ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 25 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 25

ពាក្យឧបមាអំពីស្ត្រីព្រហ្មចារីដប់នាក់

1 “នៅ​គ្រានោះ អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ត្រីព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន​ចេញទៅ​ទទួល​កូនកំលោះ ។

2 ក្នុង​ពួកនាង មាន​ប្រាំ​នាក់​ជា​អ្នក​ល្ងង់ ហើយ​ប្រាំ​នាក់​ទៀត​ជា​អ្នក​មានប្រាជ្ញា​។

3 ស្ត្រី​ល្ងង់​ទាំងនោះ​បាន​យក​ចង្កៀង​របស់​ខ្លួន​ទៅ ប៉ុន្តែ​មិន​បាន​យក​ប្រេង​ទៅ​ជាមួយ​ទេ​;

4 រីឯ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​បាន​យក​ប្រេង​នៅក្នុង​ដប​ទៅ​ជាមួយ​ចង្កៀង​របស់​ខ្លួន​។

5 នៅពេល​កូនកំលោះ​ក្រមកដល់ ពួកនាង​ទាំងអស់គ្នា​ក៏​ងងុយ ហើយ​ដេកលក់​ទៅ​។

6 “ប៉ុន្តែ​នៅ​កណ្ដាលអធ្រាត្រ មាន​គេ​ស្រែកឡើង​ថា​: ‘មើល៍! កូនកំលោះ​មក​ហើយ​! ចូរ​ចេញទៅ​ទទួល​លោក​ចុះ​!’។

7 “ពេលនោះ ស្ត្រីព្រហ្មចារី​ទាំងអស់​នោះ​ក៏​ភ្ញាក់ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន​។

8 ពួក​ស្ត្រី​ល្ងង់​ក៏​និយាយ​នឹង​ពួក​ស្ត្រី​មានប្រាជ្ញា​ថា​: ‘សូម​ចែក​ប្រេង​ខ្លះ​ឲ្យ​ពួកយើង​ផង ពីព្រោះ​ចង្កៀង​របស់ពួកយើង​ជិត​រលត់​ហើយ’។

9 “ប៉ុន្តែ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​តប​ថា​: ‘អត់បានទេ វា​អត់​គ្រាន់​សម្រាប់​ពួកយើង និង​ពួកអ្នក​ទាល់តែសោះ​។ ចូរ​ទៅរក​អ្នកលក់ ហើយ​ទិញ​សម្រាប់​ខ្លួនអ្នក​វិញ​ទៅ’។

10 “ខណៈដែល​ពួកនាង​កំពុង​ចេញទៅ​ទិញ កូនកំលោះ​ក៏​មក​ដល់​។ ស្ត្រីៗ​ដែល​ត្រៀមជាស្រេច​ក៏​ចូលទៅ​ក្នុង​ពិធីមង្គលការ​ជាមួយ​កូនកំលោះ រួច​គេ​ក៏​បិទ​ទ្វារ​។

11 “ក្រោយមក ស្ត្រីព្រហ្មចារី​ឯទៀត​ក៏​មកដល់​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោកម្ចាស់​អើយ​! សូម​បើក​ទ្វារ​ឲ្យ​យើងខ្ញុំ​ផង​!’។

12 “ប៉ុន្តែ​កូនកំលោះ​តប​ថា​: ‘ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិន​ស្គាល់​អ្នករាល់គ្នា​ទេ’។

13 “ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថ្ងៃ ឬម៉ោង នោះ​ទេ​។

ពាក្យឧបមាអំពីឋាឡាន់

14 “អាណាចក្រស្ថានសួគ៌​គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ដែល​ហៅ​ពួក​បាវបម្រើ​របស់ខ្លួន​មក ហើយ​ប្រគល់​អ្វីៗដែល​លោក​មាន​ដល់​ពួកគេ​។

15 លោក​ប្រគល់​ប្រាំ​ឋាឡាន់ដល់​ម្នាក់ ពីរ​ឋាឡាន់​ដល់​ម្នាក់ទៀត ហើយ​មួយ​ឋាឡាន់​ដល់​ម្នាក់ទៀត តាម​សមត្ថភាព​របស់គេ​រៀង​ៗខ្លួន រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។

16 អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​នោះ ក៏​ចេញទៅ​ធ្វើជំនួញ​ជាមួយនឹង​ប្រាក់ទាំងនោះ​ភ្លាម ហើយ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត​។

17 អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ដូចគ្នាដែរ គឺ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​។

18 ប៉ុន្តែ​អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ទៅ​ជីក​ដី ហើយ​លាក់ទុក​លុយ​របស់​ចៅហ្វាយ​គាត់​។

19 “លុះយូរក្រោយមក ចៅហ្វាយ​របស់​បាវបម្រើ​ទាំងនោះ​ក៏​ត្រឡប់មកវិញ ហើយ​គិត​បញ្ជី​នឹង​ពួកគេ​។

20 អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​ក៏​យក​ប្រាំ​ឋាឡាន់​ផ្សេងទៀត ហើយ​ចូលមកជិត​លោក និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ប្រាំ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត’។

21 “ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ​!’។

22 “អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ពីរ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត’។

23 “ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ!’។

24 “អ្នក​ដែល​ទទួល​មួយ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង ជា​អ្នក​ដែល​ច្រូត​ពី​កន្លែងដែល​លោក​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​លោក​មិន​បាន​ពង្រាយ​។

25 ខ្ញុំ​ខ្លាច ក៏​ទៅ​លាក់ទុក​មួយ​ឋាឡាន់​របស់លោក​នៅក្នុង​ដី​។ មើល៍! នេះ​ជា​ប្រាក់​របស់លោក’។

26 “ចៅហ្វាយ​ក៏​តប​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់ និង​ខ្ជិលច្រអូស​អើយ​! អ្នក​បាន​ដឹង​ថា​យើង​ច្រូត​ពី​កន្លែងដែល​យើង​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​ពី​កន្លែងដែល​យើង​មិន​បាន​ពង្រាយ​ឬ​?

27 បើដូច្នេះ អ្នក​គួរតែ​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់​របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង’។

28 “‘ដូច្នេះ ចូរ​ដកយក​មួយ​ឋាឡាន់​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​ឋាឡាន់​នោះ​ទៅ​;

29 ដ្បិត​អស់អ្នក​ដែល​មាន នឹង​ប្រទានឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នក​ដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។

30 ចូរ​បោះ​បាវបម្រើ​ឥតប្រយោជន៍​នេះ​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ’។

ចៀម និងពពែ

31 “នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។

32 ប្រជាជាតិ​ទាំងអស់​នឹង​ត្រូវបាន​ប្រមូលមក​នៅមុខ​លោក ហើយ​លោក​នឹង​ញែក​ពួកគេ​ចេញពី​គ្នា ដូចដែល​អ្នកគង្វាល​ញែក​ចៀម​ចេញពី​ពពែ​។

33 លោក​នឹង​ដាក់​ចៀម​នៅ​ខាងស្ដាំ​លោក រីឯ​ពពែ​វិញ លោក​នឹង​ដាក់​នៅ​ខាងឆ្វេង​។

34 ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!

35 ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​ឲ្យ​យើង​ហូប​; កាល​យើង​ស្រេក អ្នករាល់គ្នា​ឲ្យ​យើង​ផឹក​; កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​ទទួល​យើង​;

36 កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​ស្លៀកពាក់​ឲ្យ​យើង​;​ កាល​យើង​មានជំងឺ អ្នករាល់គ្នា​មើលថែ​យើង​; ហើយ​កាល​យើង​ជាប់​គុក អ្នករាល់គ្នា​មកសួរសុខទុក្ខ​យើង’។

37 “ពេលនោះ បណ្ដា​មនុស្ស​សុចរិត​នឹង​ទូល​តប​ថា​: ‘ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​ឲ្យ​ព្រះអង្គ​ហូប​ពីអង្កាល់ ‍ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​ឲ្យ​ព្រះអង្គ​ផឹក​ពីអង្កាល់​?

38 តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ជា​ជនមិនស្គាល់ ហើយ​ទទួល​ព្រះអង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះអង្គ​នៅ​ខ្លួនទទេ ហើយ​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ពីអង្កាល់​?

39 តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​មានជំងឺ ឬ​ជាប់គុក ហើយ​ទៅសួរសុខទុក្ខ​ព្រះអង្គ​ពីអង្កាល់​?’។

40 “ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។

41 បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!

42 ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​មិន​ឲ្យ​យើង​ហូប​; កាល​យើង​ស្រេក អ្នករាល់គ្នា​មិន​ឲ្យ​យើង​ផឹក​;

43 កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​មិន​ទទួល​យើង​; កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​មិន​ស្លៀកពាក់​ឲ្យ​យើង​; ហើយ​កាល​យើង​ឈឺ និង​ជាប់គុក អ្នករាល់គ្នា​មិន​មើលថែ​យើង​ទេ’។

44 “ពេលនោះ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​: ‘ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ឃ្លាន ឬ​ស្រេក ឬ​ជា​ជនមិនស្គាល់ ឬ​នៅ​ខ្លួនទទេ ឬ​ឈឺ ឬ​ជាប់គុក ហើយ​មិន​បាន​បម្រើ​ព្រះអង្គ​ពីអង្កាល់​?’។

45 “ពេលនោះ ព្រះអង្គ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដល់​ម្នាក់​ក្នុងចំណោម​អ្នក​តូចបំផុត​ទាំងនេះ អ្នករាល់គ្នា​ក៏មិន​បាន​ធ្វើ​ដល់​យើង​ដែរ’។

46 “អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative