កូន និងឪពុកម្ដាយ1 ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតការធ្វើដូច្នេះជាការត្រឹមត្រូវ។ 2 “ចូរគោរពឪពុក និងម្ដាយរបស់អ្នក” នេះជាសេចក្ដីបង្គាប់ទីមួយដែលមានសេចក្ដីសន្យាជាប់មកជាមួយផង គឺ 3 “ដើម្បីឲ្យអ្នកបានសុខ ហើយមានអាយុវែងនៅលើផែនដី”។ 4 ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនៗរបស់អ្នកខឹងឡើយ ផ្ទុយទៅវិញ ចូរអប់រំពួកវាដោយការប្រៀនប្រដៅ និងការទូន្មានរបស់ព្រះអម្ចាស់។ បាវបម្រើ និងចៅហ្វាយ5 បាវបម្រើរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ចៅហ្វាយនៅផែនដីដោយការកោតខ្លាច និងការញ័ររន្ធត់ក្នុងសេចក្ដីស្មោះត្រង់នៃចិត្ត ដូចជាស្ដាប់បង្គាប់ព្រះគ្រីស្ទ។ 6 កុំបម្រើតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សឡើយ ផ្ទុយទៅវិញ ចូរបម្រើឲ្យសមជាបាវបម្រើរបស់ព្រះគ្រីស្ទ ដោយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះយ៉ាងអស់ពីចិត្តចុះ។ 7 ចូរបម្រើដោយចិត្តរីករាយដូចបម្រើព្រះអម្ចាស់ មិនមែនដូចបម្រើមនុស្សឡើយ 8 ដ្បិតអ្នករាល់គ្នាដឹងហើយថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ គេនឹងទទួលការនោះវិញពីព្រះអម្ចាស់ ទោះបីជាទាសករ ឬមនុស្សមានសេរីភាពក៏ដោយ។ 9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ។ ត្រូវឈប់គំរាមកំហែង ដ្បិតអ្នករាល់គ្នាដឹងហើយថា ទាំងពួកគេ ទាំងអ្នករាល់គ្នាមានចៅហ្វាយដែលគង់នៅស្ថានសួគ៌ ហើយចំពោះព្រះអង្គ គ្មានការលំអៀងឡើយ។ សឹកសង្គ្រាមខាងវិញ្ញាណ10 ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។ 11 ចូរពាក់ឈុតគ្រឿងសឹកពេញលេញរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងកលល្បិចរបស់មារបាន 12 ដ្បិតការតយុទ្ធរបស់យើងមិនមែនទាស់នឹងឈាម ឬសាច់ទេ គឺទាស់នឹងអំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍ដ៏ងងឹតនេះ និងកងកម្លាំងខាងវិញ្ញាណនៃសេចក្ដីអាក្រក់នៅលើមេឃ។ 13 ដោយហេតុនេះ ចូរយកឈុតគ្រឿងសឹកពេញលេញរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចតតាំងក្នុងថ្ងៃដ៏អាក្រក់បាន ហើយឲ្យអ្នករាល់គ្នានៅតែឈរមាំ ក្រោយពីបានធ្វើអ្វីៗទាំងអស់។ 14 ដូច្នេះ ចូរអ្នករាល់គ្នាឈរមាំ។ ចូរក្រវាត់ចង្កេះរបស់អ្នករាល់គ្នាដោយសេចក្ដីពិត ហើយពាក់ក្រោះការពារទ្រូងនៃសេចក្ដីសុចរិតយុត្តិធម៌; 15 ចូរយកសេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសន្តិភាព ពាក់ជាស្បែកជើង; 16 ក្នុងគ្រប់ស្ថានភាព ចូរយកខែលនៃជំនឿ ដោយខែលនោះអ្នករាល់គ្នាអាចពន្លត់ព្រួញភ្លើងទាំងអស់របស់មេអាក្រក់បាន; 17 ចូរទទួលយកមួកសឹកនៃសេចក្ដីសង្គ្រោះ និងដាវនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ 18 ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់ 19 ព្រមទាំងសម្រាប់ខ្ញុំដែរ ដើម្បីឲ្យមានពាក្យសម្ដីប្រទានមកខ្ញុំនៅពេលខ្ញុំបើកមាត់និយាយ ធ្វើឲ្យខ្ញុំបានប្រកាសអាថ៌កំបាំងនៃដំណឹងល្អដោយភាពក្លាហាន។ 20 ខ្ញុំជារាជទូតដែលជាប់ច្រវាក់ដោយសារតែដំណឹងល្អនេះ។ សូមអធិស្ឋានឲ្យខ្ញុំមានភាពក្លាហានក្នុងការប្រកាសដំណឹងល្អនេះ តាមដែលខ្ញុំត្រូវនិយាយ។ ពាក្យជម្រាបលា21 ទីឃីកុសបងប្អូនជាទីស្រឡាញ់ ហើយជាអ្នកបម្រើស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងអ្វីៗទាំងអស់ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីខ្ញុំ និងអ្វីដែលខ្ញុំកំពុងធ្វើ។ 22 ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីយើង និងដើម្បីលើកទឹកចិត្តអ្នករាល់គ្នា។ 23 សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដែលជាប់ជាមួយជំនឿ ពីព្រះដែលជាព្រះបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់បងប្អូន! 24 សូមឲ្យព្រះគុណស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងដោយសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ៕៚ |