ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


កូឡុស 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
កូឡុស 2

1 ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំងយ៉ាងណា​ដើម្បី​អ្នករាល់គ្នា និង​អ្នក​ដែល​នៅ​ឡៅឌីសេ ព្រមទាំង​អស់អ្នកដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់

2 ដើម្បីឲ្យ​ចិត្ត​របស់​អ្នកទាំងនោះ​បាន​ទទួល​ការ​កម្សាន្ត ទាំង​ភ្ជាប់គ្នា​ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​អស់ទាំង​ភាពបរិបូរ​នៃ​ការជឿអស់ពីចិត្ត​ដែលមកពី​ការយល់ដឹង រហូតដល់​ការយល់ដឹងត្រឹមត្រូវ​អំពី​អាថ៌កំបាំង​របស់​ព្រះ គឺ​ព្រះ​គ្រីស្ទ​។

3 នៅក្នុង​ព្រះអង្គ មាន​លាក់ទុក​គ្រប់ទាំង​ទ្រព្យសម្បត្តិ​នៃ​ព្រះប្រាជ្ញាញាណ និង​ចំណេះដឹង​។

ប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនខុសឆ្គង

4 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យអ្នកណា​អាច​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យលួងលោម​ឡើយ​។

5 ដ្បិត​ទោះបីជា​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា​ខាងសាច់ឈាម​ក៏ដោយ ក៏​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ ព្រមទាំង​អរសប្បាយ​ដែល​ឃើញ​សណ្ដាប់ធ្នាប់ និង​ភាពមាំមួន​នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​។

6 ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ

7 គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។

8 ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។

9 ដ្បិត​នៅក្នុង​ព្រះគ្រីស្ទ គ្រប់ទាំង​ភាពពេញលេញ​នៃ​លក្ខណៈជាព្រះ ស្ថិតនៅ​ជាសណ្ឋានរូបកាយ

10 ហើយ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ក្នុង​ព្រះអង្គ​ដែល​ជា​មេដឹកនាំ​លើ​អស់ទាំង​អំណាចគ្រប់គ្រង និង​សិទ្ធិអំណាច​។

11 នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​ដោយ​ពិធីកាត់ស្បែក​ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ ‍គឺ​ដោយ​ការដោះ​រូបកាយ​ខាងសាច់ឈាម​ចេញ​តាមរយៈ​ពិធីកាត់ស្បែក​របស់​ព្រះ​គ្រីស្ទ​។

12 ដោយ​អ្នករាល់គ្នា​ត្រូវបាន​បញ្ចុះជាមួយ​ព្រះគ្រីស្ទ​ក្នុង​ពិធីជ្រមុជទឹក អ្នករាល់គ្នា​ក៏​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ​ដែរ តាមរយៈ​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

13 នៅពេល​អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​ក្នុង​ការមិនបានកាត់ស្បែក​ខាងសាច់ឈាម ព្រះ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យរស់​ជាមួយ​ព្រះគ្រីស្ទ​។ ព្រះ​បាន​លើកលែងទោស​ឲ្យ​យើង​ចំពោះ​ការបំពាន​ទាំងអស់

14 ដោយ​លុបចោល​កំណត់ត្រាបំណុល​ដែល​ទាស់នឹង​យើង ក្នុង​បទបញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង​។ ព្រះ​បាន​ដក​វា​ចេញ ដោយ​យកទៅ​បោះដែកគោលភ្ជាប់​នឹង​ឈើឆ្កាង​។

15 ដោយ​ដកហូត​មេគ្រប់គ្រង និង​មេអំណាច​ចេញ ព្រះ​បាន​ធ្វើឲ្យ​ពួកគេ​អាម៉ាស់មុខ​ជា​សាធារណៈ គឺ​ព្រះអង្គ​មានជ័យជម្នះ​លើ​ពួកគេ​តាមរយៈ​ព្រះគ្រីស្ទ​។

16 ដូច្នេះ កុំឲ្យអ្នកណា​រិះគន់​អ្នករាល់គ្នា​អំពី​ការហូប ការផឹក ឬ​ក្នុង​រឿង​ពិធីបុណ្យ ថ្ងៃចូលខែ ឬ​ថ្ងៃសប្ប័ទ​ឡើយ​។

17 ការទាំងនេះ​ជា​ស្រមោល​នៃ​អ្វី​ដែល​រៀបនឹងមក ប៉ុន្តែ​រូបពិត​គឺជា​ព្រះ​គ្រីស្ទ​។

18 កុំឲ្យអ្នកណា​បញ្ឆោតយករង្វាន់​របស់​អ្នករាល់គ្នា​ឡើយ ដោយ​ចេះតែចូលចិត្ត​បន្ទាបខ្លួន ហើយ​ថ្វាយបង្គំ​ទូតសួគ៌ ទាំង​ចូលជ្រៅ​ក្នុងការស្រមើស្រមៃ​ដែល​ខ្លួន​បាន​ឃើញ ក៏​អួតបំប៉ោង​ក្នុង​គំនិត​ខាងសាច់ឈាម​របស់​ខ្លួន​ដោយ​គ្មានហេតុផល

19 ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។

20 ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ ឲ្យរួចពី​គោលការណ៍បឋម​របស់​ពិភពលោក​មែន ចុះម្ដេចក៏​អ្នករាល់គ្នា​ចុះចូលនឹងបទបញ្ញត្តិ​ដែលថា​:

21 “កុំ​ប៉ះ កុំ​ភ្លក់ កុំ​ពាល់” ហាក់ដូចជា​រស់នៅ​ក្នុង​លោកីយ៍​ដូច្នេះ​?

22 សេចក្ដីទាំងនេះ ដែល​ចេញមកពី​បទបញ្ញត្តិ និង​គោលលទ្ធិ​របស់​មនុស្ស សុទ្ធតែ​តម្រូវឲ្យ​សាបសូន្យ​ដោយ​ការប្រើប្រាស់​។

23 សេចក្ដីទាំងនេះ មើលទៅ​ដូចជា​មាន​ប្រាជ្ញា​តាមខាងក្រៅ ដោយ​សាសនាដែលបង្កើតដោយខ្លួនឯង ការចេះតែបន្ទាបខ្លួន និង​ការធ្វើបាប​រូបកាយ ប៉ុន្តែ​គ្មាន​តម្លៃ​អ្វី​តទល់នឹង​ការបំពេញចំណង់​របស់​សាច់ឈាម‍ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative