ប្រាថ្នាចង់រស់នៅក្នុងដំណាក់របស់ព្រះបទតម្កើងរបស់កូនចៅកូរ៉ា សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងគីធីត ។ 1 ព្រះយេហូវ៉ានៃពលបរិវារអើយ ដំណាក់របស់ព្រះអង្គគួរឲ្យស្រឡាញ់យ៉ាងណាហ្ន៎! 2 ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយអន្ទះអន្ទែងចិត្តចំពោះទីធ្លារបស់ព្រះយេហូវ៉ា; ចិត្ត និងសាច់ទូលបង្គំស្រែកហ៊ោសប្បាយទៅកាន់ព្រះដ៏មានព្រះជន្មរស់។ 3 ព្រះយេហូវ៉ានៃពលបរិវារអើយ ព្រះមហាក្សត្រនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! នៅក្បែរអាសនារបស់ព្រះអង្គ សូម្បីតែចាបក៏រកបានលំនៅ ហើយត្រចៀកកាំក៏រកបានសម្បុកសម្រាប់ខ្លួនវា ដែលវាដាក់កូនវាដែរ។ 4 មានពរហើយ អ្នកដែលរស់នៅក្នុងដំណាក់របស់ព្រះអង្គ! ពួកគេនឹងសរសើរតម្កើងព្រះអង្គជានិច្ច។ សេឡា 5 មានពរហើយ មនុស្សដែលកម្លាំងរបស់ខ្លួននៅក្នុងព្រះអង្គ ដែលមហាវិថីទៅកាន់ស៊ីយ៉ូននៅក្នុងចិត្តរបស់ខ្លួន! 6 កាលណាគេឆ្លងកាត់ជ្រលងភ្នំនៃសេចក្ដីយំសោក គេធ្វើឲ្យវាទៅជាប្រភពទឹក ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់វាដោយព្រះពរ។ 7 គេដើរទៅដោយមានកម្លាំងថែមលើកម្លាំង គេម្នាក់ៗនឹងលេចមកនៅចំពោះព្រះនៅស៊ីយ៉ូន។ 8 ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង! ព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង! សេឡា 9 ឱព្រះអើយ សូមចាប់អារម្មណ៍នឹងខែលរបស់យើងខ្ញុំផង សូមទតមើលមុខអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គផង! 10 ជាការពិត មួយថ្ងៃនៅក្នុងទីធ្លារបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត; ទូលបង្គំស៊ូធ្វើជាអ្នកយាមទ្វារនៅដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងរោងរបស់មនុស្សអាក្រក់។ 11 ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។ 12 ព្រះយេហូវ៉ានៃពលបរិវារអើយ មនុស្សដែលជឿទុកចិត្តលើព្រះអង្គ មានពរហើយ!៕ |