អេសាយ 14 - ព្រះគម្ពីរខ្មែរសាកលអ៊ីស្រាអែលត្រឡប់មកវិញ 1 ព្រះយេហូវ៉ានឹងអាណិតមេត្តាយ៉ាកុប ក៏នឹងជ្រើសរើសអ៊ីស្រាអែលម្ដងទៀត ព្រមទាំងដាក់ពួកគេនៅក្នុងទឹកដីរបស់ខ្លួនវិញ នោះជនបរទេសនឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងវង្សត្រកូលយ៉ាកុប។ 2 ប្រជាជាតិនានានឹងយកពួកគេមក ហើយនាំទៅកន្លែងរបស់ពួកគេវិញ នោះវង្សត្រកូលអ៊ីស្រាអែលនឹងទទួលប្រជាជាតិនានាជាមរតកនៅក្នុងទឹកដីរបស់ព្រះយេហូវ៉ា គឺទុកជាទាសករប្រុស និងជាទាសករស្រី។ ពួកគេនឹងចាប់អ្នកដែលចាប់ពួកគេជាឈ្លើយសឹក មកជាឈ្លើយសឹកវិញ ក៏នឹងត្រួតត្រាលើពួកអ្នកដែលសង្កត់សង្កិនពួកគេផង។ ចម្រៀងចំអកស្ដេចបាប៊ីឡូន 3 នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រទានឲ្យអ្នកសម្រាក ពីទុក្ខព្រួយរបស់អ្នក ពីភាពច្របូកច្របល់របស់អ្នក និងពីពលកម្មដ៏ធ្ងន់ដែលគេបានដាក់ឲ្យអ្នកធ្វើ 4 អ្នកនឹងលើកយកពាក្យចំអកនេះដាក់ស្ដេចបាប៊ីឡូនថា៖ “ពួកសង្កត់សង្កិនបានឈប់យ៉ាងណាហ្ន៎! ការច្រឡោតខឹងបានឈប់យ៉ាងណាហ្ន៎! 5 ព្រះយេហូវ៉ាបានបំបាក់ដំបងរបស់មនុស្សអាក្រក់ និងដំបងរាជ្យរបស់មេគ្រប់គ្រងហើយ 6 ជាអ្នកដែលវាយកម្ទេចប្រជាជាតិនានាក្នុងសេចក្ដីក្ដៅក្រហាយ ដោយការវាយដំដែលមិនចេះចប់ ជាអ្នកដែលត្រួតត្រាលើប្រជាជាតិនានាក្នុងកំហឹង ដោយការបៀតបៀនដែលមិនចេះទប់។ 7 ផែនដីទាំងមូលបានសម្រាក ក៏បានស្ងៀមស្ងប់ គេបានហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ។ 8 សូម្បីតែដើមស្រល់ និងដើមស៊ីដានៅលីបង់ក៏អរសប្បាយលើអ្នក ដោយនិយាយថា: ‘តាំងពីអ្នកបានដួលរលំ គ្មានអ្នកកាប់ឈើឡើងមកទាស់នឹងយើងទៀតឡើយ!’។ 9 ស្ថានមនុស្សស្លាប់នៅខាងក្រោមក៏រំភើបដោយសារតែអ្នក គឺរំភើបនឹងជួបអ្នកពេលអ្នកមកដល់ វាដាស់ព្រលឹងមនុស្សស្លាប់ជាអ្នកដឹកនាំទាំងអស់នៅលើផែនដីឲ្យភ្ញាក់ឡើងដើម្បីទទួលអ្នក វាឲ្យអស់ទាំងស្ដេចនៃប្រជាជាតិនានាក្រោកឡើងពីបល្ល័ង្ករបស់ខ្លួន។ 10 ពួកគេទាំងអស់គ្នាឆ្លើយតបនឹងអ្នកថា: ‘ឯងក៏បានត្រឡប់ជាខ្សោយដូចពួកយើងដែរ! ឯងក៏បានដូចពួកយើងដែរ!’។ 11 ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។ 12 ផ្កាយព្រឹក ជាកូននៃអរុណអើយ អ្នកបានធ្លាក់ពីលើមេឃយ៉ាងណាហ្ន៎! អ្នកដែលបង្ក្រាបប្រជាជាតិនានាអើយ អ្នកត្រូវបានកាប់រំលំដល់ដីយ៉ាងណាហ្ន៎! 13 អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត; 14 អញនឹងឡើងទៅលើកន្លែងខ្ពស់នៃពពក អញនឹងប្រដូចខ្លួនទៅនឹងព្រះដ៏ខ្ពស់បំផុត’។ 15 យ៉ាងណាមិញ អ្នកនឹងត្រូវបានទម្លាក់ទៅស្ថានមនុស្សស្លាប់វិញ គឺត្រូវបានទម្លាក់ទៅចុងបំផុតនៃរណ្ដៅមរណៈ! 16 ពួកដែលឃើញអ្នក នឹងសម្លឹងមើលទៅអ្នក ហើយរិះគិតអំពីអ្នកថា: ‘តើមនុស្សនេះឬ ដែលធ្វើឲ្យផែនដីភ័យញ័រ ដែលធ្វើឲ្យអាណាចក្រទាំងឡាយរញ្ជួយនោះ? 17 តើមនុស្សនេះឬ ដែលធ្វើឲ្យពិភពលោកបានដូចជាទីរហោស្ថាន ហើយរំលំទីក្រុងនានារបស់វា ដែលមិនលែងពួកអ្នកទោសឲ្យទៅផ្ទះវិញនោះ?’។ 18 អស់ទាំងស្ដេចនៃប្រជាជាតិនានា ពួកគេទាំងអស់គ្នាបានដេកលក់នៅក្នុងសិរីរុងរឿង គឺក្នុងផ្នូររបស់ពួកគេរៀងៗខ្លួន 19 រីឯអ្នកវិញ អ្នកត្រូវបានបោះចោលចេញពីផ្នូររបស់អ្នកដូចមែកដែលគួរឲ្យខ្ពើម ក៏ត្រូវបានគ្របបាំងដោយអ្នកដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ដោយដាវ ដែលធ្លាក់ទៅក្នុងរណ្ដៅសម្បូរថ្ម គឺដូចជាសាកសពដែលត្រូវគេជាន់ឈ្លី។ 20 អ្នកនឹងចូលរួមជាមួយពួកគេនៅក្នុងការបញ្ចុះសព មិនបានទេ ពីព្រោះអ្នកបានបំផ្លាញទឹកដីរបស់អ្នក ហើយសម្លាប់ប្រជាជនរបស់អ្នកផង។ ពូជពង្សរបស់មនុស្សធ្វើអាក្រក់ នឹងមិនត្រូវបានចេញឈ្មោះជារៀងរហូត! 21 ចូរត្រៀមការសម្លាប់សម្រាប់កូនចៅរបស់គាត់ ដោយសារតែអំពើទុច្ចរិតរបស់ដូនតាពួកគេ ក្រែងលោពួកគេក្រោកឡើងកាន់កាប់ផែនដី ហើយធ្វើឲ្យផ្ទៃផែនដីពេញដោយទីក្រុង”។ 22 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “យើងនឹងក្រោកឡើងទាស់នឹងពួកគេ ហើយកាត់ឈ្មោះ និងសំណល់ ព្រមទាំងកូនចៅ និងពូជពង្ស ចេញពីបាប៊ីឡូន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 23 “យើងនឹងធ្វើឲ្យបាប៊ីឡូនទៅជាកម្មសិទ្ធិរបស់កាំប្រមា និងជាវាលភក់ យើងនឹងបោសវាដោយអំបោសនៃការបំផ្លាញ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។ អាស្ស៊ីរីនឹងត្រូវបានបំផ្លាញ 24 ព្រះយេហូវ៉ានៃពលបរិវារបានស្បថថា៖ “ដូចដែលយើងបានគិតយ៉ាងណា នឹងកើតមានយ៉ាងនោះជាប្រាកដ ដូចដែលយើងបានគ្រោងទុកយ៉ាងណា វានឹងសម្រេចយ៉ាងនោះដែរ 25 គឺយើងនឹងកម្ទេចអាស្ស៊ីរីនៅក្នុងទឹកដីរបស់យើង ក៏នឹងជាន់ឈ្លីអាស្ស៊ីរីនៅលើតំបន់ភ្នំរបស់យើង; នឹមរបស់គេនឹងចាកចេញពីលើអ៊ីស្រាអែល បន្ទុករបស់គេនឹងចាកចេញពីលើស្មារបស់ពួកគេ”។ 26 នេះជាផែនការដែលត្រូវបានគ្រោងទុកសម្រាប់ផែនដីទាំងមូល នេះជាព្រះហស្តដែលលាតទៅលើប្រជាជាតិទាំងអស់។ 27 ជាការពិត ព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុក តើនរណាអាចបញ្ឈប់បាន? ព្រះហស្តរបស់ព្រះអង្គបានលាតទៅហើយ តើនរណាអាចធ្វើឲ្យត្រឡប់មកវិញបាន? ទំនាយទាស់នឹងភីលីស្ទីន 28 នៅឆ្នាំដែលព្រះបាទអ័ហាសសោយទិវង្គត មានទំនាយនេះបានមកដល់: 29 ភីលីស្ទីនអើយ កុំឲ្យអ្នកទាំងអស់គ្នាអរសប្បាយ ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នកត្រូវបានបំបាក់នោះឡើយ! ដ្បិតពស់ពិសនឹងកើតចេញពីឫសនៃសត្វពស់ ហើយផលផ្លែរបស់វានឹងទៅជាពស់ភ្លើងហោះ។ 30 សូម្បីតែកូនច្បងរបស់អ្នកក្រខ្សត់នឹងមានអាហារហូប ហើយមនុស្សខ្វះខាតក៏នឹងដេកសម្រាកដោយសុវត្ថិភាពដែរ ប៉ុន្តែយើងនឹងសម្លាប់ឫសរបស់អ្នកដោយទុរ្ភិក្ស ហើយទុរ្ភិក្សនោះនឹងសម្លាប់អ្នកដែលនៅសល់របស់អ្នក។ 31 ទ្វារក្រុងអើយ ចូរទ្រហោយំ! ទីក្រុងអើយ ចូរស្រែកយំ! ភីលីស្ទីនទាំងមូលអើយ ចូររលាយបាត់ទៅ! ដ្បិតផ្សែងនឹងចេញពីទិសខាងជើងមក គ្មានអ្នកណាដើររ៉ែរ៉ក្នុងជួរទ័ពគេឡើយ។ 32 តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕ |