សំបុត្រដល់ក្រុមជំនុំនៅសើដេស1 “ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។ 2 ចូរភ្ញាក់ស្មារតី ហើយពង្រឹងពួកអ្នកដែលនៅសល់ ដែលបម្រុងនឹងស្លាប់នោះចុះ។ ជាការពិត យើងមិនបានឃើញថា កិច្ចការរបស់អ្នកត្រូវបានបំពេញនៅចំពោះព្រះនៃយើងឡើយ។ 3 ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។ 4 យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។ 5 អ្នកដែលមានជ័យជម្នះនឹងបានស្លៀកសម្លៀកបំពាក់សដូច្នេះ ហើយយើងនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតជាដាច់ខាត។ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះព្រះបិតារបស់យើង និងនៅចំពោះបណ្ដាទូតសួគ៌របស់ព្រះអង្គទៀតផង។ 6 អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ!’។ សំបុត្រដល់ក្រុមជំនុំនៅភីឡាដិលភា7 “ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅភីឡាដិលភាថា: ‘ព្រះអង្គដ៏វិសុទ្ធ ព្រះអង្គដ៏ពិត ដែលកាន់កូនសោរបស់ដាវីឌ គឺព្រះអង្គដែលបើក ហើយគ្មានអ្នកណាបិទ ព្រះអង្គបិទ ក៏គ្មានអ្នកណាបើក មានបន្ទូលដូច្នេះ: 8 យើងស្គាល់កិច្ចការរបស់អ្នក មើល៍! យើងបានដាក់ទ្វារមួយដែលបើកចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ ដ្បិតអ្នកមានកម្លាំងតែបន្តិចមែន ប៉ុន្តែអ្នកបានកាន់តាមពាក្យរបស់យើង ហើយមិនបានបដិសេធនាមរបស់យើងឡើយ។ 9 មើល៍! យើងនឹងធ្វើឲ្យពួកខាងសាលាប្រជុំរបស់សាតាំង ដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនទេ គឺភូតភរវិញ——មើល៍! យើងនឹងធ្វើឲ្យពួកគេមកក្រាបថ្វាយបង្គំនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថាយើងស្រឡាញ់អ្នក។ 10 ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។ 11 យើងនឹងមកក្នុងពេលឆាប់ៗ! ចូរកាន់ខ្ជាប់នូវអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្ដើមយកមកុដរបស់អ្នកឡើយ។ 12 អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។ 13 អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ!’។ សំបុត្រដល់ក្រុមជំនុំនៅឡៅឌីសេ14 “ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ: 15 យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមិនត្រជាក់ ហើយក៏មិនក្ដៅដែរ។ យើងចង់ឲ្យអ្នកត្រជាក់ ឬក៏ក្ដៅ។ 16 ដូច្នេះ ដោយព្រោះអ្នកនៅស្ទើរៗ គឺមិនក្ដៅ ហើយក៏មិនត្រជាក់ យើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើង។ 17 ដ្បិតអ្នកនិយាយថា: “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភ គ្មានតម្រូវការអ្វីឡើយ” ប៉ុន្តែអ្នកមិនដឹងថា អ្នកជាមនុស្សវេទនា ជាមនុស្សគួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និងនៅអាក្រាតនោះទេ។ 18 យើងណែនាំអ្នកឲ្យទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកមានស្ដុកស្ដម្ភ ហើយឲ្យទិញសម្លៀកបំពាក់សដើម្បីស្លៀកពាក់ កុំឲ្យគេឃើញសេចក្ដីគួរខ្មាសនៃភាពអាក្រាតរបស់អ្នកឡើយ ព្រមទាំងឲ្យទិញថ្នាំលាបភ្នែកអ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។ 19 យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។ 20 មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ។ ប្រសិនបើអ្នកណាឮសំឡេងរបស់យើង ហើយបើកទ្វារ នោះយើងនឹងចូលទៅឯអ្នកនោះ ហើយហូបជាមួយអ្នកនោះ ហើយអ្នកនោះក៏ហូបជាមួយយើងដែរ។ 21 អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។ 22 អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ!’”៕ |