កុំលំអៀងឡើយ1 បងប្អូនរបស់ខ្ញុំអើយ ចូរកាន់ខ្ជាប់នូវជំនឿលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះអម្ចាស់នៃសិរីរុងរឿង ដោយគ្មានការលំអៀងឡើយ។ 2 ដ្បិតប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោង ហើយមានអ្នកក្រម្នាក់ស្លៀកសម្លៀកបំពាក់កខ្វក់ចូលមកដែរ 3 អ្នករាល់គ្នាក៏ឲ្យតម្លៃដល់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងនោះ ហើយនិយាយថា៖ “សូមលោកអញ្ជើញអង្គុយនៅកន្លែងល្អនេះចុះ” រួចនិយាយទៅអ្នកក្រថា៖ “ឯងឈរនៅទីនោះ” ឬថា៖ “អង្គុយនៅទៀបកំណល់ជើងអញទៅ” 4 តើអ្នករាល់គ្នាមិនបានប្រកាន់ថាមានភាពខុសគ្នានៅក្នុងចំណោមអ្នករាល់គ្នា ហើយបានក្លាយជាអ្នកវិនិច្ឆ័យដែលមានគំនិតអាក្រក់ទេឬ? 5 បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ? 6 ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ? 7 មិនមែនជាពួកគេទេឬ ដែលជេរប្រមាថព្រះនាមដ៏ល្អដែលអ្នករាល់គ្នាត្រូវបានហៅតាមព្រះនាមនោះ? 8 ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមព្រះរាជក្រឹត្យវិន័យស្របតាមបទគម្ពីរដែលថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” នោះអ្នករាល់គ្នាធ្វើបានល្អហើយ។ 9 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមានចិត្តលំអៀង នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តបាប ហើយអ្នករាល់គ្នាត្រូវក្រឹត្យវិន័យថ្កោលទោសជាមនុស្សបំពាន។ 10 ដ្បិតអ្នកណាក៏ដោយដែលកាន់តាមក្រឹត្យវិន័យទាំងមូល ប៉ុន្តែជំពប់ក្នុងមួយចំណុច អ្នកនោះត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូល។ 11 ជាការពិត ព្រះអង្គដែលមានបន្ទូលថា:“កុំផិតក្បត់” ក៏មានបន្ទូលថា:“កុំសម្លាប់មនុស្ស” ដែរ។ ដូច្នេះ ប្រសិនបើអ្នកមិនបានផិតក្បត់ ប៉ុន្តែបានសម្លាប់មនុស្សវិញ នោះអ្នកបានក្លាយជាមនុស្សបំពានក្រឹត្យវិន័យហើយ។ 12 ចូរនិយាយដូច្នេះ និងប្រព្រឹត្តដូច្នេះ ដូចជាអ្នកដែលរៀបនឹងត្រូវជំនុំជម្រះតាមក្រឹត្យវិន័យនៃសេរីភាពចុះ។ 13 ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។ ជំនឿ និងការប្រព្រឹត្ត14 បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណានិយាយថាខ្លួនមានជំនឿ ប៉ុន្តែគ្មានការប្រព្រឹត្ត តើមានប្រយោជន៍អ្វី? ជំនឿបែបនេះមិនអាចសង្គ្រោះអ្នកនោះបានទេ មែនទេ? 15 ប្រសិនបើមានបងប្អូនប្រុស ឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ទាំងខ្វះអាហារប្រចាំថ្ងៃ 16 ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយនឹងពួកគេថា៖ “ចូរទៅដោយសុខសាន្តចុះ! ចូរឲ្យបានកក់ក្ដៅ ហើយឲ្យបានឆ្អែតចុះ!” ប៉ុន្តែមិនឲ្យអ្វីៗដែលពួកគេត្រូវការសម្រាប់រូបកាយទេ តើមានប្រយោជន៍អ្វី? 17 ជំនឿក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្ត នោះក៏ស្លាប់ដោយឯកឯងហើយ។ 18 ក៏ប៉ុន្តែមានអ្នកខ្លះនឹងនិយាយថា៖ “អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ត”។ ដូច្នេះ ចូរបង្ហាញជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឲ្យអ្នកឃើញដែរ។ 19 អ្នកជឿថាមានព្រះតែមួយអង្គគត់ នោះអ្នកធ្វើបានល្អហើយ! សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងញ័ររន្ធត់ផង។ 20 ឱ មនុស្សឥតប្រយោជន៍អើយ! តើអ្នកចង់ដឹងថា ជំនឿដែលគ្មានការប្រព្រឹត្តគឺឥតប្រយោជន៍ឬ? 21 អ័ប្រាហាំដូនតារបស់យើង ត្រូវបានរាប់ជាសុចរិតដោយបានថ្វាយអ៊ីសាកកូនប្រុសរបស់លោកនៅលើអាសនា តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ? 22 អ្នកឃើញថា ជំនឿបានធ្វើការជាមួយការប្រព្រឹត្តរបស់លោក ហើយដោយសារតែការប្រព្រឹត្ត ជំនឿក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍។ 23 ដូច្នេះ បទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” លោកក៏ត្រូវបានហៅថា “មិត្តសម្លាញ់របស់ព្រះ”។ 24 អ្នករាល់គ្នាឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ 25 ដូចគ្នាដែរ រ៉ាហាបស្ត្រីពេស្យាក៏ត្រូវបានរាប់ជាសុចរិតនៅពេលទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចេញទៅតាមផ្លូវផ្សេងទៀត តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ? 26 ជាការពិត រូបកាយដែលគ្មានវិញ្ញាណគឺស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់យ៉ាងនោះដែរ៕ |