សារទៅកាន់អេត្យូពី1 វេទនាហើយ! ទឹកដីនៃស្លាបដែលមានសូរវឹបៗ ដែលនៅខាងនាយទន្លេនៃអេត្យូពី! 2 ពួកគេចាត់ទូតឲ្យទៅតាមសមុទ្រ គឺជិះនាវាធ្វើពីដើមកក់នៅលើផ្ទៃទឹក។ ពួកអ្នកនាំសារដ៏រហ័សអើយ ចូរទៅចុះ! ចូរទៅរកប្រជាជាតិមួយដែលមានមាឌខ្ពស់ ហើយមានស្បែករលោង ជាជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់! 3 អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ! 4 ដ្បិតព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “យើងនឹងសង្កេតមើលយ៉ាងស្ងៀមស្ងាត់ពីលំនៅរបស់យើង ដូចជាកម្ដៅដែលចែងចាំងក្នុងពន្លឺព្រះអាទិត្យ និងដូចជាពពកនៃទឹកសន្សើមនៅពេលក្ដៅនៃរដូវច្រូតកាត់”។ 5 មុនរដូវច្រូតកាត់ កាលផ្ការីករុះរោយ ហើយផ្កាក្លាយទៅជាផ្លែទំពាំងបាយជូរទុំ ព្រះអង្គនឹងកាប់មែកដោយកណ្ដៀវ ក៏នឹងលះខ្នែងចេញ។ 6 មែកទាំងនោះនឹងត្រូវបានបោះបង់ចោលជាមួយគ្នា ដល់សត្វហើរចាប់រំពានៅលើភ្នំ និងដល់សត្វព្រៃនៅលើផែនដី នោះសត្វហើរចាប់រំពានឹងមកលើវានៅរដូវក្ដៅ ហើយអស់ទាំងសត្វព្រៃនៅលើផែនដីនឹងមកលើវានៅរដូវរងា។ 7 នៅគ្រានោះ នឹងមានតង្វាយត្រូវបាននាំមកថ្វាយព្រះយេហូវ៉ានៃពលបរិវារ ពីជាតិសាសន៍ដែលមានមាឌខ្ពស់ ហើយមានស្បែករលោង និងពីជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់ គឺមកដល់ភ្នំស៊ីយ៉ូនជាកន្លែងរបស់ព្រះនាមព្រះយេហូវ៉ានៃពលបរិវារ៕ |