1 ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។ 2 កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។ 3 យើងស្លៀកពាក់ឲ្យផ្ទៃមេឃដោយភាពខ្មៅងងឹត ហើយយកក្រណាត់ធ្មៃធ្វើជាគម្របរបស់វា”។ អ្នកបម្រើដែលស្ដាប់បង្គាប់4 ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។ ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។ 5 ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។ 6 ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។ 7 ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងជួយខ្ញុំ ដោយហេតុនេះខ្ញុំមិនអៀនខ្មាស ដោយហេតុនេះខ្ញុំបានធ្វើមុខដូចជាថ្មដែកកេះ ខ្ញុំដឹងថា ខ្ញុំមិនអាម៉ាស់មុខឡើយ។ 8 ព្រះអង្គដែលបញ្ជាក់ថាខ្ញុំឥតទោស ព្រះអង្គគង់នៅជិត; តើនរណាអាចតតាំងនឹងខ្ញុំបាន? ចូរឲ្យពួកយើងឈរឡើងជាមួយគ្នា! តើនរណាជាអ្នកចោទប្រកាន់ខ្ញុំ? ចូរឲ្យអ្នកនោះចូលមកជិតខ្ញុំ! 9 មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំបាន? មើល៍! ពួកគេទាំងអស់គ្នានឹងពុកផុយដូចសម្លៀកបំពាក់ ហើយសត្វល្អិតនឹងស៊ីបំផ្លាញពួកគេ។ 10 ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ! 11 មើល៍! អ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយអុសអើយ ចូរដើរក្នុងពន្លឺភ្លើងរបស់អ្នករាល់គ្នា និងក្នុងកន្ទុយអុសដែលអ្នករាល់គ្នាបានបញ្ឆេះនោះចុះ! ការនេះនឹងបានដល់អ្នករាល់គ្នា ពីដៃរបស់យើង គឺអ្នករាល់គ្នានឹងដេកក្នុងទុក្ខវេទនា៕ |