ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លោកុ‌ប្បត្តិ 8 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
លោកុ‌ប្បត្តិ 8

ទឹកជំនន់ស្រកចុះ

1 ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។

2 រីឯ​ប្រភពទឹក​នៃ​ទីជម្រៅ និង​បង្អួច​នៃ​មេឃ​ក៏​ត្រូវបាន​បិទ ហើយ​ភ្លៀង​ពី​លើមេឃ​ក៏​រាំង​។

3 ទឹក​បាន​ថយចេញ​ពីលើ​ផែនដី​ជាលំដាប់ លុះ​ផុត​មួយរយហាសិប​ថ្ងៃ ទឹក​ក៏​បាន​ស្រកចុះ​។

4 នៅ​ថ្ងៃ​ទី១៧ ខែ​ទីប្រាំពីរ ទូកធំ​កឿង​នៅលើ​ភ្នំ​អារ៉ារ៉ាត​។

5 ទឹក​បាន​ស្រកចុះ​ជាលំដាប់​រហូតដល់​ខែ​ទីដប់​។ នៅ​ថ្ងៃ​ទី១ ខែ​ទីដប់ កំពូល​ភ្នំ​នានា​បាន​លេចឡើង​។

6 លុះ​ផុត​សែសិប​ថ្ងៃ​ទៀត ណូអេ​ក៏​បើក​បង្អួច​របស់​ទូកធំ​ដែល​គាត់​បាន​ធ្វើ

7 ហើយ​លែង​ក្អែក​មួយ វា​ក៏​ហើរទៅមក​រហូតដល់​ទឹក​បាន​រីងស្ងួត​ពី​ផែនដី​។

8 បន្ទាប់មក គាត់​លែង​ព្រាប​មួយ​ដែល​នៅជាមួយ​គាត់ ដើម្បី​មើល​ថា​ទឹក​បាន​ស្រក​ពី​ផ្ទៃ​ផែនដី​ហើយឬនៅ

9 ប៉ុន្តែ​ព្រាប​នោះ​រក​ទីសម្រាក​សម្រាប់​បាត​ជើង​វា​មិនបានឡើយ​។ វា​បាន​ត្រឡប់មក​រក​គាត់​ក្នុង​ទូកធំ​វិញ ដ្បិត​នៅតែ​មាន​ទឹក​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​វា ហើយ​យក​វា​មក​ក្នុង​ទូកធំ​ជាមួយ​គាត់​វិញ​។

10 គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ​ពី​ទូកធំ​ម្ដងទៀត​។

11 លុះដល់​ពេល​ល្ងាច ព្រាប​នោះ​ក៏​មក​រក​គាត់​វិញ នោះ​មើល៍! មាន​ស្លឹក​អូលីវ​ស្រស់​នៅក្នុង​មាត់​វា​! ដូច្នេះ ណូអេ​បាន​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ​។

12 គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ តែ​វា​មិន​ត្រឡប់មក​រក​គាត់​វិញ​ទៀត​ឡើយ​។

13 នៅ​ថ្ងៃ​ទី១ ខែ​ទីមួយ ឆ្នាំ​ទីប្រាំមួយរយមួយ ទឹក​បាន​ស្ងួត​អស់​ពី​ផែនដី​។ ណូអេ​ក៏​ដក​គម្រប​ទូកធំ​ចេញ ហើយ​មើល នោះ​មើល៍! ផ្ទៃ​ផែនដី​បាន​ស្ងួត​អស់ហើយ​។

14 នៅ​ថ្ងៃ​ទី២៧ ខែ​ទីពីរ ផែនដី​បាន​ស្ងួត​ទាំងស្រុង​។

សេចក្ដីសន្យារបស់ព្រះ

15 បន្ទាប់មក ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖

16 “ចូរ​ចេញ​ពី​ទូកធំ​មក ទាំង​អ្នក ប្រពន្ធ​របស់អ្នក ពួក​កូនប្រុស​របស់អ្នក និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​អ្នក​ដែល​នៅជាមួយ​អ្នក​ផង​។

17 ចូរ​នាំ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់​ដែល​នៅជាមួយ​អ្នក ចេញមក​ជាមួយ​អ្នក ទាំង​បក្សាបក្សី សត្វជើងបួន និង​អស់ទាំង​សត្វលូនវារ​ដែល​លូនវារ​លើ​ដី ដើម្បីឲ្យ​វា​បានពាសពេញ​លើ​ផែនដី ព្រមទាំង​បង្កើតកូន និង​កើនចំនួនឡើង​លើ​ផែនដី​ផង”។

18 ដូច្នេះ ណូអេ​ក៏​ចេញមក ទាំង​ពួក​កូនប្រុស​របស់គាត់ ប្រពន្ធ​របស់គាត់ និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គាត់​។

19 សត្វព្រៃ​ទាំងអស់ សត្វលូនវារ​ទាំងអស់ បក្សាបក្សី​ទាំងអស់ គឺ​អស់ទាំង​សត្វ​ដែល​រវើក​លើ​ផែនដី​បាន​ចេញ​ពី​ទូកធំ​មក​តាម​ពូជ​របស់វា​។

20 បន្ទាប់មក ណូអេ​បាន​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា ហើយ​យក​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ និង​ពី​អស់ទាំង​បក្សាបក្សី​បរិសុទ្ធ មក​ថ្វាយ​ជា​តង្វាយដុត​នៅលើ​អាសនា​នោះ​។

21 ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។

22 ដរាបណា​នៅមាន​ផែនដី រដូវសាបព្រោះ និង​រដូវច្រូតកាត់ ត្រជាក់ និង​ក្ដៅ រដូវក្ដៅ និង​រដូវរងា ថ្ងៃ និង​យប់ នឹង​មិន​ឈប់​មាន​ឡើយ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative