ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 60 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 60

សេចក្ដីអធិស្ឋានក្នុងគ្រាលំបាក
មីកតាំ ​របស់​ដាវីឌ​ដើម្បី​បង្រៀន សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​ផ្កាលីលី​នៃ​សេចក្ដីបន្ទាល់ កាល​ដាវីឌ​ច្បាំង​នឹង​អើរ៉ាម-ណាហារេម និង​អើរ៉ាម-សូបា ពេល​យ៉ូអាប់​ត្រឡប់មកវិញ ហើយ​វាយសម្លាប់​ជនជាតិអេដំ​មួយម៉ឺនពីរពាន់​នាក់​នៅ​ជ្រលងភ្នំអំបិល​។

1 ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ព្រះអង្គ​បាន​កម្ទេច​យើងខ្ញុំ ព្រះអង្គ​បាន​ក្រេវក្រោធ​; សូម​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​បានដូចដើមវិញ​ផង​។

2 ព្រះអង្គ​បាន​ធ្វើឲ្យ​ផែនដី​រញ្ជួយ ទាំង​ហែក​វា​; សូម​ព្រះអង្គ​ប្រោស​កន្លែងធ្លុះធ្លាយ​របស់វា​ឲ្យជា​ផង ដ្បិត​វា​បាន​រង្គើ​ហើយ​។

3 ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ឃើញ​ការ​លំបាក ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ផឹក​ស្រា​នៃ​សេចក្ដីងេកងោក​។

4 ព្រះអង្គ​បាន​ដាក់​ទង់ជ័យ​មួយ​សម្រាប់​អ្នកដែល​កោតខ្លាច​ព្រះអង្គ ដើម្បីឲ្យ​គេ​បាន​រត់គេច​ពីមុខ​ព្រួញ​ទៅទីនោះ​។ សេឡា

5 សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​យើងខ្ញុំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។

6 ព្រះ​មានបន្ទូល​ពី​ទីវិសុទ្ធ​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​បែងចែក​ស៊ីគែម​ដោយ​លោតកញ្ឆេង ហើយ​វាស់​ជ្រលងភ្នំ​ស៊ូកូថ​។

7 កាឡាត​ជារបស់​យើង ម៉ាណាសេ​ក៏​ជារបស់​យើង​ដែរ រីឯ​អេប្រាអិម​ជា​មួកសឹក​របស់យើង យូដា​ជា​ដំបងរាជ្យ​របស់យើង​។

8 ម៉ូអាប់​ជា​អាងលាងសម្អាត​របស់យើង​; យើង​នឹង​បោះ​ស្បែកជើង​របស់យើង​ទៅលើ​អេដំ ក៏​ស្រែកដោយមានជ័យជម្នះ​លើ​ភីលីស្ទីន”។

9 តើ​នរណា​នឹង​នាំ​ខ្ញុំ​ចូល​ក្នុង​ទីក្រុង​មាំមួន​? តើ​នរណា​នឹង​នាំផ្លូវ​ខ្ញុំ​ទៅ​អេដំ​?

10 ឱ​ព្រះ​អើយ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​បោះបង់​យើងខ្ញុំ​ចោល​? ឱ​ព្រះ​អើយ ព្រះអង្គ​ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។

11 សូម​ប្រទាន​ជំនួយ​ដល់​យើងខ្ញុំ​ទាស់នឹង​បច្ចាមិត្ត​ផង ដ្បិត​ការសង្គ្រោះ​ពី​មនុស្ស​ជា​សេចក្ដីឥតប្រយោជន៍​។

12 នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative