ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 21 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 21

1 កាល​ស្តេច​យ៉ូសា‌ផាត​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ ស្តេច​យ៉ូរ៉ាម​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

ស្តេច​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

2 ស្តេច​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្តេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​អ៊ីស្រ‌អែល។

3 ស្តេច​យ៉ូសា‌ផាត​ជា​ឪពុក បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន ឲ្យ​កូន​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ក្នុង​ស្រុក​យូដា​ឲ្យ​កូន​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្តេច​ប្រគល់​រាជ​សម្បត្តិ​ឲ្យ​ស្តេច​យ៉ូរ៉ាម ព្រោះ​ជា​កូន​ច្បង។

4 កាល​ស្តេច​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​ឪពុក និង​ពង្រឹង​អំណាច​បាន​ហើយ ស្តេច​សម្លាប់​អនុជ​ទាំង​អស់ ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។

5 នៅ​ពេល​ឡើង​សោយ​រាជ្យ ស្តេច​យ៉ូរ៉ាម​មាន​អាយុ​សាម‌សិប​ពីរ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

6 ស្តេច​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ស្តេច​អហាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​អហាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។

7 ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​គាប់​ចិត្ត​នឹង​លុប​បំបាត់​រាជ‌វង្ស​របស់​ស្តេច​ទត​ទេ ព្រោះ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​ចង​ជា​មួយ​ស្តេច​ទត ហើយ​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទត ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

8 ក្នុង​រជ្ជ‌កាល​ស្តេច​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​មួយ​នាក់ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

9 ពេល​នោះ​ស្តេច​យ៉ូរ៉ាម​ចេញ​ទៅ ដោយ​មាន​ពួក​មេ‌ទ័ព និង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា‌ការ​កង​រទេះ​ចំបាំង។ ស្តេច​ក៏​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ។

10 តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ការ​គ្រប់‌គ្រង​របស់​ស្តេច​យ៉ូរ៉ាម​ដែរ ព្រោះ​ស្តេច​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។

11 ស្តេច​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ស្តេច​ជំរុញ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ។

12 ស្តេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ណាពី​អេលី‌យ៉េស ដែល​មាន​សេចក្តី​ដូច​ត​ទៅ “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត ជា​អយ្យ‌កោ​របស់​ស្តេច​មាន​បន្ទូល​ថា ស្តេច​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ស្តេច​យ៉ូសា‌ផាត ជា​ឪពុក​របស់​អ្នក​ទេ ហើយ​ស្តេច​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ស្តេច​អេ‌សា ជា​ស្តេច​ស្រុក​យូដា​ដែរ។

13 ផ្ទុយ​ទៅ​វិញ អ្នក​ដើរ​តាម​ផ្លូវ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អ៊ីស្រ‌អែល អ្នក​ទាក់‌ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ ដូច​រាជ​វង្ស​របស់​ស្តេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​អ្នក​បាន​សម្លាប់​ប្អូន​បង្កើត​របស់​អ្នក ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​អ្នក​ដែរ។

14 ហេតុ​នេះអុលឡោះ‌តាអាឡា​នឹង​ប្រហារ​ប្រជា‌រាស្ត្រ ព្រម​ទាំង​កូន ភរិយា និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក ដោយ​គ្រោះ​កាច​ដ៏​សាហាវ។

15 រីឯ​អ្នក​វិញ អុលឡោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ជា​ទម្ងន់ គឺ​អ្នក​នឹង​មាន​រោគ​ពោះ‌វៀន ដែល​បណ្តាល​ឲ្យ​អ្នក​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ‌វៀន​ធ្លាយ​ចេញ​មក”។

16 អុលឡោះ‌តាអាឡា​បាន​ជំរុញ​ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អារ៉ាប់ ដែល​រស់​នៅ​ក្បែរ​ជន‌ជាតិ​អេត្យូ‌ពី ឲ្យ​មាន​គំនិត​ប្រឆាំង​នឹង​ស្តេច​យ៉ូរ៉ាម។

17 អ្នក​ទាំង​នោះ លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្តេច ព្រម​ទាំង​ចាប់​កូន និង​ប្រពន្ធ​របស់​ស្តេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្តេច​អហា‌ស៊ីយ៉ា​មួយ​នាក់​គត់ ដែល​ក្មេង​ជាង​គេ។

18 បន្ទាប់​មក អុលឡោះ‌តាអាឡា​ប្រហារ​ស្តេច​ដោយ​ជំងឺ​ពោះ‌វៀន ដែល​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ។

19 ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ‌វៀន​របស់​ស្តេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្តេច​ស្លាប់ ដោយ​ឈឺ​ចាប់​បំផុត។ ប្រជា‌ជន​ពុំ​បាន​ធ្វើ​ពិធី​ជូន​ភ្លើង​ចំពោះ​ស្តេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យ‌កោ​របស់​ស្តេច​ឡើយ។

20 ស្តេច​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​អាយុ​សាម‌សិប​ពីរ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្តេច​ស្លាប់ គ្មាន​នរណា​សោក​ស្តាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ស្តេច​ទត តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ស្តេច​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies