ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 55 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 55

ចូរមករកព្រះយេហូវ៉ា

1 “ឱ​អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មករក​ទឹក​ចុះ​! អ្នកដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​ហូប​ចុះ​! ចូរ​មក​ទិញ​ស្រាទំពាំងបាយជូរ និង​ទឹកដោះ ដោយ​គ្មាន​ប្រាក់ និង​ដោយ​ឥតគិតថ្លៃ​ចុះ​។

2 ម្ដេចក៏​អ្នក​ចំណាយ​ប្រាក់​លើ​អ្វីដែល​មិនមែន​ជា​អាហារ ហើយ​ចំណាយ​ផលពីការនឿយហត់​របស់អ្នករាល់គ្នា​លើ​អ្វីដែល​មិនអាច​ធ្វើឲ្យ​ស្កប់ចិត្ត​ដូច្នេះ​? ចូរ​ស្ដាប់​យើង​ដោយយកចិត្តទុកដាក់ ហើយ​ហូប​អ្វីដែល​ល្អ ដើម្បីឲ្យ​ព្រលឹង​របស់អ្នករាល់គ្នា​រីករាយ​ដោយ​អាហារបរិបូរ​ចុះ​!

3 ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។

4 មើល៍! យើង​បាន​ធ្វើឲ្យ​ដាវីឌ​បានជា​សាក្សី​ដល់​ជាតិសាសន៍​នានា គឺជា​អ្នកដឹកនាំ និង​ជា​អ្នក​បញ្ជា​ដល់​ជាតិសាសន៍​នានា​។

5 មើល៍! អ្នក​នឹង​កោះហៅ​ប្រជាជាតិ​មួយ​ដែល​អ្នក​មិន​ស្គាល់ ហើយ​ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់មក​រក​អ្នក ដោយសារតែ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក គឺ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​ហើយ”។

6 ចូរ​ស្វែងរក​ព្រះយេហូវ៉ា​ខណៈដែល​អាច​រក​ព្រះអង្គ​ឃើញ ចូរ​ស្រែកហៅ​ព្រះអង្គ​ខណៈដែល​ព្រះអង្គ​គង់នៅ​ជិត​!

7 ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។

8 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “គំនិត​របស់យើង​មិន​ដូច​គំនិត​របស់អ្នករាល់គ្នា ហើយ​ផ្លូវ​របស់អ្នករាល់គ្នា​ក៏​មិន​ដូច​ផ្លូវ​របស់យើង​ដែរ​។

9 ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា ផ្លូវ​របស់យើង​ក៏​ខ្ពស់​ជាង​ផ្លូវ​របស់អ្នករាល់គ្នា ហើយ​គំនិត​របស់យើង​ក៏​ខ្ពស់​ជាង​គំនិត​របស់អ្នករាល់គ្នា​យ៉ាងនោះដែរ​។

10 ដូចដែល​ភ្លៀង និង​ព្រិល​ធ្លាក់មក​ពី​លើមេឃ ហើយ​មិន​ត្រឡប់​ទៅ​ទីនោះ គឺ​ស្រោចស្រព​ផែនដី​វិញ ធ្វើឲ្យ​វា​កកើតឡើង ហើយ​ចេញពន្លក ក៏​ផ្ដល់​គ្រាប់ពូជ​ដល់​អ្នក​សាបព្រោះ ហើយ​ផ្ដល់​អាហារ​ដល់​អ្នក​ហូប​យ៉ាងណា

11 ពាក្យ​របស់យើង​ដែល​ចេញ​ពី​មាត់​យើង​ទៅ​ក៏យ៉ាងនោះដែរ គឺ​មិន​ត្រឡប់មក​រក​យើង​វិញ​ដោយទទេ​ឡើយ ផ្ទុយទៅវិញ វា​នឹង​បំពេញ​អ្វីដែល​យើង​ប្រាថ្នា ហើយ​សម្រេច​អ្វីដែល​យើង​ចាត់​វា​ឲ្យទៅ​នោះ​។

12 អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។

13 ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative