១ របាក្សត្រ 6:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ នឹងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់លោកអើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម។ កូនរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ អាល់គីតាប កូនរបស់លោកអាំរ៉ាមមានហារូន ម៉ូសា និងម៉ារាម។ កូនរបស់ហារូនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ |
ឯកូនរបស់អាំរ៉ាម គឺអើរ៉ុន នឹងម៉ូសេ ហើយអើរ៉ុន នឹងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជាដរាបទៅ ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ជាដរាបទៅ
ឯហោរាម៉ារាម ជាបងស្រីរបស់អើរ៉ុន នាងក៏យកក្រាប់មកនៅដៃ ហើយបណ្តាស្ត្រីទាំងអស់គ្នាក៏ទៅតាមទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេងកញ្ឆាត់ផង
ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ
ទ្រង់ក៏មានបន្ទូលនឹងម៉ូសេថា ចូរឯង នឹងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ ឡើងមកឯព្រះយេហូវ៉ា ហើយឲ្យថ្វាយបង្គំពីចំងាយ
រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន នឹងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។
ឯអាំរ៉ាម គាត់យកយ៉ុកិបិត ជាម្តាយមីង ធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុននឹងម៉ូសេឲ្យគាត់ ឯអាំរ៉ាមគាត់មានអាយុរស់នៅបាន១៣៧ឆ្នាំ
ឯអើរ៉ុនលោកយកនាងអេលីសេបា ជាកូនអ័មីន៉ាដាប់ ហើយជាប្អូនណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារឲ្យលោក
ឯណាដាប នឹងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ
រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត
ម៉ូសេក៏ខំរកពពែដែលសំរាប់ជាដង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនឹងអ៊ីថាម៉ារ ជាកូនអើរ៉ុន ដែលនៅសល់ ហើយសួរថា
ដ្បិតអញបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបំរើ ហើយបានចាត់ម៉ូសេ អើរ៉ុន នឹងម៉ារាមឲ្យនាំមុខឯង