ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហេព្រើរ 8 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ហេព្រើរ 8

បូជាចារ្យនៃស្ថានសួគ៌

1 ចំណុចសំខាន់​នៃ​សេចក្ដី​ដែល​យើង​បាន​រៀបរាប់​នេះគឺ យើង​មាន​មហាបូជាចារ្យ​បែបនេះ​ដែល​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានសួគ៌

2 ជា​អ្នកបម្រើការងារ​ក្នុង​ទីវិសុទ្ធ និង​ក្នុង​ព្រះពន្លា​ពិត​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិនមែន​មនុស្ស​ដំឡើង​ទេ​។

3 មហាបូជាចារ្យ‍គ្រប់រូប​ត្រូវបាន​តែងតាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញបូជា ដូច្នេះ​ព្រះអង្គនេះ​ក៏​ត្រូវតែ​មាន​អ្វីមួយ​ថ្វាយ​ដែរ។

4 ដោយហេតុនេះ ប្រសិនបើ​ព្រះអង្គ​គង់នៅ​ផែនដី ព្រះអង្គ​នឹង​មិន​អាច​ធ្វើជា​បូជាចារ្យ​បាន​ឡើយ ដោយសារ​មាន​ពួកបូជាចារ្យ​ដែល​ថ្វាយ​តង្វាយ​ស្របតាម​ក្រឹត្យវិន័យ​ស្រាប់ហើយ​។

5 អ្វីដែល​ពួកបូជាចារ្យទាំងនោះ​បម្រើ ជា​និមិត្តរូប និង​ជា​ស្រមោល​នៃស្ថានសួគ៌ ដូចដែល​នៅពេល​រៀបនឹង​បង្ហើយ​ការសង់​ព្រះពន្លា ម៉ូសេ​ត្រូវព្រះដាស់តឿន​ថា​:“ត្រូវប្រាកដថា អ្នក​នឹង​ធ្វើ​សព្វគ្រប់ទាំងអស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅលើ​ភ្នំ”។

6 ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ទទួល​ការងារបម្រើ​ដ៏ថ្លៃថ្នូរជាង ដោយព្រោះ​ព្រះអង្គ​ជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែល​បាន​តាំងឡើង​នៅលើ​សេចក្ដីសន្យា​ដ៏ប្រសើរជាង​។

សម្ពន្ធមេត្រីដ៏គ្រប់លក្ខណ៍

7 ជាការពិត ប្រសិនបើ​សម្ពន្ធមេត្រី​ទីមួយ​ឥតកន្លែងបន្ទោសបាន នោះ​មិនចាំបាច់​រក​សម្ពន្ធមេត្រី​ទីពីរ​ទេ

8 ដ្បិត​ព្រះ​បាន​ចាប់កំហុស​ពួកគេ​ដោយ​មានបន្ទូលថា​: “ព្រះអម្ចាស់​មានបន្ទូលថា មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​យើង​នឹង​តាំង​សម្ពន្ធមេត្រី​ថ្មី ជាមួយ​ពូជពង្ស​អ៊ីស្រាអែល និង​ពូជពង្ស​យូដា​។

9 សម្ពន្ធមេត្រីនេះ ​មិន​ដូច​សម្ពន្ធមេត្រី​ដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេ នៅ​គ្រា​ដែល​យើង​បាន​ដឹក​ដៃ​ដូនតាទាំងនោះ នាំចេញ​ពី​ដែនដី​អេហ្ស៊ីប​នោះ​ទេ​។ ដោយព្រោះ​ពួកគេ​មិន​បាន​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង នោះយើងក៏​ធ្វើព្រងើយ​នឹង​ពួកគេ​ដែរ​——​នេះជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​។

10 ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។

11 ពួកគេ​ម្នាក់ៗ​មិន​ចាំបាច់​បង្រៀន​ជនរួមជាតិ ​និង​បងប្អូន​រៀងៗខ្លួន​សោះឡើយ​ថា​: ‘ចូរ​ស្គាល់​ព្រះអម្ចាស់’ ដោយព្រោះ​ពួកគេ​ទាំងអស់គ្នា​នឹង​ស្គាល់​យើង តាំងពី​អ្នកតូច រហូតដល់​អ្នកធំ

12 និង​ដោយព្រោះ​យើង​នឹង​ប្រោសប្រណី​ដល់​សេចក្ដីទុច្ចរិត​របស់​ពួកគេ ហើយ​យើង​នឹង​មិន​នឹកចាំ​បាប របស់​ពួកគេ​ទៀត​ជាដាច់ខាត”។

13 ដោយ​ព្រះ​មានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះ​ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​ទីមួយ​ទៅជាចាស់​វិញ​។ រីឯ​អ្វី​ដែល​ត្រូវបាន​ធ្វើឲ្យចាស់ ក៏​ចាស់ទៅៗ រហូតដល់​ជិត​សាបសូន្យ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative