ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 22 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 22

1 ស្តេច​ទត​បាន​ជម្រាប​ថា៖ «ទី​នេះ​ជា​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ធ្វើ​គូរបាន​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!»។

ណាពី​ទត​រៀប‌ចំ​សង់​ម៉ាស្ជិទ

2 ស្តេច​ទត​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល ហើយ​ស្តេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សម្រាប់​សង់​ដំណាក់​ជូន​អុលឡោះ។

3 ស្តេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​សន្លឹក​ទ្វារ និង​ធ្វើ​ទំពក់។ ស្តេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន

4 ព្រម​ទាំង​ឈើ​តាត្រៅ​ច្រើន​ឥត​គណនា ដ្បិត​អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទីរ៉ុស បាន​នាំ​ឈើ​តាត្រៅ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ជូន​ស្តេច។

5 ស្តេច​ទត​គិត​ថា៖ «ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធន៍​ផង រីឯ​ដំណាក់​ដែល​សង់​ជូនអុលឡោះ‌តាអាឡា ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​កូន​របស់​យើង»។ ស្តេច​ទត​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្តេច​ស្លាប់។

6 ស្តេច​ទត​ហៅ​ស៊ូឡៃ‌ម៉ាន ជា​កូន​មក​ផ្តែ‌ផ្តាំ​ឲ្យ​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

7 ទត​មាន​ប្រសាសន៍​ទៅ​កាន់​ស៊ូឡៃ‌ម៉ាន​ថា៖ «កូន​អើយ! ឪពុក​មាន​បំណង​សង់​ដំណាក់​សម្រាប់​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ឪពុក។

8 ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ឪពុក​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។

9 អ្នក​នឹង​បង្កើត​កូន​មួយ ជា​មនុស្ស​ដែល​និយម​សុខ​សន្តិ‌ភាព ហើយ​យើង​នឹង​ផ្តល់​សុខ​សន្តិ‌ភាព​ដល់​គេ ដោយ​មិន​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​មក​យាយី​ឡើយ។ កូន​នោះ​នឹង​មាន​ឈ្មោះ​ថា ស៊ូឡៃ‌ម៉ាន ដ្បិត​ក្រោម​អំណាច​របស់​គេ​យើង​នឹង​ផ្តល់​ឲ្យ​អ៊ីស្រ‌អែល​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត​ត្រាណ។

10 គឺ​កូន​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រ‌អែល​រហូត​ត​ទៅ!”។

11 ឥឡូវ​នេះ សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កូន ដើម្បី​ឲ្យ​កូន​សង់​ដំណាក់​របស់​ទ្រង់ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ទុក​ពី​កូន។

12 សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​កូន​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ឲ្យ​កូន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល ដោយ​កាន់​តាម​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​កូន។

13 ប្រសិន​បើ​កូន​កាន់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល នោះ​កូន​នឹង​បាន​ចំរុង​ចំរើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

14 ឪពុក​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រីឯ​លង្ហិន និង​ដែក​មាន​ច្រើន​សន្ធឹក​សន្ធាប់​ពុំ​អាច​ថ្លឹង​បាន​ទេ។ ឪពុក​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​កូន​ចង់​បន្ថែម​ទៀត​ក៏​បាន។

15 មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​កូន គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។

16 រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​កូន​ក្រោក​ឡើង​បំពេញ​កិច្ចការ​នេះ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កូន!»។

17 ស្តេច​ទត​បាន​ផ្តាំ​មន្ត្រី​អ៊ីស្រ‌អែល​ទាំង​អស់ ឲ្យ​ជួយ​ជ្រោម​ជ្រែង​ស៊ូឡៃ‌ម៉ាន​ជា​កូន ដោយ​មាន​ប្រសាសន៍​ថា៖

18 «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អស់​លោក នៅ​ជា​មួយ​អស់​លោក​ហើយ។ ទ្រង់​ប្រទាន​ឲ្យ​អស់​លោក​បាន​សម្រាក​គ្រប់​ទិស‌ទី ដ្បិត​ទ្រង់​បាន​ប្រគល់​អ្នក​ស្រុក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់អុលឡោះ‌តាអាឡា និង​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ។

19 ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​អុលឡោះទៅ​តម្កល់​ទុក​ក្នុង​ដំណាក់​ដែល​នឹង​សង់​ឡើង សម្រាប់​នាម​របស់អុលឡោះ‌តាអាឡា»។

© 2014 United Bible Societies, UK.

United Bible Societies