ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់។
សាស្តា 9:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ ព្រះគម្ពីរខ្មែរសាកល នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាការអាក្រក់មួយក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែមួយដដែល កើតដល់មនុស្សទាំងអស់ ចិត្តរបស់មនុស្សជាតិក៏ពេញដោយការអាក្រក់ ហើយក៏មានការចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាការអាក្រក់១ ក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែ១ដដែល កើតដល់មនុស្សទាំងអស់ អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្ដីអាក្រក់ ហើយក៏មានសេចក្ដីចំកួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់ អាល់គីតាប អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ |
ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់។
ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលម្អៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។
ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក នោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ! ហេតុនេះហើយបានជាខ្ញុំពោលថា “ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ ទាំងមនុស្សអាក្រក់”។
ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។
ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។
ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិត នៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ឥតស្ដាប់យើងឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។
ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។
ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្ដេចពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។
ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេកបានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។