លោកថូឡា និងលោកយ៉ាអ៊ារ1 ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។ 2 លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅសាមារនោះ។ 3 ក្រោយពីថូឡាមក មានយ៉ាអ៊ារ ជាពួកកាឡាត បានងើបឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ 4 លោកមានកូនប្រុសសាមសិបនាក់ ដែលមានកូនលាមួយម្នាក់សម្រាប់ជិះ ហើយពួកគេមានទីក្រុងសាមសិប ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ រហូតដល់សព្វថ្ងៃ ក្រុងទាំងនោះនៅក្នុងស្រុកកាឡាត។ 5 បន្ទាប់មក យ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅក្រុងកាម៉ូន។ សាសន៍អាំម៉ូនសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល6 គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់ព្រះបាល និងព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់សាសន៍ស៊ីរី ព្រះរបស់សាសន៍ស៊ីដូន ព្រះរបស់សាសន៍ម៉ូអាប់ ព្រះរបស់ពួកអាំម៉ូន និងព្រះរបស់ពួកភីលីស្ទីនទៀតផង។ គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបានគោរពប្រតិបត្តិដល់ព្រះអង្គទៀតឡើយ។ 7 ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់នៃរបស់ពួកអាំម៉ូន 8 ពួកសាសន៍ទាំងនោះក៏ធ្វើបាប ហើយសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកអាម៉ូរី គឺស្រុកកាឡាត ចាប់ពីឆ្នាំនោះ រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ។ 9 ពួកអាំម៉ូនបានឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត ដល់ម៉្លេះបានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។ 10 ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបនឹងព្រះអង្គហើយ ព្រោះយើងខ្ញុំបានបោះបង់ចោលព្រះនៃយើងខ្ញុំ ហើយទៅគោរពប្រតិបត្តិដល់ព្រះបាល»។ 11 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលថា៖ «តើយើងមិនបានសង្គ្រោះអ្នករាល់គ្នា ឲ្យរួចពីពួកអេស៊ីព្ទ និងពួកអាម៉ូរី ពីពួកអាំម៉ូន និងពីពួកភីលីស្ទីនទេឬ? 12 មួយទៀត ពួកស៊ីដូន ពួកអាម៉ាឡេក និងពួកម៉ាអូន ក៏បានសង្កត់សង្កិនអ្នករាល់គ្នាដែរ តែកាលអ្នករាល់គ្នាបានស្រែកអំពាវនាវរកយើង នោះយើងក៏បានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់គេដែរ។ 13 ប៉ុន្តែ អ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃ ដូច្នេះ យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ 14 ចូរទៅហៅរកព្រះទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានជ្រើសរើសនោះទៅ ទុកឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នា ក្នុងពេលដែលអ្នករាល់គ្នាមានសេចក្ដីវេទនានេះទៅ!»។ 15 ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលទូលទៅព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមតែព្រះហឫទ័យរបស់ព្រះអង្គចុះ តែសូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យរួចនៅថ្ងៃនេះផង!»។ 16 ដូច្នេះ គេយកព្រះនានារបស់សាសន៍ដទៃ ចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ព្រះអង្គក៏មានព្រះហឫទ័យរំជួល ដោយឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែល។ 17 គ្រានោះ ពួកអាំម៉ូនបានមូលផ្ដុំគ្នា ហើយបោះទ័ពនៅស្រុកកាឡាត ឯប្រជាជនអ៊ីស្រាអែលក៏ប្រមូលផ្ដុំគ្នា ហើយបោះទ័ពនៅមីសប៉ាដែរ។ 18 ប្រជាជន និងមេដឹកនាំរបស់ពួកកាឡាត សួរគ្នាទៅវិញទៅមកថា៖ «តើអ្នកណាហ៊ាននាំមុខច្បាំងនឹងពួកអាំម៉ូនមុនគេ? អ្នកណាហ៊ាន អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាតទាំងមូល»។ |
© 2016 United Bible Societies
Bible Society in Cambodia