ទំនុកតម្កើង 64 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះអម្ចាស់ដាក់ទោសមនុស្សពោលពាក្យទុច្ចរិត បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទំនួញ របស់ទូលបង្គំ! ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។ 2 សូមការពារទូលបង្គំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។ 3 គេប្រើពាក្យសម្ដី ដូចដាវដ៏មុត ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។ 4 ពួកគេលួចប្រហារមនុស្សទៀងត្រង់ គឺគេប្រហារមិនឲ្យដឹងខ្លួន ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។ 5 ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។ 6 គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! 7 ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។ 8 ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។ 9 មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ 10 សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់ ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies