ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 1 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 1

អារម្ភកថា

1 ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះអង្គ ដើម្បី​បង្ហាញ​ហេតុការណ៍​ដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​ឲ្យ​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​។ ព្រះគ្រីស្ទ​បាន​បញ្ជាក់​សេចក្ដីទាំងនេះ ដោយ​បញ្ជូន​សេចក្ដីទាំងនេះ​ដល់​យ៉ូហាន​បាវបម្រើ​របស់​ព្រះអង្គ តាមរយៈ​ទូតសួគ៌​របស់​ព្រះអង្គ​។

2 យ៉ូហាន​បាន​ធ្វើបន្ទាល់​អំពី​អ្វីៗដែល​គាត់​បាន​ឃើញ គឺ​អំពី​ព្រះបន្ទូល​របស់​ព្រះ និង​អំពី​ទីបន្ទាល់​ស្ដីពី​ព្រះយេស៊ូវ​គ្រីស្ទ​។

3 មានពរ​ហើយ អ្នក​ដែល​អាន និង​អ្នក​ដែល​ស្ដាប់​ពាក្យ​ព្យាករ​នេះ ហើយ​កាន់តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​នៅក្នុង​នេះ ព្រោះថា​ពេលកំណត់​ជិតដល់​ហើយ។

4 ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ

5 ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ

6 ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។

7 “មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។

8 ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។

យ៉ូហានឃើញនិមិត្តអំពីព្រះអម្ចាស់

9 ខ្ញុំ យ៉ូហាន ដែលជា​បងប្អូន​របស់អ្នករាល់គ្នា និង​ជា​អ្នករួមចំណែក​ក្នុង​ទុក្ខវេទនា ក្នុង​អាណាចក្រ និង​ក្នុង​ការស៊ូទ្រាំ ដែលមាន​នៅក្នុង​ព្រះយេស៊ូវ ខ្ញុំ​បាន​នៅ​លើ​កោះ​មួយ​ដែល​ហៅថា​ប៉ាត់ម៉ុស ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះ និង​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។

10 នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ

11 ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។

12 ខ្ញុំ​ក៏​បែរទៅ​មើល​សំឡេង​នោះ​ដែល​និយាយ​មក​ខ្ញុំ​។ នៅពេល​ខ្ញុំ​បែរទៅ ខ្ញុំ​បាន​ឃើញ​ជើងចង្កៀង​មាស​ប្រាំពីរ​។

13 នៅ​កណ្ដាលចំណោម​ជើងចង្កៀង​ទាំងនោះ​មាន​ម្នាក់​ដូច​កូនមនុស្ស ដែល​ពាក់​អាវវែងដល់ជើង ទាំង​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។

14 ក្បាល និង​សក់​របស់​លោក ស​ដូច​រោមចៀម ‍ស​ដូច​ហិមៈ ហើយ​ភ្នែក​របស់​លោក​ក៏​ដូច​អណ្ដាតភ្លើង​;

15 ជើង​របស់​លោក​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង ហាក់ដូចជា​ត្រូវបាន​បន្សុទ្ធ​ក្នុង‍ឡ​ភ្លើង ហើយ​សំឡេង​របស់​លោក​ក៏​ដូច​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន​;

16 លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។

17 នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖“កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង

18 ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។

19 ដូច្នេះ ចូរ​កត់ត្រាទុក​នូវ​អ្វីដែល​អ្នក​បាន​ឃើញ គឺ​អ្វីដែល​កើតឡើង​នៅសព្វថ្ងៃ និង​អ្វីដែល​រៀបនឹង​កើតឡើង​បន្ទាប់ពីការទាំងនេះ​។

20 រីឯ​អាថ៌កំបាំង​នៃ​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់យើង និង​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ គឺ​ដូច្នេះ​: ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទូត​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើងចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះឯង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative