សេចក្ដីបង្រៀនរបស់ឪពុក1 កូនរាល់គ្នាអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក ហើយយកចិត្តទុកដាក់ដើម្បីបានស្គាល់ការយល់ដឹង 2 ដ្បិតខ្ញុំបានឲ្យសេចក្ដីអប់រំដ៏ល្អដល់អ្នក ដូច្នេះកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។ 3 កាលខ្ញុំជាក្មេងដល់ឪពុកខ្ញុំ ហើយក៏ជាកូនតែមួយដ៏ទន់ខ្ចីនៅចំពោះម្ដាយខ្ញុំ 4 ពេលនោះ ឪពុកបានណែនាំ ហើយប្រាប់ខ្ញុំថា៖ “ចូរឲ្យចិត្តរបស់កូនកាន់ខ្ជាប់នូវពាក្យរបស់ឪពុក ចូរកាន់តាមសេចក្ដីបង្គាប់របស់ឪពុក ហើយមានជីវិតរស់ចុះ។ 5 ចូរខំប្រឹងឲ្យបានប្រាជ្ញា ចូរខំប្រឹងឲ្យបានការយល់ដឹង; កុំភ្លេច ក៏កុំបែរចេញពីពាក្យនៃមាត់ឪពុកឡើយ។ 6 កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន; ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។ 7 ការចាប់ផ្ដើមនៃប្រាជ្ញាគឺដូច្នេះ: ចូរខំប្រឹងឲ្យបានប្រាជ្ញា ចូរខំប្រឹងឲ្យបានការយល់ដឹងដោយប្រើអ្វីៗទាំងអស់ដែលកូនមាន! 8 ចូរឲ្យតម្លៃប្រាជ្ញា នោះនាងនឹងលើកកូនឡើង; ប្រសិនបើកូនឱបប្រាជ្ញា នោះនាងនឹងលើកតម្កើងកូន។ 9 នាងនឹងបំពាក់ភួងផ្កាដ៏សមសួនលើក្បាលកូន; នាងនឹងប្រគល់មកុដដ៏រុងរឿងដល់កូន”។ ផ្លូវពីរក្នុងជីវិតមនុស្ស10 កូនរបស់ខ្ញុំអើយ ចូរស្ដាប់ ហើយទទួលយកពាក្យរបស់ខ្ញុំចុះ នោះឆ្នាំនៃអាយុអ្នកនឹងកើនឡើង! 11 ខ្ញុំបានណែនាំអ្នកអំពីផ្លូវនៃប្រាជ្ញា ក៏បាននាំអ្នកឲ្យដើរតាមគន្លងនៃសេចក្ដីទៀងត្រង់; 12 នៅពេលអ្នកដើរ ជំហានរបស់អ្នកនឹងមិនត្រូវបានបង្អាក់ឡើយ ហើយប្រសិនបើអ្នករត់ ក៏អ្នកមិនជំពប់ដែរ។ 13 ចូរកាន់សេចក្ដីប្រៀនប្រដៅឲ្យជាប់ កុំលែងឡើយ; ចូររក្សាប្រាជ្ញា ដ្បិតនាងជាជីវិតរបស់អ្នក។ 14 កុំចូលក្នុងគន្លងរបស់មនុស្សអាក្រក់ឡើយ ក៏កុំដើរក្នុងផ្លូវរបស់មនុស្សពាលដែរ; 15 ចូរចៀសវាងពីផ្លូវនោះ កុំឆ្លងកាត់វាឡើយ; ចូរបែរចេញពីវា ហើយបង្ហួសទៅ។ 16 ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់ ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់; 17 ដ្បិតពួកគេហូបនំប៉័ងនៃការអាក្រក់ ហើយផឹកស្រានៃអំពើហិង្សា។ 18 រីឯគន្លងរបស់មនុស្សសុចរិតដូចជាពន្លឺអរុណដែលភ្លឺឡើងៗ រហូតដល់ថ្ងៃពេញពន្លឺ; 19 ផ្លូវរបស់មនុស្សអាក្រក់ដូចជាភាពងងឹតសូន្យ ពួកគេមិនដឹងថាខ្លួនឯងជំពប់ដោយសារអ្វីទេ។ ផ្លូវត្រង់ក្នុងជីវិតមនុស្ស20 កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យទំនៀមរបស់ខ្ញុំចុះ! 21 កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ ចូររក្សាវាទុកក្នុងចិត្តអ្នក; 22 ដ្បិតសេចក្ដីទាំងនេះជាជីវិតដល់អស់អ្នកដែលរកវាឃើញ និងជាការប្រោសឲ្យជាដល់រូបកាយទាំងមូលរបស់អ្នកនោះ។ 23 ចូរការពារចិត្តរបស់អ្នក ជាងការការពារអ្វីទាំងអស់ ដ្បិតប្រភពនៃជីវិតចេញពីចិត្តមក។ 24 ចូរយកសេចក្ដីវៀចវេរចេញពីមាត់អ្នក ហើយដាក់សេចក្ដីខូចនៃបបូរមាត់ឲ្យឆ្ងាយពីអ្នក។ 25 ចូរឲ្យភ្នែករបស់អ្នកមើលទៅខាងមុខ ហើយឲ្យការសម្លឹងរបស់អ្នកតម្រង់ទៅមុខអ្នក។ 26 ចូរស្ទង់មើលគន្លងនៃជើងរបស់អ្នក នោះអស់ទាំងផ្លូវរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។ 27 កុំងាកចេញទៅស្ដាំ ឬឆ្វេងឡើយ ចូរបែរជើងរបស់អ្នកចេញពីសេចក្ដីអាក្រក់៕ |