ការនិម្មិតបង្កើត និងក្រឹត្យវិន័យរបស់ព្រះបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះ លំហអាកាសប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គ។ 2 មួយថ្ងៃទៅមួយថ្ងៃ វាបញ្ចេញវាចា មួយយប់ទៅមួយយប់ វាសម្ដែងចំណេះដឹង។ 3 គ្មានពាក្យសម្ដី គ្មានភាសា ហើយក៏មិនឮសំឡេងរបស់វាឡើយ 4 ប៉ុន្តែសូររបស់វាចេញទៅពាសពេញផែនដី ហើយពាក្យពេចន៍របស់វាចេញទៅដល់ចុងបំផុតនៃផែនដី។ នៅក្នុងវា ព្រះអង្គបានដាក់រោងសម្រាប់ព្រះអាទិត្យ 5 ដែលចេញមក ដូចកូនកំលោះចេញពីបន្ទប់របស់ខ្លួន ហើយរីករាយ ដូចមនុស្សខ្លាំងពូកែរត់តាមផ្លូវ។ 6 ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយចលនាជុំវិញរបស់វាទៅដល់ជើងមេឃម្ខាងទៀត គ្មានអ្វីលាក់បាំងពីកម្ដៅវាឡើយ។ 7 ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា 8 ច្បាប់តម្រារបស់ព្រះយេហូវ៉ាទៀងត្រង់ ធ្វើឲ្យចិត្តអរសប្បាយ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាបរិសុទ្ធ ទាំងបំភ្លឺភ្នែក។ 9 ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។ 10 សេចក្ដីទាំងនោះគួរឲ្យប្រាថ្នាជាងមាស គឺលើសជាងមាសសុទ្ធជាច្រើន ហើយផ្អែមជាងទឹកឃ្មុំ និងតំណក់ទឹកឃ្មុំពីផ្លិតឃ្មុំទៅទៀត។ 11 លើសពីនេះទៅទៀត បាវបម្រើរបស់ព្រះអង្គ ត្រូវបានដាស់តឿនតាមរយៈសេចក្ដីទាំងនេះ ហើយដែលកាន់តាមសេចក្ដីទាំងនេះមានរង្វាន់យ៉ាងធំ។ 12 តើនរណាអាចយល់ច្បាស់នូវកំហុសរបស់ខ្លួនបាន? សូមលើកលែងទោសទូលបង្គំពីកំហុសលាក់កំបាំងផង។ 13 សូមឃាត់បាវបម្រើរបស់ព្រះអង្គពីបាបឥតកោតក្រែងដែរ សូមកុំឲ្យវាគ្រប់គ្រងលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានគ្រប់លក្ខណ៍ ហើយបានរួចពីការបំពានដ៏ធំ។ 14 ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕ |