ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


មីកា 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
មីកា 7

ការ​ប្រមូលមនុស្ស​ទាំង​អស់

1 វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។

2 មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កម្ចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង‌ប្អូន​ខ្លួន​ដោយ​មង

3 ដៃ​របស់​គេ​ជំនាញ​នឹង​ប្រព្រឹត្តអំពើ​អាក្រក់ ពួក​មេ និង​ពួក​ចៅ‌ក្រម​ឃុប​ឃិត​គ្នា​ទារ​រក​សំណូក ឯអ្នក​មាន​អំណាច​ទារ​រក​អ្វី​ដែល​ចិត្ត​គេ​ចង់​បាន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​បង្វែរ​យុត្តិធម៌ ។

4 មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​របង​បន្លា។ ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​គេ គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស បាន​មក​ដល់​ហើយ ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។

5 កុំ​ទុក​ចិត្ត​នឹង​មិត្ត​សម្លាញ់ ក៏​កុំ​ជឿ​ញាតិ​សន្ដាន​ដែរ ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក ចេញ​ឆ្ងាយ​ពីនាង​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក

6 ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។

7 ឯ​ចំណែក​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​ស្តាប់​ខ្ញុំ។

ទណ្ឌកម្ម និង​ការ​ទុកចិត្ត​ព្រះ

8 ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ

9 ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ព្រះ‌អង្គ​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

10 គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​សេចក្ដី​អាម៉ាស​នឹង​គ្រប​លើ​នាង ដែល​ពោល​មក​ខ្ញុំ​ថា "តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ណា?" ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញការ​ធ្លាក់​ចុះ របស់​នាង នាង​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​គេ​ជាន់​ភក់​នៅ​តាម​ផ្លូវ។

ទំនាយ​ពី​ការស្ដា​ឡើង​វិញ

11 នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ

12 នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​មួយ​ទៅ​ដល់​ភ្នំ​មួយ​ទៀត

13 ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។

14 សូម​ព្រះ‌អង្គ​ឃ្វាល​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដោយ​ដំបង​របស់​ព្រះ‌អង្គ គឺ​ហ្វូង​ចៀម​ដ៏​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្ដាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ។

15 យើង​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

16 អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ

17 គេ​នឹង​លិឍ​ធូលី​ដី​ដូច​ជា​ពស់ គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដោយ​កោត​ខ្លាច ហើយ​នឹង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។

សេចក្ដីមេត្តា​ករុណា​របស់ព្រះ និង​សេចក្ដី​ស្រឡាញ់​ឥត​ប្រែ​ប្រួល

18 តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ

19 ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ

20 ព្រះ‌អង្គ​នឹង​សម្រេច​តាម​សេចក្ដី​ពិត​ដល់​យ៉ាកុប និង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ព្រះ‌អង្គ​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚

© 2016 United Bible Societies

Bible Society in Cambodia