ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 8 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 8

បកត្រាទីប្រាំពីរចេញ

1 ពេល​កូនចៀម​បក​ត្រា​ទីប្រាំពីរ​ចេញ មាន​ភាពស្ងៀមស្ងាត់​នៅ​ស្ថានសួគ៌​ប្រមាណជា​កន្លះម៉ោង​។

2 បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​ប្រាំពីរ​រូប​ដែល​ឈរ​នៅចំពោះ​ព្រះ ហើយ​មាន​ត្រែ​ប្រាំពីរ​ប្រទាន​ដល់​ពួកគេ​។

3 មាន​ទូតសួគ៌​មួយរូបទៀត​មក​ឈរ​នៅក្បែរ​អាសនា ទាំង​កាន់​ពានមាសសម្រាប់ដុតគ្រឿងក្រអូប​។ មាន​គ្រឿងក្រអូប​ជាច្រើន​ប្រទាន​ដល់​ទូតនោះ ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​ទាំងអស់ នៅលើ​អាសនា​មាស​នៅមុខ​បល្ល័ង្ក​។

4 ផ្សែង​ពី​គ្រឿងក្រអូប ព្រមទាំង​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន បាន​ហុយឡើង​ចេញពី​ដៃ​របស់​ទូតសួគ៌ នៅចំពោះ​ព្រះ​។

5 បន្ទាប់មក ទូតសួគ៌​នោះ​ក៏​យក​ពានសម្រាប់ដុតគ្រឿងក្រអូប ហើយ​បំពេញ​ពាននោះ​ដោយ​ភ្លើង​ពី​អាសនា រួច​បោះទៅ​លើ​ផែនដី នោះក៏​កើតមាន​ផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និង​រញ្ជួយផែនដី​។

6 ពេលនោះ ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ប្រាំពីរ​នោះ បាន​ត្រៀម​ខ្លួន​ផ្លុំត្រែ​។

ផ្លុំត្រែទីមួយ

7 ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។

ផ្លុំត្រែទីពីរ

8 ទូតសួគ៌​ទីពីរ​ផ្លុំត្រែឡើង នោះ​មានអ្វី​ដូចជា​ភ្នំ​ដ៏ធំ​ដែល​មាន​ភ្លើង​ឆេះ ត្រូវបាន​បោះទៅ​ក្នុង​សមុទ្រ ស្រាប់តែ​មួយភាគបី​នៃ​សមុទ្រ​ក៏​ក្លាយជា​ឈាម

9 រីឯ​មួយភាគបី​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ ក៏​ស្លាប់ ហើយ​មួយភាគបី​នៃ​នាវា ក៏​ត្រូវបាន​បំផ្លាញ​ដែរ។

ផ្លុំត្រែទីបី

10 ទូតសួគ៌​ទីបី​ផ្លុំត្រែឡើង នោះ​មាន​ផ្កាយ​ដ៏ធំ​ដែល​ឆេះ​ដូច​ចន្លុះ បាន​ធ្លាក់​ពី​លើមេឃ ហើយ​ធ្លាក់​ទៅក្នុង​មួយភាគបី​នៃ​ទន្លេ និង​ទៅក្នុង​ប្រភព​ទឹក​នានា​។

11 ផ្កាយ​នោះ​មាន​ឈ្មោះ​ថា “ស្លែង”។ មួយភាគបី​នៃ​ទឹក​បាន​ក្លាយជា​ស្លែង ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ទឹក​នោះ ពីព្រោះ​វា​ត្រឡប់ជាល្វីង​។

ផ្លុំត្រែទីបួន

12 ទូតសួគ៌​ទីបួន​ផ្លុំត្រែឡើង នោះ​មួយភាគបី​នៃ​ព្រះអាទិត្យ មួយភាគបី​នៃ​ព្រះចន្ទ និង​មួយភាគបី​នៃ​ផ្កាយ​ត្រូវបាន​បំផ្លាញ ដើម្បីឲ្យ​មួយភាគបី​នៃ​ពន្លឺទាំងនោះ​ទៅជាងងឹត​។ មួយភាគបី​នៃ​ពេលថ្ងៃ​នឹង​បាត់ពន្លឺ រីឯ​ពេលយប់​ក៏​ដូច្នោះ​ដែរ​។

13 ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​ខ្ញុំ​បាន​ឮ​ឥន្ទ្រី​មួយ​ដែល​ហើរ​នៅលើ​អាកាស បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! វេទនា​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដោយសារតែ​សំឡេង​ត្រែ​ឯទៀត​របស់​ទូតសួគ៌​បី​រូប​ដែល​រៀបនឹង​ផ្លុំ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative