សណ្ឋានរបស់ព្រះបុត្រា1 ជាយូរមកហើយ ព្រះបានមានបន្ទូលនឹងពួកដូនតាតាមរយៈបណ្ដាព្យាការី ក្នុងពេលខុសៗគ្នា និងដោយរបៀបខុសៗគ្នា 2 ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។ 3 ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។ 4 ព្រះអង្គបានប្រសើរជាងបណ្ដាទូតសួគ៌ឆ្ងាយណាស់ ដោយព្រោះព្រះអង្គបានទទួលនាមមួយដែលមានតម្លៃលើសជាងនាមរបស់បណ្ដាទូតសួគ៌ជាមរតក។ ព្រះបុត្រាប្រសើរជាងទូតសួគ៌5 កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា:“អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក” ឬថា:“យើងនឹងធ្វើជាបិតារបស់អ្នកនេះ ហើយអ្នកនេះនឹងធ្វើជាបុត្ររបស់យើង”? 6 យ៉ាងណាមិញ នៅពេលព្រះអង្គនាំបុត្រច្បងចូលមកក្នុងពិភពលោកនេះម្ដងទៀត ព្រះអង្គមានបន្ទូលថា: “ចូរឲ្យអស់ទាំងទូតសួគ៌របស់ព្រះ ថ្វាយបង្គំព្រះបុត្រា”។ 7 អំពីបណ្ដាទូតសួគ៌ ព្រះអង្គមានបន្ទូលមែនថា: “ព្រះទ្រង់ធ្វើឲ្យបណ្ដាទូតសួគ៌របស់ព្រះអង្គទៅជាខ្យល់ ហើយធ្វើឲ្យអ្នកបម្រើរបស់ព្រះអង្គទៅជាភ្លើងសន្ធោសន្ធៅ” 8 រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។ 9 ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ” ។ 10 ព្រះអង្គមានបន្ទូលទៀតថា: “ព្រះអម្ចាស់អើយ នៅដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ។ 11 ផ្ទៃមេឃ និងផែនដី នឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ 12 ព្រះអង្គនឹងមូរផ្ទៃមេឃ និងផែនដីដូចអាវវែង ផ្ទៃមេឃ និងផែនដីនឹងត្រូវបានប្ដូរដូចសម្លៀកបំពាក់ ដែរ; ប៉ុន្តែព្រះអង្គនៅដដែល ព្រះជន្មាយុរបស់ព្រះអង្គមិនចេះអស់ឡើយ” ។ 13 កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក” ? 14 តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕ |