ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 20

ប្រសាសន៍​របស់​លោក​សូផារ៖ មនុស្ស​អាក្រក់ត្រូវ​ទទួល​ទោស

1 ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖

2 «គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ បណ្ដាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ។

3 ខ្ញុំ​បាន​ឮ​សេចក្ដី​បន្ទោស​នោះ ដែល​ជា​សេចក្ដី​ទំនាស់​ចិត្ត​ខ្ញុំ វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង​របស់​ខ្ញុំ ក៏​បណ្ដាល​ឲ្យ​ខ្ញុំ​ឆ្លើយ​ឡើង។

4 តើ​អ្នក​មិន​បាន​ដឹង​សេចក្ដី​នេះ​ទេ​ឬ ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះ​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី

5 នោះ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់ នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស ក៏​នៅ​តែ​មួយ​ភ្លែត​ដែរ។

6 ទោះ​បើ​គេ​មាន​កម្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ

7 គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌និច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា "តើ​គេ​នៅ​ឯ​ណា?"

8 គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​យល់​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ គេ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា ការ​ស្រមើ​ស្រមៃ​នៅ​ពេល​យប់។

9 នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ។

10 កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់ ទ្រព្យ‌សម្បត្តិ​ទៅ​វិញ។

11 ឆ្អឹង​គេ​ពេញ​កម្លាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា‌មួយ​ខ្លួន​គេ​ដែរ។

12 ទោះ​បើ​សេចក្ដី​អាក្រក់ មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្ដាត

13 ទោះ​បើ​លៃ​លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​ក៏​ដោយ

14 គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ ទៅ​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ។

15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​នឹង​កម្ចាត់​របស់​ទាំង​នោះ ចេញ​ពី​ពោះ​គេ។

16 គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់​ដោយ‌សារ​អណ្ដាត​ពស់​វែក

17 គេ​នឹង​លែង​ឃើញ​ទឹក​ទន្លេ ទឹក​ឃ្មុំ និង​ទឹក​ដោះ ហូរ​ដូច​ទឹក​ស្ទឹង​ទៀត​ហើយ។

18 អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នឹង​ត្រូវ​បាត់​ទៅ​វិញ ហើយ​ទំពា​លេប​មិន​បាន​ទេ កម្រៃ​ដែលបាន​ពី​មុខ​របរ​គេ នឹង​មិន​ធ្វើ​ឲ្យ​គេ​បាន​សប្បាយ​ចិត្ត​ឡើយ។

19 ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​មួយ ដែល​ខ្លួន​មិន​បាន​សង់​ផង។

20 មុខ​ជានឹង​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ចិត្ត​ទេ ហើយ​នឹង​ទុក​របស់​ដែល​គេ​ពេញ​ចិត្ត ឲ្យ​គង់​នៅ​មិន​បាន​ឡើយ។

21 គ្មាន​សល់​អ្វី​ដែល​គេ​មិន​បាន​ត្របាក់​លេប ចូល​ទៅ​នោះ​ទេ ហេតុ​នោះ សេចក្ដី​ចម្រើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

22 ក្នុង​កាល​ដែល​កំពុងតែ​បរិបូរ នោះ​គេ​នឹង​ត្រូវ​ខ្វះ​ខាត​វិញ អស់​អ្នក​ដែល​មាន​សេចក្ដី​លំបាក នឹង​មក​សង្កត់​លើ​គេ។

23 ព្រះ​នឹង​បោះ​សេចក្ដី​ក្រោធ​យ៉ាង​សហ័ស មក​ចម្អែត​ពោះ​គេ ហើយ​ទម្លាក់​សេចក្ដី​ក្រោធ​នោះ​មក​លើ​គេ ទុក​ជា​អាហារ។

24 គេ​នឹង​រត់​ចេញ​ពី​គ្រឿង​ដែក ហើយ​ធ្នូ​លង្ហិន​នឹង​បាញ់​ទម្លុះ​ខ្លួន។

25 គេ​នឹង​ដក​ព្រួញ​ចេញ​ពី​ខ្លួន​មក មុខ​ព្រួញ​ដែល​ភ្លឺ​ផ្លេក​នឹង​ចេញ​ពី​ពោះ​គេ​មក សេចក្ដី​តក់​ស្លុត​នឹង​កើត​មាន​ឡើង​ដល់​គេ។

26 អស់​ទាំង​សេចក្ដី​ងងឹត បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ បាន​ឆេះ​បំផ្លាញ​គេ ព្រម​ទាំង​បន្សុស​ទាំង​អស់ ដែល​នៅ​សល់​ក្នុង​ទី​លំនៅ​របស់​គេ។

27 ឯ​ផ្ទៃ​មេឃ​ក៏​នឹង​សម្ដែង​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ទាំង​ផែនដី នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ​ដែរ

28 ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​បាត់​ទៅ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ។

29 នេះ​ជា​ចំណែករបស់​មនុស្ស​អាក្រក់ ត្រូវ​ទទួល​ពី​ព្រះ ជា​មត៌ក ដែល​ព្រះ​ចែក​ឲ្យ​ដល់​គេ»។

© 2016 United Bible Societies

Bible Society in Cambodia