១ របាក្សត្រ 23 - អាល់គីតាបមុខងាររបស់ក្រុមលេវី 1 កាលស្តេចទតមានវ័យចាស់ជរាណាស់ហើយ ស្តេចបានតែងតាំងស៊ូឡៃម៉ានជាកូន ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។ 2 ស្តេចទតហៅមន្ត្រីទាំងអស់របស់អ៊ីស្រអែល ព្រមទាំងក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យចូលមកជួប។ 3 គេបានរាប់ក្រុមលេវីម្តងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។ 4 ស្តេចទតបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ដំណាក់របស់អុលឡោះតាអាឡា ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។ 5 ពួកគេ ៤ ០០០ នាក់ទៀត ជាអ្នកយាមទ្វារដំណាក់ ៤ ០០០ នាក់ ជាអ្នកចំរៀងលើកតម្កើងអុលឡោះតាអាឡា និងកាន់ឧបករណ៍ភ្លេងដែលស្តេចបានធ្វើសម្រាប់ប្រគំកំដរ។ 6 ស្តេចទតបានបែងចែកកូនចៅលេវី ជាក្រុមតាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ 7 កូនរបស់លោកគើរសុន មាន: ឡាអាដាន និងស៊ីម៉ៃ។ 8 កូនរបស់លោកឡាអាដាន មានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។ 9 កូនរបស់លោកស៊ីម៉ៃ មានបីនាក់ គឺ សឡូមីត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ឋតែជាមេលើក្រុមគ្រួសារឡាអាដាន។ 10 លោកស៊ីម៉ៃមានកូនបួននាក់ទៀត គឺយ៉ាហាត់ ស៊ីណា យេអ៊ូស និងបេរា។ 11 លោកយ៉ាហាត ជាមេដឹកនាំ ហើយលោកស៊ីណាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរាគ្មានកូនប្រុសច្រើនទេ ដូច្នេះពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។ 12 កូនរបស់លោកកេហាត់ មានបួននាក់គឺ អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល។ 13 កូនរបស់លោកអាំរ៉ាមមាន ណាពីហារូន និងណាពីម៉ូសា។ គេបានញែកណាពីហារូន និងកូនចៅរបស់គាត់ ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងជូនគ្រឿងក្រអូបចំពោះអុលឡោះតាអាឡាបម្រើការងាររបស់ទ្រង់ និងជូនពរប្រជាជនក្នុងនាមទ្រង់ រហូតតរៀងទៅ។ 14 រីឯណាពីម៉ូសាវិញ គាត់ជាអ្នកជំនិតរបស់អុលឡោះគេរាប់បញ្ចូលកូនៗរបស់គាត់ ក្នុងចំណោមពួកលេវីឯទៀតៗដែរ។ 15 កូនរបស់ណាពីម៉ូសាគឺ គើរសុន និងលោកអេលាស៊ើរ។ 16 កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។ 17 លោកអេលាស៊ើរ មានកូនប្រុសតែមួយឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។ 18 កូនរបស់លោកយីតសារ មានលោកសឡូមីតជាមេដឹកនាំ។ 19 កូនរបស់លោកហេប្រូនមានលោកយេរីយ៉ាជាមេដឹកនាំលោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀល ជាមេដឹកនាំទីបី និងលោកយេកាមាម ជាមេដឹកនាំទីបួន។ 20 កូនរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាមេដឹកនាំ និងលោកយីសយ៉ា ជាមេដឹកនាំទីពីរ។ 21 កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។ 22 លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។ 23 កូនរបស់លោកមូស៊ី មានបីនាក់ គឺម៉ាស់លី អេឌើរ និងយេរេម៉ូត។ 24 អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា។ 25 ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល បានប្រោសប្រទានសេចក្តីសុខសាន្តដល់ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ 26 ដូច្នេះពួកលេវីមិនចាំបាច់សែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ក្នុងជំរំសក្ការៈទៀតឡើយ»។ 27 គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ស្តេចទត។ 28 ពួកគេត្រូវបំពេញការងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបង្គាប់កូនចៅណាពីហារូន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងដំណាក់របស់អុលឡោះ។ 29 ពួកគេត្រូវតម្កល់នំបុ័ងជូនអុលឡោះតាអាឡា រៀបចំម្សៅម៉ដ្តសម្រាប់ជំនូនម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចំអិនដោយប្រើពុម្ព ឬនំផ្សេងៗទៀត។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់រង្វាល់ទាំងប៉ុន្មានដែរ។ 30 ពួកគេត្រូវស្ថិតនៅក្នុងដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរគុណអុលឡោះតាអាឡា 31 ហើយត្រូវធ្វើគូរបានដុតចំពោះអុលឡោះតាអាឡា នៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។ 32 ពួកគេត្រូវមើលថែរក្សាជំរំជួបអុលឡោះតាអាឡា និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបញ្ជាកូនចៅណាពីហារូន ដែលជាបងប្អូនរបស់ពួកគេ។ |
© 2014 United Bible Societies, UK.
United Bible Societies