ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 3

អ្នកនាំពាក្យរបស់ព្រះមែស៊ី

1 នៅ​គ្រានោះ យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ប្រកាស​នៅ​ទីរហោស្ថាន​នៃ​យូឌា

2 ថា​៖ “ចូរ​កែប្រែចិត្ត ដ្បិត​អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ”។

3 គឺ​យ៉ូហាននេះ​ហើយ ជា​ម្នាក់​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ថា​: “មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ !’ ”។

4 យ៉ូហាន​នេះ​ឯង ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ រីឯ​អាហារ​របស់​គាត់​ជា​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ។

5 ពេលនោះ មនុស្ស​ពី​យេរូសាឡិម ពី​យូឌា​ទាំងមូល និង​ពី​តំបន់​ទាំងអស់​ជុំវិញ​ទន្លេយ័រដាន់ បាន​ចេញទៅ​រក​គាត់

6 ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។

7 ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?

8 បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​!

9 កុំឲ្យ​គិត​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំថ្ម​ទាំងនេះ​បាន​។

10 ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​។

11 “ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។

12 លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។

ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក

13 ពេលនោះ ព្រះយេស៊ូវ​យាង​មក​ពី​កាលីឡេ មក​រក​យ៉ូហាន​នៅត្រង់​ទន្លេយ័រដាន់ ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​។

14 ប៉ុន្តែ​យ៉ូហាន​ព្យាយាម​ឃាត់​ព្រះអង្គ ដោយ​ទូលថា​៖ “គឺ​ខ្ញុំ​ទេតើ ដែល​ត្រូវការ​ទទួលពិធីជ្រមុជទឹក​ពី​លោក ម្ដេចក៏​លោក​មករក​ខ្ញុំ​ទៅវិញ​?”។

15 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។

16 ក្រោយពី​ព្រះយេស៊ូវ​ទទួលពិធីជ្រមុជទឹក​ហើយ ព្រះអង្គ​ក៏​យាង​ឡើង​ពី​ទឹក​ភ្លាម​។ ពេលនោះ មើល៍! ផ្ទៃមេឃ​ត្រូវបាន​បើកចំហ​នៅចំពោះ​ព្រះអង្គ ហើយ​ព្រះអង្គ​ទត​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះ​យាង​ចុះ​មក​លើ​ព្រះអង្គ ដូចជា​សត្វព្រាប​។

17 រំពេចនោះ មាន​សំឡេង​មួយ​ពី​លើមេឃ​ថា៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative