ណាពីអហ៊ីយ៉ាថ្លែងប្រាប់ពីការស្លាប់នៃបុត្រារបស់ស្តេចយេរ៉ូបោម1 គ្រានោះសម្តេចអប៊ីយា ជាបុត្ររបស់ស្តេចយេរ៉ូបោមឈឺ។ 2 ស្តេចយេរ៉ូបោមប្រាប់ភរិយាថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាភរិយាយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានណាពីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺគាត់ហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។ 3 ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបគាត់ គាត់មុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ 4 ភរិយារបស់ស្តេចយេរ៉ូបោមក៏ធ្វើតាម។ នាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកគាត់ងងឹតដោយគាត់ចាស់ជរា។ 5 មុនពេលនាងមកដល់ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «ភរិយារបស់យេរ៉ូបោមនឹងមកសួរអ្នក អំពីកូនដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។ 6 កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។ 7 សូមទៅជម្រាបស្តេចយេរ៉ូបោមដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ 8 យើងបានដកហូតរាជ្យសម្បត្តិពីពូជពង្សទត ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចទតជាអ្នកបម្រើរបស់យើងដែរ។ 9 អ្នកបានប្រព្រឹត្តអាក្រក់ជាងអ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។ 10 ហេតុនេះយើងនឹងធ្វើឲ្យទុក្ខវេទនាកើតមាន ចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗ ក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាមទាល់តែអស់ដែរ។ 11 ក្នុងក្រុមគ្រួសារយេរ៉ូបោម អ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាល នឹងត្រូវត្មាតចឹកស៊ី”។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 12 រីឯនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលនាងចូលដល់ទីក្រុង កូននោះនឹងស្លាប់។ 13 ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពកូននោះ។ ក្នុងរាជវង្សរបស់ស្តេចយេរ៉ូបោម មានតែកូននេះម្នាក់ប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សស្តេចយេរ៉ូបោម មានតែកូននេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ចិត្តអុលឡោះតាអាឡា ជាម្ចាស់នៃប្រជាជនអ៊ីស្រអែល។ 14 នៅថ្ងៃនោះ អុលឡោះតាអាឡានឹងជ្រើសតាំងស្តេចមួយទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រអែល ស្តេចថ្មីនោះនឹងប្រហារពូជពង្សរបស់ស្តេចយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន! 15 អុលឡោះតាអាឡានឹងវាយជនជាតិអ៊ីស្រអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ អុលឡោះតាអាឡានឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដ៏ល្អ ដែលទ្រង់ប្រទានដល់បុព្វបុរសរបស់ពួកគេ ទ្រង់នឹងកំចាត់កំចាយពួកគេ ឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្តាលឲ្យអុលឡោះតាអាឡាខឹង។ 16 ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។ 17 ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។ 18 គេបានបញ្ចុះសពកូននោះ ហើយប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈណាពីអហ៊ីយ៉ា ជាអ្នកបម្រើរបស់ទ្រង់។ 19 រីឯកិច្ចការផ្សេងៗទៀតរបស់ស្តេចយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ 20 ស្តេចយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្តេចស្លាប់ផុតទៅ ស្តេចណាដាប់ជាកូន បានឡើងស្នងរាជ្យ។ ស្តេចរេហូបោមសោយរាជ្យនៅស្រុកយូដា21 ស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ានឡើងសោយរាជ្យលើស្រុកយូដា ក្នុងអាយុសែសិបមួយឆ្នាំ។ ស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលអុលឡោះតាអាឡាបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ សម្រាប់នាមរបស់ទ្រង់។ មាតារបស់ស្តេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ 22 ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងអុលឡោះតាអាឡា។ ពួកគេបានធ្វើឲ្យទ្រង់ខឹង ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។ 23 ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ 24 នៅក្នុងស្រុកមានប្រុសៗប្រព្រឹត្តអំពើពេស្យាចារ គឺពួកគេធ្វើតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។ 25 នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចរេហូបោម ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ 26 ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលស្តេចស៊ូឡៃម៉ានបានធ្វើ។ 27 ស្តេចរេហូបោមបានឲ្យគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ 28 គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។ 29 កិច្ចការផ្សេងៗទៀតរបស់ស្តេចរេហូបោម និងអ្វីៗទាំងអស់ដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 30 ស្តេចរេហូបោម និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។ 31 កាលស្តេចរេហូបោមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ មាតារបស់ស្តេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ស្តេចអប៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies