Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 83 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីអធិស្ឋានទាស់នឹងសត្រូវ
ចម្រៀង​មួយ ជា​បទតម្កើង​របស់​អេសាភ​។

1 ឱ​ព្រះ​អើយ សូម​កុំ​នៅស្ងាត់​ឡើយ​! ឱ​ព្រះ​អើយ សូម​កុំ​រក្សាភាពស្ងៀមស្ងាត់ ក៏​កុំ​នៅស្ងៀម​ឡើយ​!

2 មើល៍! ខ្មាំងសត្រូវ​របស់ព្រះអង្គ​ជ្រួលឡើង ហើយ​អ្នកដែល​ស្អប់​ព្រះអង្គ​បាន​ងើប​ក្បាល​ឡើង​!

3 ពួកគេ​ឃុបឃិតគ្នារកឧបាយកល​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រឹក្សា​គ្នា​ទាស់នឹង​អ្នកដែល​ព្រះអង្គ​រក្សាទុក​។

4 ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​បំផ្លាញជីវិត​ពួកគេ​ចេញពី​ប្រជាជាតិ ដើម្បី​កុំឲ្យ​ឈ្មោះ​របស់​អ៊ីស្រាអែល​ត្រូវបាន​នឹកចាំ​ទៀត​ឡើយ”។

5 ដ្បិត​ពួកគេ​ប្រឹក្សា​យោបល់​គ្នា ពួកគេ​តាំង​សម្ពន្ធមេត្រី​ទាស់នឹង​ព្រះអង្គ

6 ពួកគេគឺ រោង​របស់​អេដំ អ៊ីសម៉ាអែល ម៉ូអាប់ និង​ពួកហាការ

7 កេបាល អាំម៉ូន និង​អាម៉ាលេក ព្រមទាំង​ភីលីស្ទីន ជាមួយ​អ្នកដែល​រស់នៅ​ទីរ៉ុស​។

8 សូម្បីតែ​អាស្ស៊ីរី​ក៏​បាន​ចូលរួម​ជាមួយ​ពួកគេ​ដែរ ហើយ​ចូលដៃ​ជាមួយ​កូនចៅ​ឡុត​។ សេឡា

9 សូម​ប្រព្រឹត្ត​ដល់​ពួកគេ ដូចដែល​ប្រព្រឹត្ត​ដល់​ម៉ាឌាន ដូចដែល​ប្រព្រឹត្ត​ដល់​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន​——

10 ពួកគេ​ត្រូវបាន​បំផ្លាញ​នៅ​អេន-ដោរ ពួកគេ​បាន​ទៅជា​ជី​សម្រាប់​ដី​។

11 សូម​ធ្វើឲ្យ​ពួក​អភិជន​របស់ពួកគេ​បាន​ដូចជា​អូរិប និង​សៀប ហើយ​ឲ្យ​ពួក​ព្រះអង្គម្ចាស់​ទាំងអស់​របស់ពួកគេ បាន​ដូចជា​សេបាស និង​សាលមូណា

12 ជា​អ្នកដែល​និយាយថា​៖ “យើង​នាំគ្នា​យក​វាលស្មៅ​របស់​ព្រះ​ជាមរតក​សម្រាប់​ខ្លួនយើង​ទៅ​!”។

13 ព្រះ​នៃទូលបង្គំ​អើយ សូម​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ធូលីដីដែលត្រូវខ្យល់កួច និង​ដូចជា​ចំបើង​នៅចំពោះ​ខ្យល់​ទៅ​!

14 ដូចដែល​ភ្លើង​ឆេះ​ព្រៃ និង​ដូចដែល​អណ្ដាតភ្លើង​បញ្ឆេះ​ភ្នំ​នានា​យ៉ាងណា

15 សូម​ដេញតាម​ពួកគេ​ដោយ​ព្យុះសង្ឃរា​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​តក់ស្លុត​ដោយ​ខ្យល់កួច​របស់ព្រះអង្គ​យ៉ាងនោះដែរ​។

16 ព្រះយេហូវ៉ា​អើយ សូម​បំពេញ​មុខ​របស់ពួកគេ​ដោយ​សេចក្ដីអាម៉ាស់ ដើម្បីឲ្យ​ពួកគេ​ស្វែងរក​ព្រះនាម​របស់ព្រះអង្គ​!

17 សូមឲ្យ​ពួកគេ​អាម៉ាស់មុខ ហើយ​តក់ស្លុត​ជារៀងរហូត សូមឲ្យ​ពួកគេ​ទទួលការអាប់យស ហើយ​វិនាស​ទៅ

18 ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ព្រះអង្គ​តែមួយប៉ុណ្ណោះ ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏ខ្ពស់បំផុត​នៅលើ​ផែនដី​ទាំងមូល​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម