ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លូកា 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
លូកា 3

អ្នកនាំពាក្យរបស់ព្រះមែស៊ី

1 នៅ​ឆ្នាំ​ទីដប់ប្រាំ​នៃ​រជ្ជកាល​សេសារ​ទីប៊ើរ កាល​ប៉ុនទាស​ពីឡាត់​ធ្វើជាអភិបាល​នៃ​យូឌា ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​កាលីឡេ ភីលីព​អនុជ​របស់​ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​តំបន់​អ៊ីទូរេ និង​ត្រាខូនីត ហើយ​លីសានាស​ធ្វើជាស្ដេចត្រាញ់​នៃ​អាប៊ីលេន

2 គឺ​ពេលដែល​អាន់ណាស និង​កៃផាស​ជា​មហាបូជាចារ្យ នោះ​ព្រះបន្ទូល​របស់​ព្រះ​បាន​មកដល់​យ៉ូហាន​កូន​សាការី នៅ​ទីរហោស្ថាន​។

3 គាត់​ក៏​ទៅ​តាម​តំបន់​ទាំងអស់​ជុំវិញ​ទន្លេយ័រដាន់ ទាំង​ប្រកាស​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប

4 ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា​: “មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ​!

5 ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លុបបំពេញ ហើយអស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប​; រីឯ​ផ្លូវ​វៀច​នឹង​ត្រូវបាន​តម្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​ត្រូវបាន​ធ្វើឲ្យ​រាបស្មើ

6 នោះ​មនុស្ស ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ’”។

7 យ៉ូហាន​និយាយ​នឹង​ហ្វូងមនុស្ស​ដែល​ចេញមក​ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ថា៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?

8 បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។

9 សូម្បីតែ​ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង”។

10 ហ្វូងមនុស្ស​ក៏​សួរ​គាត់​ថា៖ “បើដូច្នេះ តើ​យើងខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?”។

11 យ៉ូហាន​ឆ្លើយ​នឹង​ពួកគេ​ថា៖ “អ្នកណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែកឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នកណា​ដែល​មាន​អាហារ ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ”។

12 មាន​ពួក​អ្នកទារពន្ធ​មក​ទទួលពិធីជ្រមុជទឹក​ដែរ ពួកគេ​ក៏​សួរ​យ៉ូហាន​ថា៖ “លោកគ្រូ តើ​យើងខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?”។

13 យ៉ូហាន​ប្រាប់​ពួកគេ​ថា​៖ “កុំ​ទារ​ពន្ធ​ហួសកម្រិត​ដែល​បាន​កំណត់​ឲ្យ​អ្នករាល់គ្នា​នោះ​ឡើយ”។

14 ពួក​ទាហាន​ក៏​សួរ​គាត់​ដែរ​ថា៖ “ចុះ​យើងខ្ញុំ​វិញ តើ​គួរ​ធ្វើ​ដូចម្ដេចដែរ​?”។ យ៉ូហាន​និយាយថា​៖ “កុំ​គំរាមយកលុយ ឬ​ចេះតែចោទយកលុយ​ពី​អ្នកណាឡើយ តែ​ចូរ​ស្កប់ចិត្ត​នឹង​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ”។

15 នៅគ្រាដែល​ប្រជាជន​កំពុង​រង់ចាំ នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​នឹកស្មាន​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា ប្រហែល​គាត់​ជា​ព្រះ​គ្រីស្ទ​។

16 យ៉ូហាន​តប​នឹង​ពួកគេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​មែន ប៉ុន្តែ​មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។

17 លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ដើម្បី​សម្អាត​លានបោកស្រូវ​របស់​លោក ហើយ​ប្រមូល​ស្រូវ​ដាក់ក្នុង​ជង្រុក​របស់​លោក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។

18 ដូច្នេះ យ៉ូហាន​បាន​ប្រកាសដំណឹងល្អ​ដល់​ប្រជាជន​ដោយ​ពាក្យ​ដាស់តឿន​ផ្សេងទៀត​ជាច្រើន​។

19 ប៉ុន្តែ​នៅពេល​ស្ដេចត្រាញ់​ហេរ៉ូឌ​ត្រូវ​យ៉ូហាន​ស្ដីបន្ទោស​អំពី​ហេរ៉ូឌាស​មហេសី​របស់​អនុជ​ទ្រង់ និង​អំពី​អស់ទាំង​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត

20 ទ្រង់​បាន​បន្ថែម​ការនេះ​មួយ​ទៀត​លើ​ការ​អាក្រក់​ទាំងអស់ គឺ​ទ្រង់​បាន​ឃុំឃាំង​យ៉ូហាន​ក្នុង​គុក​។

ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក

21 កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ប្រជាជន​ទាំងអស់​បាន​ទទួលពិធីជ្រមុជទឹក ព្រះយេស៊ូវ​ក៏​បាន​ទទួលពិធីជ្រមុជទឹក​ដែរ​។ ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន ផ្ទៃមេឃ​ត្រូវបាន​បើកចំហ

22 ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​យាង​ចុះ​ក្នុង​រូបសណ្ឋាន​ដូចជា​សត្វព្រាប​មក​លើ​ព្រះអង្គ រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក”។

កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ

23 នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី

24 ហេលី​ជាកូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជាកូន​លេវី លេវី​ជាកូន​ម៉ិលគី ម៉ិលគី​ជាកូន​យ៉ាណាយ យ៉ាណាយ​ជាកូន​យ៉ូសែប

25 យ៉ូសែប​ជាកូន​ម៉ាតាធាស ម៉ាតាធាស​ជាកូន​អេម៉ុស អេម៉ុស​ជាកូន​ណាហ៊ូម ណាហ៊ូម​ជាកូន​អែសលី អែសលី​ជាកូន​ណាកាយ

26 ណាកាយ​ជាកូន​ម៉ាអាត ម៉ាអាត​ជាកូន​ម៉ាតាធាស ម៉ាតាធាស​ជាកូន​សេម៉ី សេម៉ី​ជាកូន​យ៉ូសិក យ៉ូសិក​ជាកូន​យូដា

27 យូដា​ជាកូន​យ៉ូអាណាន់ យ៉ូអាណាន់​ជាកូន​រេសា រេសា​ជាកូន​សូរ៉ូបាបិល សូរ៉ូបាបិល​ជាកូន​សាលធាល សាលធាល​ជាកូន​នេរី

28 នេរី​ជាកូន​ម៉ិលគី ម៉ិលគី​ជាកូន​អ័តឌី អ័តឌី​ជាកូន​កូសាម កូសាម​ជាកូន​អែលម៉ូដាម អែលម៉ូដាម​ជាកូន​អ៊ើរ

29 អ៊ើរ​ជាកូន​យ៉ូសេ យ៉ូសេ​ជាកូន​អេលាស៊ើរ អេលាស៊ើរ​ជាកូន​យ៉ូរិម យ៉ូរិម​ជាកូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជាកូន​លេវី

30 លេវី​ជាកូន​ស៊ីម្មាន ស៊ីម្មាន​ជាកូន​យូដា យូដា​ជាកូន​យ៉ូសែប យ៉ូសែប​ជាកូន​យ៉ូណាម យ៉ូណាម​ជាកូន​អេលាគីម

31 អេលាគីម​ជាកូន​ម៉េលាស ម៉េលាស​ជាកូន​ម៉ៃណាន ម៉ៃណាន​ជាកូន​ម៉ាតាថា ម៉ាតាថា​ជាកូន​ណាថាន់ ណាថាន់​ជាកូន​ដាវីឌ

32 ដាវីឌ​ជាកូន​អ៊ីសាយ អ៊ីសាយ​ជាកូន​អូបិឌ អូបិឌ​ជាកូន​បូអូស បូអូស​ជាកូន​សាលម៉ូន សាលម៉ូន​ជាកូន​ណាសូន

33 ណាសូន​ជាកូន​អ័មីណាដាប់ អ័មីណាដាប់​ជាកូន​អាដមីន អាដមីន​ជាកូន​អើរ៉ាម អើរ៉ាម​ជាកូន​ហេស្រុន ហេស្រុន​ជាកូន​ពេរេស ពេរេស​ជាកូន​យូដា

34 យូដា​ជាកូន​យ៉ាកុប យ៉ាកុប​ជាកូន​អ៊ីសាក អ៊ីសាក​ជាកូន​អ័ប្រាហាំ អ័ប្រាហាំ​ជាកូន​ថេរ៉ា ថេរ៉ា​ជាកូន​ណាឃរ

35 ណាឃរ​ជាកូន​សេរូក សេរូក​ជាកូន​រេហ៊ូវ រេហ៊ូវ​ជាកូន​ផាលេក ផាលេក​ជាកូន​ហេប៊ើរ ហេប៊ើរ​ជាកូន​សេឡា

36 សេទ្បា​ជាកូន​កៃណាន កៃណាន​ជាកូន​អើប៉ាក់សាឌ អើប៉ាក់សាឌ​ជាកូន​សិម សិម​ជាកូន​ណូអេ ណូអេ​ជាកូន​ឡាមេក

37 ទ្បាមេក​ជាកូន​មធូសាទ្បា មធូសាទ្បា​ជាកូន​ហេណុក ហេណុក​ជាកូន​យ៉ារេឌ យ៉ារេឌ​ជាកូន​ម៉ាលេលាល ម៉ាលេលាល​ជាកូន​កៃណាន

38 កៃណានជាកូន​អេណុស អេណុស​ជាកូន​សេថ សេថ​ជាកូន​អ័ដាម ហើយ​អ័ដាម​ជាកូន​របស់​ព្រះ៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative