ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេភេសូរ 1 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេភេសូរ 1

ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ជូនចំពោះ​វិសុទ្ធជន​ដែល​រស់​នៅ​អេភេសូរ ជា​អ្នកជឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

2 សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!

ព្រះពរដ៏បរិបូររបស់ព្រះ

3 ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌

4 ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់

5 ព្រះអង្គ​បាន​កំណត់ទុកមុន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​យើង​មាន​ឋានៈជាកូន ស្របតាម​ចេតនាល្អ​នៃ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ សម្រាប់​អង្គទ្រង់ផ្ទាល់

6 និង​សម្រាប់​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រោសប្រទាន​មក​យើង​ក្នុង​ព្រះបុត្រាដ៏ជាទីស្រឡាញ់​។

7 នៅក្នុង​ព្រះអង្គ យើង​មាន​ការប្រោសលោះ គឺ​ការលើកលែងទោស​ការបំពាន ដោយ​ព្រះលោហិត​របស់​ព្រះអង្គ ស្របតាម​ភាពបរិបូរ​នៃ​ព្រះគុណ​របស់​ព្រះអង្គ

8 ដែល​ព្រះអង្គ​ប្រទានមកយ៉ាងសម្បូរហូរហៀរ​ដល់​យើង ដោយ​អស់ទាំង​ព្រះប្រាជ្ញាញាណ និង​ការយល់ដឹង​។

9 ព្រះអង្គ​បាន​បើកឲ្យ​យើង​ស្គាល់​អាថ៌កំបាំង​នៃ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ស្របតាម​ចេតនាល្អ​របស់​ព្រះអង្គ​ដែល​កំណត់ទុកមុន​ក្នុង​ព្រះគ្រីស្ទ

10 ដើម្បី​បង្រួបបង្រួម​អ្វីៗ​ទាំងអស់​មកក្នុង​ព្រះ​គ្រីស្ទ ទាំង​អ្វីៗ​នៅលើ​មេឃ និង​អ្វីៗ​នៅលើ​ផែនដី កាលណា​ពេលកំណត់​នៃ​ការបំពេញ​គម្រោង​នោះ​បាន​មកដល់​។

11 នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់

12 ដើម្បីឲ្យ​យើង​ដែល​សង្ឃឹមជាមុន​លើ​ព្រះ​គ្រីស្ទ នាំមក​នូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។

13 នៅក្នុង​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ឮ​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដែរ ជា​ដំណឹងល្អ​ដែល​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា ហើយ​នៅពេល​ជឿ​លើ​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​នៃ​សេចក្ដីសន្យា​។

14 ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​ថ្លៃកក់​សម្រាប់​មរតក​របស់យើង រហូតដល់​ការប្រោសលោះ​របស់​អ្នកដែលជាកម្មសិទ្ធិ​របស់ព្រះអង្គ ដើម្បី​នាំមកនូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។

អធិស្ឋានសុំការយល់ដឹងខាងវិញ្ញាណ

15 ដោយហេតុនេះ កាល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ និង​អំពី​សេចក្ដីស្រឡាញ់​របស់​អ្នករាល់គ្នា​ចំពោះ​វិសុទ្ធជន​ទាំងអស់

16 ខ្ញុំ​ក៏​អរព្រះគុណ​អំពី​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​នឹកចាំ​អំពី​អ្នករាល់គ្នា​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ

17 ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់

18 ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី

19 ព្រមទាំង​ឲ្យ​ដឹងថា ភាពធំធេង​ហួសវិស័យ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​ចំពោះ​យើង​ដែល​ជឿ ស្របតាម​កិច្ចការ​ដ៏មានព្រះចេស្ដា​ខ្លាំងពូកែ​របស់​ព្រះអង្គ​ជា​អ្វី​ផងដែរ​។

ព្រះចេស្ដារបស់ព្រះនៅក្នុងព្រះគ្រីស្ទ

20 ដោយ​ព្រះចេស្ដានេះ ព្រះ​បាន​ធ្វើសកម្មភាព​ក្នុង​ព្រះ​គ្រីស្ទ ដោយ​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះអង្គ​នៅ​លើមេឃ

21 ខ្ពស់លើ​អស់ទាំង​អំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និង​អស់ទាំង​នាម​ដែល​ត្រូវបាន​តាំងឡើង មិនគ្រាន់តែ​នៅ​លោកបច្ចុប្បន្ន​ប៉ុណ្ណោះទេ គឺ​នៅ​លោក​ខាងមុខ​ដែរ​។

22 ព្រះ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ទ ព្រមទាំង​ប្រទានឲ្យ​ព្រះគ្រីស្ទ​ធ្វើជា​ក្បាល​លើ​អ្វីៗ​ទាំងអស់​សម្រាប់​ក្រុមជំនុំ​។

23 ក្រុមជំនុំ​ជា​ព្រះកាយ​របស់​ព្រះអង្គ ជា​ភាពពេញលេញ​របស់​ព្រះអង្គ​ដែល​បំពេញ​អ្វីៗ​ទាំងអស់​ដោយ​អ្វីៗ​ទាំងអស់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative