ណាហ៊ុម INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌគម្ពីរ​ណាហ៊ុម​ប្រកាស​អំពី​ការ​វិនាស​របស់​ក្រុង​នីនីវេ ជា​រាជធានី​នៃ​ចក្រភព​អាសសើុរ​ដែល​បាន​យក​ស្រុក​អ៊ីស្រាអែល​ធ្វើ​ជា​ចំណុះ។ កណ្ឌគម្ពីរ​នេះ​ត្រូវ​បាន​ចង​ក្រង​ឡើង​នៅ​ចន្លោះ​ឆ្នាំ ៦៦៣ មុន​គ.ស. គឺ​ឆ្នាំ​ដែល​កងទ័ព​អាសសើុរ​វាយ​យក​បាន​ក្រុង​នរ-អាម៉ូន (ឬ​ក្រុង​ថែប)នៅ​ស្រុក​អេស៊ីព្ទ និង​ឆ្នាំ ៦១២ មុន​គ.ស. ជា​ឆ្នាំ​ដែល​កងទ័ព​បាប៊ីឡូន​វាយ​យក​បាន​ក្រុង​នីនីវេ។ កណ្ឌគម្ពីរ​នេះ​ចែក​ចេញ​ជា​បី​ផ្នែក៖ ផ្នែក​ទី​មួយ មាន​លក្ខណៈ​ជា​បុរកថា ប្រកាស​អំពី​ឫទ្ធានុភាព​របស់​ព្រះ​ដែល​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ជា​ចៅក្រម​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ (១.២-៨)។ ផ្នែក​ទី​ពីរ បញ្ជាក់​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ ដែល​ជា​ម្ចាស់​លើ​ស្ថានភាព​នយោបាយ​នៅ​ជំនាន់​នោះ។ ព្រះ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​រលាយ ដើម្បី​សង្គ្រោះ​ប្រជាជន​នៅ​ស្រុក​យូដា (១.៩-២.៣)។ ផ្នែក​ទី​បី រៀបរាប់​អំពី​មហន្តរាយ​កើត​មាន​ដល់​ក្រុង​នីនីវេ ដែល​ជា​មហា​អំណាច (២.៤-៣.១៩)។ នៅ​ក្នុង​កណ្ឌគម្ពីរ​នេះ ហោរា​មិន​ត្រឹម​តែ​ប្រកាស​អំពី​ការ​វិនាស​របស់​ក្រុង​នីនីវេ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា ការ​វិនាស​នេះ​បណ្ដាល​មក​ពី​ព្រះ​វិនិច្ឆ័យ​ទោស។ អ្នក​ក្រុង​នីនីវេ​មាន​ចិត្ត​អួតអាង ប្រព្រឹត្ត​អំពើ​ឃាតកម្ម និង​អំពើ​ប្រាសចាក​សីលធម៌។ ក្រុង​នីនីវេ​ជា​និមិត្តរូប​នៃ​អំណាច​គ្រប់គ្រង​មួយ​ដែល​មនុស្ស​តែងតាំង​ឡើង ទាស់​នឹង​ព្រះហឫទ័យ​ព្រះ។ កណ្ឌគម្ពីរ​ណាហ៊ុម​ណែនាំ​យើង​ឲ្យ​ចង​ចាំ​ថា របប​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ដែល​មាន​លក្ខណៈ​ដូច​របប​នៅ​ក្រុង​នីនីវេ មិន​អាច​ស្ថិតស្ថេរ​គង់វង្ស​បាន​ឡើយ។ |
© 2016 United Bible Societies
Bible Society in Cambodia