ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 5 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 5

រត់គេចពីការល្បួង

1 កូន​របស់ខ្ញុំ​អើយ ចូរ​ប្រុងស្ដាប់​ប្រាជ្ញា​របស់ខ្ញុំ ចូរ​ផ្ទៀងត្រចៀក​របស់អ្នក​នឹង​ការយល់ដឹង​របស់ខ្ញុំ​ចុះ

2 ដើម្បីឲ្យ​អ្នក​បាន​រក្សា​សមត្ថភាពពិចារណា និង​ឲ្យ​បបូរមាត់​របស់អ្នក​បាន​ការពារ​ចំណេះដឹង​។

3 ថ្វីត្បិតតែ​បបូរមាត់​របស់​ស្ត្រី​ផិតក្បត់​ស្រក់​ទឹកឃ្មុំ ហើយ​មាត់​របស់នាង​រលូន​ជាង​ប្រេង​ក៏ដោយ

4 ប៉ុន្តែ​ចុងបញ្ចប់​របស់​នាង គឺ​ល្វីងជូរចត់​ដូច​ស្លែង ហើយ​មុត​ដូច​ដាវ​មុខពីរ​។

5 ជើង​របស់នាង​ចុះទៅ​ឯ​សេចក្ដីស្លាប់ ជំហាន​របស់នាង​ឈានទៅ​ស្ថានមនុស្សស្លាប់​។

6 នាង​មិន​ស្ទង់មើល​ផ្លូវ​នៃ​ជីវិត​ឡើយ គន្លង​របស់នាង​តែងតែ​ប្រែប្រួលឥតនឹងនរ ប៉ុន្តែ​នាង​មិន​ដឹង​ឡើយ​។

7 ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ ហើយ​កុំ​បែរចេញ​ពី​ពាក្យ​នៃ​មាត់​ខ្ញុំ​ឡើយ​!

8 ចូរ​ដាក់​ផ្លូវ​របស់អ្នក​ឲ្យឆ្ងាយ​ពី​នាង ហើយ​កុំ​ទៅជិត​មាត់ទ្វារ​ផ្ទះ​នាង​ឲ្យសោះ

9 ក្រែងលោ​អ្នក​ប្រគល់​កិត្តិយស​របស់អ្នក​ទៅ​អ្នកដទៃ ហើយ​ប្រគល់​អាយុជីវិត​របស់អ្នក​ទៅ​មនុស្ស​ឃោរឃៅ​;

10 ក្រែងលោ​ជនមិនស្គាល់​បាន​ឆ្អែត​ដោយ​កម្លាំង​របស់អ្នក ហើយ​ការនឿយហត់​របស់អ្នក​បានទៅលើ​ផ្ទះ​របស់​ជនចម្លែក​វិញ​។

11 នៅ​ចុងបញ្ចប់​របស់អ្នក ពេល​សាច់ និង​រូបកាយ​របស់អ្នក​ត្រូវបាន​បំផ្លាញ នោះ​អ្នក​នឹង​ថ្ងូរ

12 ហើយ​និយាយថា​៖ “ខ្ញុំ​បាន​ស្អប់​ការប្រៀនប្រដៅ​យ៉ាងណាហ្ន៎​! ចិត្ត​ខ្ញុំ​បាន​មើលងាយ​ការស្ដីប្រដៅ​យ៉ាងណាហ្ន៎​!

13 ខ្ញុំ​មិន​បាន​ស្ដាប់តាម​សំឡេង​គ្រូ​ៗ​របស់ខ្ញុំ ហើយក៏​មិន​បាន​ផ្ទៀងត្រចៀក​នឹង​អ្នក​បង្រៀន​ខ្ញុំ​ដែរ​;

14 ខ្ញុំ​ស្ទើរតែ​វិនាសទាំងស្រុង នៅកណ្ដាលចំណោម​អង្គប្រជុំ និង​សហគមន៍​!”។

ពេញចិត្តតែនឹងប្រពន្ធខ្លួន

15 ចូរ​ផឹក​ទឹក​ពី​អាងទឹក​របស់ខ្លួន ចូរ​ផឹក​ទឹក​ដែល​ហូរ​ចេញពី​អណ្ដូង​របស់ខ្លួន​ចុះ​។

16 តើ​គួរឲ្យ​ប្រភពទឹក​របស់អ្នក​ហូរខ្ចាយ​ទៅ​ផ្លូវ ហើយ​គួរឲ្យ​ប្រឡាយ​ទឹក​របស់អ្នក​ហូរខ្ចាយ​តាម​កន្លែងសាធារណៈ​ឬ​?

17 ត្រូវ​ទុក​សម្រាប់​អ្នក​តែម្នាក់ឯងប៉ុណ្ណោះ គឺ​មិនមែន​សម្រាប់​ឲ្យ​អ្នកដទៃ​ចែក​ជាមួយ​អ្នក​ឡើយ​។

18 សូមឲ្យ​ប្រភពទឹក​របស់អ្នក​បានពរ ហើយ​ចូរ​ត្រេកអរ​នឹង​ប្រពន្ធ​ដែលបាន​តាំងពី​យុវវ័យ​របស់អ្នក​ចុះ

19 គឺប្រៀបដូចជា​ក្ដាន់ញី​ដ៏ជាទីស្រឡាញ់ និង​ប្រើសញី​ដ៏ស្អាត​—— សូមឲ្យ​ដោះ​នាង​បំពេញចិត្ត​អ្នក​គ្រប់ពេល សូមឲ្យ​អ្នក​ឈ្លក់វង្វេង​នឹង​សេចក្ដីស្រឡាញ់​របស់នាង​ជានិច្ច​។

20 កូន​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​អ្នក​ឈ្លក់វង្វេង​នឹង​ស្ត្រី​ផិតក្បត់ ហើយ​ឱបរឹត​ដើមទ្រូង​ស្រីក្រៅ​ដូច្នេះ​?

21 ដ្បិត​ផ្លូវ​របស់​មនុស្ស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ស្ទង់មើល​គ្រប់ទាំង​គន្លង​របស់គេ​។

22 អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។

23 អ្នកនោះ​នឹង​ត្រូវ​ស្លាប់​ដោយសារ​គ្មាន​ការប្រៀនប្រដៅ ក៏​នឹង​ត្រូវ​វង្វេងបាត់​ព្រោះតែ​ភាពល្ងីល្ងើ​យ៉ាងខ្លាំង​របស់ខ្លួន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative