យ៉ូប 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចម្លើយរបស់លោកយ៉ូប៖ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ 1 ពេលនោះ លោកយ៉ូបឆ្លើយថា៖ 2 «តើអ្នករាល់គ្នាធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត? 3 មានដប់ដងហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ តើអ្នករាល់គ្នាមិនខ្មាសទេឬ ដែលធ្វើបាបខ្ញុំ? 4 ប្រសិនបើខ្ញុំបានធ្វើខុសមែន កំហុសនោះនៅជាប់តែខ្លួនខ្ញុំទេ។ 5 ប្រសិនបើអ្នករាល់គ្នាចង់តម្កើងខ្លួន ដោយធ្វើទាស់នឹងខ្ញុំ ហើយជជែកយកខុសត្រូវ ពីសេចក្ដីអាម៉ាស់ខ្មាសរបស់ខ្ញុំ 6 ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។ 7 ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។ 8 ព្រះអង្គបានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំប្រែជាងងឹត។ 9 ព្រះអង្គបានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងចាប់យកមកុដចេញពីក្បាលខ្ញុំផង។ 10 ព្រះអង្គបានបំផ្លាញខ្ញុំគ្រប់ទិស ហើយខ្ញុំកំពុងតែវិនាសទៅ ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ ព្រះអង្គបានរំលើង ដូចជាដើមឈើ 11 ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ របស់ព្រះអង្គទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។ 12 ពលទ័ពរបស់ព្រះអង្គចូលមកព្រមៗគ្នា ហើយលើកផ្លូវឡើងមកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។ 13 ព្រះអង្គបានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់។ 14 ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ 15 ភ្ញៀវនៅក្នុងផ្ទះខ្ញុំបានភ្លេចខ្ញុំហើយ ពួកស្រីបម្រើក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។ 16 ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។ 17 ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្ដីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះមួយនឹងខ្ញុំដែរ។ 18 ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ។ 19 ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។ 20 ខ្ញុំនៅតែស្បែក និងឆ្អឹង ហើយបានរស់ ដោយសារតែស្បែក និងធ្មេញប៉ុណ្ណោះ។ 21 ឱអ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ 22 ហេតុអ្វីបានជាអ្នករាល់គ្នា ដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត? 23 ឱប្រសិនបើពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ 24 គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ 25 ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី 26 ហើយក្រោយពីសម្បកកាយខ្ញុំរលាយទៅ នោះសាច់ឈាមខ្ញុំនឹងឃើញព្រះ 27 ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្ញុំនឹងឃើញ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ 28 ដូច្នេះ បើអ្នករាល់គ្នាពោលថា "ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា" ហើយឃើញថា ដើមហេតុនោះគឺមកពីខ្ញុំ 29 យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ ដ្បិតសេចក្ដីក្តៅក្រហាយ នឹងនាំឲ្យមានទោសដោយដាវនោះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ»។ |
© 2016 United Bible Societies
Bible Society in Cambodia