ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 98 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 98

ច្រៀងសរសើរតម្កើងព្រះមហាក្សត្រ
បទតម្កើង​មួយ​។

1 ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ពីព្រោះ​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​; ព្រះហស្តស្ដាំ និង​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​សម្រាប់​ព្រះអង្គ​។

2 ព្រះយេហូវ៉ា​បាន​សម្ដែង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ព្រះអង្គ​បាន​បើកបង្ហាញ​សេចក្ដីសុចរិត​របស់ព្រះអង្គ នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​នានា​។

3 ព្រះអង្គ​បាន​នឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។

4 ផែនដី​ទាំងមូល​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ ចូរ​ច្រៀងសរសើរតម្កើង​!

5 ចូរ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​ដោយ​ពិណហាប គឺ​ដោយ​ពិណហាប និង​សូរ​ទំនុកភ្លេង​។

6 ចូរ​ស្រែកហ៊ោសប្បាយ​នៅចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ ដោយ​ត្រែ និង​សូរ​ស្នែង​!

7 ចូរឲ្យ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​ពិភពលោក និង​អ្នកដែល​រស់នៅ​ក្នុង​វា គ្រហឹមឡើង​!

8 ចូរឲ្យ​ទន្លេ​នានា​ទះ​ដៃ ចូរឲ្យ​ភ្នំ​ទាំងឡាយ​ច្រៀងដោយអំណរ​ជាមួយគ្នា​នៅចំពោះ​ព្រះយេហូវ៉ា​!

9 ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ក៏​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីទៀងត្រង់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative