ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 15 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 15

ទំនាយទាស់នឹងម៉ូអាប់

1 នេះជា​ទំនាយ​ស្ដីអំពី​ម៉ូអាប់​: ដោយព្រោះ​អើរ​នៃ​ម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​! ដោយព្រោះ​គារនៃម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​!

2 ម៉ូអាប់​បាន​ឡើងទៅ​វិហារ ឌីបូន​បាន​ឡើងទៅ​ទីខ្ពស់​ដើម្បី​យំសោក ម៉ូអាប់​ទ្រហោយំ​ចំពោះ​នេបូរ និង​មេឌីបា​; ក្បាល​ពួកគេ​គ្រប់គ្នា​ទៅជា​ត្រងោល អស់ទាំង​ពុកចង្កា​ត្រូវបាន​កោរ​។

3 នៅតាម​ផ្លូវ គេ​ក្រវាត់​ក្រណាត់ធ្មៃ​; នៅលើ​ដំបូលផ្ទះ និង​នៅ​កន្លែងសាធារណៈ គ្រប់គ្នា​ទ្រហោយំ ហើយ​លុតចុះ​យំសោក​ផង​។

4 ហែសបូន និង​អេលាលេ​ស្រែកយំ សំឡេង​របស់ពួកគេ​បាន​ឮ​រហូតដល់​យ៉ាហាស​; ដោយហេតុនេះ ពួក​ប្រដាប់អាវុធ​របស់​ម៉ូអាប់​ស្រែកឡើង ចិត្ត​របស់ពួកគេ​ញ័ររន្ធត់​នៅក្នុង​ខ្លួនពួកគេ​។

5 ចិត្ត​របស់ខ្ញុំ​ស្រែកយំ​ចំពោះ​ម៉ូអាប់​; ពួក​អ្នករត់រួច​របស់នាង​ទៅដល់​សូអារ និងដល់​អេក្លាត-សេលីស៊ីយ៉ា ពួកគេ​ឡើង​ចំណោត​លូគីត​ទាំង​យំសោក ពួកគេ​បញ្ចេញ​សម្រែក​តាម​ផ្លូវ​ទៅ​ហូរ៉ូណែម ដោយសារតែ​ការអន្តរាយ​។

6 ទឹក​នៃ​នីមរីម​ក្លាយជា​ទីស្ងាត់ជ្រងំ ស្មៅ​បាន​ក្រៀមស្វិត​ទៅ រុក្ខជាតិ​បាន​អស់ទៅ គ្មានអ្វី​ខៀវខ្ចី​ឡើយ​។

7 ដូច្នេះ ទ្រព្យសម្បត្តិ​ដែល​ពួកគេ​រកបាន និង​ទ្រព្យសន្សំ​របស់ពួកគេ នឹង​ត្រូវគេ​យកទៅ​ខាងនាយ​ជ្រោះ​ដើមសូល​។

8 ដ្បិត​សម្រែក​បាន​ឡោមព័ទ្ធ​ព្រំដែន​ម៉ូអាប់​ហើយ សម្រែកទ្រហោយំ​របស់ពួកគេ​ទៅដល់​អេកឡែម សម្រែកទ្រហោយំ​របស់ពួកគេ​ទៅដល់​បៀរ-អេលីម​!

9 រីឯ​ទឹក​នៃ​ឌីម៉ូន​ពេញ​ដោយ​ឈាម ប៉ុន្តែ​យើង​នឹង​នាំ​មកលើ​ឌីម៉ូន​ថែមទៀត គឺ​នាំ​តោ​មកលើ​ពួក​អ្នកដែលរួចជីវិត​នៃ​ម៉ូអាប់ និង​មកលើ​អ្នកដែលនៅសល់​ក្នុង​ទឹកដី​នោះ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative