ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាកុស 10 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាកុស 10

សំណួរអំពីការលែងលះ

1 បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ពីទីនោះ ហើយ​យាងទៅ​ស្រុក​យូឌា និង​ត្រើយម្ខាង​ទន្លេយ័រដាន់​។ ហ្វូងមនុស្ស​មក​ជុំគ្នា​នៅ​ឯ​ព្រះអង្គ​សាជាថ្មី ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​ម្ដងទៀត​ដូច​សព្វដង​។

2 មាន​ពួកផារិស៊ី​ចូលមកជិត ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរថា​៖ “តើ​ការដែល​ប្ដី​លែង​ប្រពន្ធ ត្រូវច្បាប់​ឬទេ​?”។

3 ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“តើ​ម៉ូសេ​បាន​បង្គាប់​អ្វី​ដល់​អ្នករាល់គ្នា​?”។

4 ពួកគេ​ទូលថា​៖ “ម៉ូសេ​បាន​អនុញ្ញាតឲ្យ​ប្ដី​សរសេរ​លិខិតលែងលះ ហើយ​លែង​ប្រពន្ធ​បាន”។

5 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ម៉ូសេ​បាន​សរសេរ​បទបញ្ជា​នេះ​សម្រាប់​អ្នករាល់គ្នា ដោយសារតែ​ភាពរឹងរូស​នៃចិត្ត​របស់អ្នករាល់គ្នា​។

6 ប៉ុន្តែ​តាំងពី​ដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក‘ព្រះបាន​បង្កើត​មនុស្សជា​ប្រុស ជា​ស្រី’

7 ‘ហេតុនេះហើយ​បាន​ជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន

8 រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ’។ ពួកគេ​លែង​ជា​ពីរ​នាក់​ទៀត​ហើយ គឺ​ជា​រូបកាយ​មួយ​វិញ​។

9 ដូច្នេះ កុំឲ្យ​មនុស្ស​បំបែក​អ្វីដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ”។

10 ពេល​នៅក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដងទៀត​អំពី​ការនេះ​។

11 ព្រះអង្គ​ក៏​មានបន្ទូលថា​៖“អ្នកណាក៏ដោយដែល​លែង​ប្រពន្ធ​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត អ្នកនោះ​កំពុង​ផិតក្បត់​នឹង​ប្រពន្ធ​ហើយ​។

12 ប្រសិនបើ​ស្ត្រី​លែង​ប្ដី​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​បុរស​ម្នាក់ទៀត នាង​ក៏​កំពុង​ផិតក្បត់​ដែរ”។

ប្រទានពរក្មេងៗ

13 មាន​គេ​នាំ​ក្មេង​ៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ពាល់​ពួកវា​។ ប៉ុន្តែ​ពួក​សិស្ស​ស្ដីឲ្យ​អ្នកទាំងនោះ​។

14 នៅពេល​ទត​ឃើញ​ដូច្នេះ ព្រះយេស៊ូវ​ក៏​ទាស់ព្រះទ័យ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ឲ្យ​ក្មេង​ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។

15 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ដូច​ក្មេង​ទទួល​ទេ អ្នកនោះ​នឹង​ចូលទៅ​ក្នុង​អាណាចក្រនោះ​មិនបានសោះឡើយ”។

16 បន្ទាប់មក ព្រះអង្គ​ក៏​លើក​ពួកវា​ព ហើយ​ប្រទានពរ​ដោយ​ដាក់​ព្រះហស្ត​លើ​ពួកវា​។

បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាន

17 នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញទៅ​តាមផ្លូវ មាន​បុរស​ម្នាក់​រត់មក ហើយ​លុតជង្គង់​នៅមុខ​ព្រះអង្គ ទូល​សួរថា​៖ “លោកគ្រូ​ដ៏ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។

18 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ហេតុអ្វីបានជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​? ក្រៅពី​ព្រះ​មួយអង្គ គ្មានអ្នកណា​ល្អ​ឡើយ​។

19 អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​: ‘កុំ​សម្លាប់មនុស្ស កុំ​ផិតក្បត់ កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ កុំ​កេងបន្លំ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ ”។

20 បុរសនោះ​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​តាំងពី​ក្មេង​មកម្ល៉េះ”។

21 ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ក៏​ស្រឡាញ់​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួចមក​តាម​ខ្ញុំ​ចុះ”។

22 ប៉ុន្តែ​បុរសនោះ​បែរជា​ស្រងូតស្រងាត់​ដោយ​ព្រះបន្ទូល​នេះ ហើយ​ចាកចេញទៅ​ទាំង​ពិបាកចិត្ត ពីព្រោះ​គាត់​មាន​ទ្រព្យសម្បត្តិ​ជាច្រើន​។

ទ្រព្យសម្បត្តិ និងស្ថានសួគ៌

23 ព្រះយេស៊ូវ​ទត​មើលជុំវិញ ហើយ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖“អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​!”។

24 ពួក​សិស្ស​ក៏​ភ្ញាក់ផ្អើល​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“កូន​រាល់គ្នា​អើយ ការចូល​ក្នុង​អាណាចក្រ​របស់​ព្រះ ពិបាក​ណាស់ហ្ន៎​!

25 សត្វអូដ្ឋ​ចូល​តាម​គូទម្ជុល ងាយជាង​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​!”។

26 ពួកសិស្ស​ភ្ញាក់ផ្អើល​កាន់តែខ្លាំង ទាំង​និយាយ​គ្នា​ថា៖ “បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?”។

27 ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“សម្រាប់មនុស្ស​ធ្វើ​មិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ​មិនមែន​ដូច្នេះ​ឡើយ ដ្បិត​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។

28 ពេត្រុស​ចាប់ផ្ដើម​ទូល​ព្រះអង្គ​ថា​៖ “មើល៍! យើងខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំងអស់ មកតាម​លោកហើយ​!”។

29 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ម្ដាយ ឬ​ឪពុក​ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​ខ្ញុំ និង​ដោយសារតែ​ដំណឹងល្អ

30 ហើយ​មិន​ទទួលបាន​មួយជាមួយរយ​ឥឡូវនេះ គឺ​ផ្ទះសម្បែង បងប្អូនប្រុស បងប្អូនស្រី ម្ដាយ កូន និង​ស្រែចម្ការ ជាមួយនឹង​ការបៀតបៀន​នៅ​លោកបច្ចុប្បន្ន ហើយ​មិន​ទទួល​បាន​ជីវិតអស់កល្បជានិច្ច​នៅ​លោកខាងមុខ​នោះ​ឡើយ​។

31 យ៉ាងណាមិញ មនុស្ស​មុនគេ​ជាច្រើន​នឹង​ត្រឡប់ជា​ក្រោយគេ រីឯ​មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ​វិញ”។

ប្រាប់ជាមុនជាលើកទីបីអំពីការសុគត

32 ពេល​នៅតាមផ្លូវ​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​យាងមុខ​ពួកគេ ពួកសិស្ស​ក៏​ភ្ញាក់ផ្អើល រីឯ​ពួក​អ្នក​ដែល​ដើរតាម​ក៏​ភ័យខ្លាច​។ ព្រះអង្គ​ទ្រង់​នាំ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក​ម្ដងទៀត ហើយ​ចាប់ផ្ដើម​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​រៀបនឹង​កើតឡើង​ដល់​ព្រះអង្គ

33 ថា​៖“មើល៍! យើង​នឹង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក ព្រមទាំង​ប្រគល់​លោក​ទៅ​សាសន៍ដទៃ​ផង​។

34 ពួកសាសន៍ដទៃនោះ​នឹង​ចំអក​ឡកឡឺយ​ដាក់​លោក ស្ដោះ​ទឹកមាត់​ដាក់​លោក វាយ​លោក​នឹងខ្សែតី ហើយ​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទី​បីលោក​នឹង​រស់ឡើងវិញ”។

ការរងទុក្ខ និងការបម្រើ

35 ពេលនោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​របស់​សេបេដេ​បាន​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ចង់សុំ​ឲ្យ​លោក​ធ្វើ​សម្រាប់​យើងខ្ញុំ នូវ​អ្វីក៏ដោយដែល​យើងខ្ញុំ​សុំ”។

36 ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា៖“តើ​អ្នកទាំងពីរ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​ពួកអ្នក​?”។

37 ពួកគេ​ទូលថា​៖ “សូម​ព្រមឲ្យ​យើងខ្ញុំ​បាន​អង្គុយ​នៅក្នុង​សិរីរុងរឿង​របស់លោក​ផង គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក”។

38 ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ឬ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬទេ​?”។

39 ពួកគេ​ទូល​ឆ្លើយថា​៖ “យើងខ្ញុំ​អាច​ទទួល​បាន”។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន

40 ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ត្រូវបាន​រៀបចំ​ទុក​ឲ្យ​វិញ”។

41 នៅពេល​បាន​ឮ​ដូច្នេះ សាវ័ក​ដប់​នាក់​ក៏​ចាប់ផ្ដើម​ទើសចិត្ត​នឹង​យ៉ាកុប និង​យ៉ូហាន​។

42 ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពួក​ដែល​រាប់ជា​មេ​គ្រប់គ្រង​របស់​សាសន៍ដទៃ ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​អ្នកធំ​របស់​ពួកគេ​ក៏​ប្រើអំណាច​លើ​ពួកគេ​ដែរ​។

43 ប៉ុន្តែ​ក្នុងចំណោម​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​អ្នកធំ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា​;

44 អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មេ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​បាវបម្រើ​របស់​អ្នក​ទាំងអស់គ្នា​។

45 ជាការពិត សូម្បីតែ​កូនមនុស្ស​ក៏​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។

ប្រោសបុរសខ្វាក់ភ្នែកឲ្យជានៅយេរីខូរ

46 ពួកគេ​បាន​មកដល់​យេរីខូរ​។ ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចាកចេញពី​យេរីខូរ​ជាមួយ​ពួក​សិស្ស និង​ហ្វូងមនុស្ស​មួយក្រុម​ធំ មាន​អ្នកសុំទាន​ខ្វាក់ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ​ជា​កូន​របស់​ទីមេ កំពុង​អង្គុយ​នៅក្បែរ​ផ្លូវ​។

47 នៅពេល​ឮ​ថា​ជា​ព្រះយេស៊ូវ​អ្នកណាសារ៉ែត គាត់​ក៏​ចាប់ផ្ដើម​ស្រែកឡើង​ថា៖ “ព្រះយេស៊ូវ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង!”។

48 មនុស្ស​ជាច្រើន​ស្ដីឲ្យ​គាត់​នៅស្ងៀម ប៉ុន្តែ​គាត់​ស្រែក​កាន់តែខ្លាំងឡើង​ថា៖ “បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង​!”។

49 ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​មានបន្ទូលថា​៖“ចូរ​ហៅ​គាត់​មក”។ គេ​ក៏​ហៅ​បុរស​ខ្វាក់ភ្នែក​នោះ​ដោយ​និយាយថា​៖ “ចូរ​មានទឹកចិត្តឡើង! ក្រោកឈរ​មក លោក​ហៅ​អ្នក”។

50 បុរសនោះ​ក៏​បោះ​អាវវែង​របស់​គាត់​ចោល ស្ទុះក្រោកឡើង ទៅរក​ព្រះយេស៊ូវ​។

51 ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា​៖“តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក​?”។ បុរស​ខ្វាក់ភ្នែក​នោះ​ទូលថា​៖ “រ៉ាបូនី​! សូម​ឲ្យ​ខ្ញុំ​មើលឃើញ​វិញ​ផង”។

52 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ទៅ​ចុះ​! ជំនឿ​របស់អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”។ រំពេចនោះ គាត់​ក៏​មើលឃើញវិញ ហើយ​ដើរតាម​ព្រះអង្គ​នៅ​តាមផ្លូវ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative