ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 23 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 23

ការ​កែ​ទំរង់​នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស

1 ស្តេច​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​អះលី‌ជំអះ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​ជួប។

2 បន្ទាប់​មក ស្តេច​ទៅ​កាន់​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អ៊ីមុាំ​ណាពី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ស្តេច​អាន​បន្ទូល​នៃ​អុលឡោះ​ទាំង​ប៉ុន្មាន​ក្នុង​គីតាប​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ឲ្យ​ប្រជា‌ជន​ស្តាប់។

3 ស្តេច​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ អុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។

4 ស្តេច​ចេញ​បញ្ជា​ដល់​មូស្ទី​ហ៊ីល‌គី‌យ៉ា និង​ពួក​អ៊ីមុាំ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ​ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន ដែល​គេ​ជូន​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។

5 ស្តេច​លុប​បំបាត់​ពួក​អ៊ីមុាំ​ដែល​ស្តេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង​តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

6 ស្តេច​យក​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ចេញ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កំទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជា‌ជន។

7 ស្តេច​យ៉ូសៀស​កំទេច​កន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ស្ថិត​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀក‌បំពាក់​ជូន​ព្រះ‌អាសេ‌រ៉ា​ដែរ។

8 ស្តេច​កោះ​ហៅ​អ៊ីមុាំ​ទាំង​អស់ ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្តេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា ជា​កន្លែង​ដែល​អ៊ីមុាំ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្តេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​យ៉ូស្វេ ជា​អភិ‌បាល​ក្រុង។

9 ពួក​អ៊ីមុាំ​នៃ​កន្លែង​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ធ្វើ​គូរបាន​នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ ជា​មួយ​អ៊ីមុាំ​ដទៃ​ទៀត​បាន។

10 ស្តេច​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផែត ក្នុង​ជ្រលង​ភ្នំ​បេន‌ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ជូន​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ។

11 ស្តេច​យ៉ូសៀស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្តេច​ស្រុក​យូដា​ធ្វើ​ជូន​ព្រះ‌អាទិត្យ ចេញ​ពី​មាត់​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហា​តលឹក​នេថាន-មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្តេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។

12 ស្តេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​អហាស់ និង​ស្តេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្តេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្តេច​យក​កំទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។

13 ស្តេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ ជូន​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។

14 ស្តេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។

15 ស្តេច​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្តេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្តេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។

16 ស្តេច​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្តេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​បន្ទូល​ដែល​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ថ្លែង​ទុក។

17 ស្តេច​មាន​ប្រសាសន៍​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ជម្រាប​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​អុលឡោះ​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។

18 ស្តេច​មាន​ប្រសាសន៍​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ឆ្អឹង​របស់​គាត់​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ឆ្អឹង​របស់​គាត់ ព្រម​ទាំង​ឆ្អឹង​របស់​ណាពី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។

19 កាល​ពី​ដើម ស្តេច​នានា​នៃ​ស្រុក​អ៊ីស្រ‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង។ ស្តេច​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​គាត់​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។

20 ស្តេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក​ស្តេច​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

ជន‌ជាតិ​យូដា​ប្រារព្ធ​ពិធី​បុណ្យ​រំលង

21 ស្តេច​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារឰ​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​សម្ពន្ធ‌មេត្រី»។

22 តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្តេច​នានា​នៃ​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារឰ​បុណ្យ​រំលង​របៀប​នេះ​ទេ។

23 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស គេ​នាំ​គ្នា​ប្រារឰ​ពិធី​បុណ្យ​រំលង​បែប​នេះ​ជូនអុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម។

តំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ស្តេច​យ៉ូសៀស

24 ស្តេច​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ​រាសី រូប​តេរ៉ា‌ភីម​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ចែង​ទុក​ក្នុង​គីតាប ដែល​អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

25 កាល​ពី​មុន​ពុំ​ដែល​មាន​ស្តេច​ណា​មួយ​វិល​មក​រកអុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ដូច​ស្តេច​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។

26 ប៉ុន្តែ អុលឡោះ‌តាអាឡា​ខឹង ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ស្តេច​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​បំណង​របស់​ទ្រង់។

27 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​បណ្តេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សំដែង​នាម​របស់​យើង»។

28 កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​យ៉ូសៀស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

29 ក្នុង​រជ្ជកាល​ស្តេច​យ៉ូសៀស ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ ជា​ស្តេច​ស្រុក​អេស៊ីប​បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺ‌ប្រាត ដើម្បី​ជួយ​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ ក៏​សម្លាប់​ស្តេច​យ៉ូសៀស​នៅ​មេគី‌ដោ។

30 ពួក​នាយ​ទាហាន​លើក​សព​របស់​ស្តេច​ដាក់​លើ​រទេះ នាំ​ពី​មេគី‌ដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្តេច។ ប្រជា‌ជន​នៅ​ស្រុក​យូដា នាំ​គ្នា​ជ្រើស​រើស​ស្តេច​យ៉ូអា‌ហាស ជា​បុត្រ​របស់​ស្តេច​យ៉ូសៀស មក​តែង‌តាំង​ឲ្យ​ស្នង​រាជ្យ​បិតា។

ស្តេច​យ៉ូអា‌ហាស​សោយ​រាជ្យ​នៅ​ស្រុក​យូដា

31 កាល​ស្តេច​អាហាស​ឡើង​សោយ​រាជ្យ គាត់​មាន​អាយុ​ម្ភៃ​បី​ឆ្នាំ ហើយ​សោយ‌រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​គាត់​មាន​ឈ្មោះ​ថា​ហា‌មូថាល ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

32 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

33 ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ ចាប់​ស្តេច​យ៉ូអា‌ហាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ដើម្បី​កុំ​ឲ្យ​ស្តេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​ទៀត។ ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ​តំរូវ​ឲ្យ​ស្រុក​យូដា​បង់​សួយ‌សារ​អាករ​ជា​ប្រាក់​ហា‌សិប‌ហាប និង​មាស​កន្លះ​ហាប។

34 ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ​តែង‌តាំង​ស្តេច​អេលា‌គីម ជា​កូន​របស់​ស្តេច​យ៉ូសៀស​ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​ឈ្មោះ​ថា យេហូ‌យ៉ាគីម​វិញ។ រី​ឯ​ស្តេច​យ៉ូអា‌ហាស់ ស្តេច​ហ្វៀរ៉អ៊ូន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​គាត់​ក៏​ស្លាប់​នៅ​ទី​នោះ។

35 ស្តេច​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្តេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់​ដូច​ស្តេច​ហ្វៀរ៉អ៊ូន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្តេច​ក៏​យក​ទៅ​ជូន​ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ។

ស្តេច​យេហូ‌យ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

36 កាល​ស្តេច​យេហូ‌យ៉ាគីម ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ‌ប្រាំ​ឆ្នាំ ហើយ​គាត់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​គាត់​មាន​ឈ្មោះ​ថា សេប៊ូ‌ដា ជា​កូន​របស់​លោក​ពេដា‌យ៉ា ជា​អ្នក​ស្រុក​រូម៉ា។

37 ស្តេច​យេហូ‌យ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies