នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ
១ ធីម៉ូថេ 6:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអស់អ្នកទាំងប៉ុន្មាន ដែលនៅក្រោមនឹមជាបាវបំរើគេ នោះត្រូវរាប់ចៅហ្វាយខ្លួន ទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះ ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះ នឹងសេចក្ដីបង្រៀននេះឡើយ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវចាត់ទុកចៅហ្វាយរបស់ខ្លួនថាស័ក្ដិសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀន ត្រូវបានប្រមាថឡើយ។ Khmer Christian Bible ចូរឲ្យអស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើចាត់ទុកចៅហ្វាយខ្លួនថាជាអ្នកដែលស័ក្ដិសមទទួលកិត្ដិយសគ្រប់បែបយ៉ាង ដើម្បីកុំឲ្យគេប្រមាថព្រះនាម និងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវគោរពចៅហ្វាយរបស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀននេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។ អាល់គីតាប ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្ដិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់នាមនៃអុលឡោះ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។ |
នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ
រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
នោះអ័ប្រាហាំនិយាយទៅបាវ ជាអ្នកចាស់ជាងគេក្នុងផ្ទះ ដែលត្រួតត្រាលើរបស់ទ្រព្យទាំងអស់ថា ចូរឯងដាក់ដៃនៅក្រោមភ្លៅអញ
ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស នឹងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ
ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាសនឹងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ នឹងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។
តែពួកអ្នកបំរើលោកក៏អែបចូលជិត ជំរាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត
រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា នឹងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ នឹងសេចក្ដីសរសើរផង
អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក
អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា
ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង
ទ្រង់មានបន្ទូលទៅពួកសិស្សថា នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរវាតចិត្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង
គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ
កាលទេវតា ដែលនិយាយមកលោក បានចេញទៅបាត់ហើយ នោះលោកហៅអ្នកបំរើ២នាក់ នឹងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបំរើលោកឲ្យមក
ចុះហេតុអ្វីបានជាល្បងព្រះ ដោយបំពាក់នឹមនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកឰយុកោយើង ឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង
ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្ដីចែងទុកមកហើយ។
កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ
បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ
ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។
ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។
ព្រមទាំងមានបញ្ញាចិត្តជ្រះថ្លា ដើម្បីឲ្យពួកអ្នកដែលនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ បានអៀនខ្មាសវិញ ដោយព្រោះគេនិយាយបង្កាច់ពីកិរិយាល្អដែលអ្នករាល់គ្នាប្រព្រឹត្តក្នុងព្រះគ្រីស្ទ