំងឡាយ​បាន​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​។

4 តាំងពីបុរាណមក មនុស្ស​មិនដែល​ឮ មិនដែល​ស្ដាប់ ភ្នែក​ក៏មិនដែល​ឃើញ​ព្រះ​ណា​ក្រៅពី​ព្រះអង្គ​ដែល​ធ្វើការ​សម្រាប់​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​នោះ​ឡើយ​។

5 ព្រះអង្គ​ទ្រង់​ជួប​អ្នកដែល​រីករាយ​នឹង​ប្រព្រឹត្ត​សេចក្ដីសុចរិត គឺ​អ្នកដែល​នឹកចាំ​ព្រះអង្គ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​។ មើល៍! ព្រះអង្គ​បាន​ព្រះពិរោធ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​; យើងខ្ញុំ​នៅក្នុង​បាប​ជាយូរមកហើយ ចុះ​តើ​យើងខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ​?

6 ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​; យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។

7 គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។

8 ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! យើងខ្ញុំ​ជា​ដីឥដ្ឋ ហើយ​ព្រះអង្គ​ជា​ជាងស្មូន​នៃយើងខ្ញុំ គឺ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

9 ព្រះយេហូវ៉ា​អើយ សូម​កុំ​ព្រះពិរោធ​ជាខ្លាំង សូម​កុំ​នឹកចាំ​សេចក្ដីទុច្ចរិត​ជារៀងរហូត​ឡើយ​! មើល៍! សូម​ទត​មើល​យើងខ្ញុំ​ទាំងអស់គ្នា​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ​ផង​!

10 បណ្ដា​ទីក្រុង​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​ក្លាយជា​ទីរហោស្ថាន​; ស៊ីយ៉ូន​បាន​ក្លាយជា​ទីរហោស្ថាន យេរូសាឡិម​បាន​ក្លាយជា​ទីស្ងាត់ជ្រងំ​។

11 ព្រះវិហារ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់យើងខ្ញុំ ជា​កន្លែងដែល​ពួក​ដូនតា​របស់យើងខ្ញុំ​បាន​សរសើរតម្កើង​ព្រះអង្គ ត្រូវបាន​ដុត​ដោយ​ភ្លើង ហើយ​អស់ទាំង​ទីពេញចិត្ត​របស់យើងខ្ញុំ​ក៏​បាន​ក្លាយជា​ទីបាក់បែក​ដែរ​។

12 ព្រះយេហូវ៉ា​អើយ តើ​ព្រះអង្គ​នឹង​ទប់ព្រះហឫទ័យ​ចំពោះ​ការទាំងនេះ​ឬ​? តើ​ព្រះអង្គ​នឹង​នៅស្ងៀម ហើយ​ធ្វើទុក្ខ​យើងខ្ញុំ​ជាខ្លាំង​ឬ​?​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative