មេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ី1 មានពួកផារិស៊ី និងពួកសាឌូស៊ីចូលមកជិត ល្បងលព្រះយេស៊ូវដោយសុំព្រះអង្គឲ្យបង្ហាញទីសម្គាល់មួយពីលើមេឃដល់ពួកគេ។ 2 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ដល់ពេលល្ងាច អ្នករាល់គ្នានិយាយថា: ‘អាកាសធាតុនឹងល្អ ពីព្រោះមេឃក្រហម’; 3 ហើយពេលព្រឹកព្រលឹម អ្នករាល់គ្នាក៏ថា: ‘ថ្ងៃនេះអាកាសធាតុនឹងអាប់អួ ពីព្រោះមេឃក្រហមទាំងខ្មៅងងឹត’។អ្នករាល់គ្នាចេះវិភាគសណ្ឋាននៃមេឃមែន ប៉ុន្តែមិនចេះវិភាគទីសម្គាល់នៃសម័យកាលសោះ។ 4 ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាសប៉ុណ្ណោះ”។ រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។ 5 នៅពេលពួកសិស្សមកដល់ត្រើយម្ខាង ពួកគេភ្លេចយកនំប៉័ងមក។ 6 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីចុះ”។ 7 ពួកសិស្សក៏ជជែកគ្នាថា៖ “នេះគឺដោយសារយើងមិនបានយកនំប៉័ងមក”។ 8 ព្រះយេស៊ូវបានជ្រាប ក៏មានបន្ទូលថា៖“មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាជជែកគ្នាថាមិនបានយកនំប៉័ងមកដូច្នេះ? 9 តើអ្នករាល់គ្នាមិនទាន់យល់ទេឬ? តើអ្នករាល់គ្នាមិនចាំទេឬថា នំប៉័ងប្រាំដែលឲ្យប្រាំពាន់នាក់នោះ ប្រមូលបានប៉ុន្មានកន្ត្រក? 10 ហើយក៏មិនចាំទេឬថា នំប៉័ងប្រាំពីរដែលឲ្យបួនពាន់នាក់នោះ ប្រមូលបានប៉ុន្មានកញ្ឆេ? 11 ម្ដេចក៏អ្នករាល់គ្នាមិនយល់ថាខ្ញុំបាននិយាយនឹងអ្នករាល់គ្នាមិនមែនអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ?”។ 12 ពេលនោះទើបពួកគេយល់ថា ព្រះអង្គមានបន្ទូលមិនមែនឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅនំប៉័ងនោះទេ គឺឲ្យប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។ ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ13 នៅពេលយាងមកដល់តំបន់សេសារា-ភីលីព ព្រះយេស៊ូវមានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖“តើគេនិយាយថាកូនមនុស្សជានរណា?”។ 14 ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាយេរេមា ឬក៏ជាម្នាក់ក្នុងបណ្ដាព្យាការី”។ 15 ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ 16 ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។ 17 ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។ 18 ខ្ញុំប្រាប់អ្នកទៀតថា អ្នកគឺពេត្រុស ខ្ញុំនឹងសាងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារនៃស្ថានមនុស្សស្លាប់នឹងមិនឈ្នះក្រុមជំនុំនេះឡើយ។ 19 ខ្ញុំនឹងឲ្យកូនសោនៃអាណាចក្រស្ថានសួគ៌ដល់អ្នក។ អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ”។ 20 បន្ទាប់មក ព្រះយេស៊ូវក៏ហាមពួកសិស្សមិនឲ្យប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។ ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ21 តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។ 22 ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គថា៖ “គ្មានផ្លូវទេ ព្រះអម្ចាស់អើយ! ការនេះនឹងមិនកើតឡើងដល់ព្រះអង្គសោះឡើយ”។ 23 ប៉ុន្តែព្រះអង្គទ្រង់ងាកមក មានបន្ទូលនឹងពេត្រុសថា៖“សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! អ្នកជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ខ្ញុំ ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។ លីឈើឆ្កាងរបស់ខ្លួន24 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។ 25 ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។ 26 ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន? 27 ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។ 28 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញកូនមនុស្សមកជាមួយអាណាចក្ររបស់លោក”៕ |