ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាការី 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាការី 2

និមិត្តទីបី: អ្នកវាស់

1 ខ្ញុំ​បាន​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ទៀត នោះ​មើល៍! មាន​បុរស​ម្នាក់ ដែល​ក្នុង​ដៃ​របស់គាត់​មាន​ខ្សែរង្វាស់​។

2 ខ្ញុំ​សួរថា​៖ “តើ​លោក​ទៅ​ឯណា​?”។ គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “ទៅ​វាស់​យេរូសាឡិម ដើម្បីឲ្យ​ដឹង​ថា​ទទឹង​ប៉ុន្មាន ហើយ​បណ្ដោយ​ប៉ុន្មាន”។

3 ពេលនោះ មើល៍! ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចេញទៅ ហើយ​មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ជួប​គាត់

4 ក៏​និយាយ​នឹង​គាត់​ថា​៖ “ចូរ​រត់ទៅ​ប្រាប់​យុវជន​នោះ​ថា​: ‘យេរូសាឡិម​នឹង​មាន​គេ​រស់នៅ​ដូចជា​ភូមិឥតកំពែង ដោយព្រោះ​មាន​មនុស្ស និង​សត្វ​ច្រើនកុះករ​នៅ​ទីនោះ​។

5 ដ្បិត​យើង​នឹង​ធ្វើជា​កំពែង​ភ្លើង​នៅ​ជុំវិញ​នាង ក៏​ធ្វើជា​សិរីរុងរឿង​នៅកណ្ដាល​នាង​ដែរ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។

6 “វេទនា​ហើយ​! វេទនា​ហើយ​! ចូរ​រត់គេច​ពី​ស្រុក​ខាងជើង​——​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​——​ដ្បិត​យើង​បាន​កម្ចាត់កម្ចាយ​អ្នករាល់គ្នា​ដូចជា​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។

7 “វេទនា​ហើយ​! ស៊ីយ៉ូន​អើយ​! អ្នកដែល​រស់នៅ​ជាមួយ​កូនស្រី​បាប៊ីឡូន​អើយ ចូរ​រត់គេច​ទៅ​!”។

8 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។

9 ដ្បិត​មើល៍! ខ្ញុំ​នឹង​បក់​ដៃ​របស់ខ្ញុំ​ទាស់នឹង​ពួកគេ ហើយ​ពួកគេ​នឹង​ទៅជា​ជ័យភណ្ឌ​ដល់​ពួក​បាវបម្រើ​របស់ខ្លួន​! នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​។

10 “កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀងដោយអំណរ ហើយ​អរសប្បាយឡើង ដ្បិត​មើល៍! យើង​នឹង​មក​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។

11 “នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។

12 ព្រះយេហូវ៉ា​នឹង​កាន់កាប់​យូដា​ជា​ចំណែក​របស់ព្រះអង្គ នៅក្នុង​ទឹកដី​ដ៏វិសុទ្ធ ហើយ​ព្រះអង្គ​នឹង​ជ្រើសរើស​យេរូសាឡិម​ម្ដងទៀត​។

13 គ្រប់ទាំង​សាច់​អើយ ចូរ​ស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​តើនឡើង​ពី​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ហើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative