1 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ 2 ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។ 3 យើងបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ដោយសំពត់ធ្មៃផង។ អ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវគេធ្វើបាប តែព្រះអង្គបានជួយសង្គ្រោះលោក4 ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។ 5 ព្រះអម្ចាស់យេហូវ៉ាបានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ។ 6 ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ។ 7 ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ 8 ព្រះដែលតាំងខ្ញុំជាសុចរិត ព្រះអង្គគង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត? ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលទំនាស់នឹងខ្ញុំ? ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ។ 9 មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងជួយខ្ញុំ តើអ្នកណានឹងពោលទោសខ្ញុំបាន? គេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។ 10 ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។ 11 រីឯអស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរអ្នករាល់គ្នាដើរក្នុងអណ្ដាតភ្លើងរបស់អ្នក ហើយកណ្ដាលកន្ទុយឧសដែលអ្នកបានបង្កាត់នោះចុះ អ្នកនឹងបានតែប៉ុណ្ណោះពីដៃយើង ហើយអ្នករាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។ |
© 2016 United Bible Societies
Bible Society in Cambodia