អ្នកបម្រើអុលឡោះ ក្នុងសម្ពន្ធមេត្រីថ្មី1 តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯងសាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ? 2 បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្ដរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ 3 បងប្អូនពិតជាលិខិតរបស់អាល់ម៉ាហ្សៀសមែន ជាលិខិតដែលគាត់សរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយរសរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្ដរបស់បងប្អូន។ 4 យើងមានសេចក្ដីទុកចិត្ដដ៏មុតមាំនៅចំពោះអុលឡោះបែបនេះ ក៏ព្រោះតែអាល់ម៉ាហ្សៀសនេះហើយ។ 5 យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺអុលឡោះឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។ 6 អុលឡោះក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយរសអុលឡោះវិញ ដ្បិតហ៊ូកុំដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯរសអុលឡោះប្រទានជីវិត។ 7 ហ៊ូកុំដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រអែលមិនអាចសម្លឹងមើលមុខម៉ូសាបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខគាត់ ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើហ៊ូកុំដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ 8 ចុះទំរាំបើមុខងារបម្រើរសអុលឡោះវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត? 9 ប្រសិនបើមុខងារដែលធ្វើឲ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើឲ្យមនុស្សបានសុចរិតវិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង ប្រសើរលើសលប់យ៉ាងណាទៅទៀត? 10 ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។ 11 ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទំរាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ? 12 ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្ដរឹងប៉ឹងឥតរង្គើដែរ។ 13 យើងមិនធ្វើដូចម៉ូសាទេ គឺគាត់បានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខគាត់។ 14 ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគីតាបសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយអាល់ម៉ាហ្សៀស ទើបស្បៃនោះរសាត់បាត់ទៅ។ 15 មកទល់សព្វថ្ងៃនេះ ពេលគេអានគីតាបរបស់ម៉ូសា មានស្បៃមួយនៅបាំងចិត្ដគេមិនឲ្យយល់ 16 ក៏ប៉ុន្ដែនៅពេលគេបែរចិត្ដគំនិតរកអ៊ីសាជាអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ 17 ដ្បិតអ៊ីសាជាអម្ចាស់ជារសអុលឡោះ នៅទីណាមានរសរបស់អ៊ីសាជាអម្ចាស់នៅទីនោះ ក៏មានសេរីភាពដែរ។ 18 យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។ |
© 2014 United Bible Societies, UK.
United Bible Societies