ការថ្វាយបង្គំអុលឡោះតាមរបៀបដ៏ត្រឹមត្រូវ1 អុលឡោះតាអាឡាមានបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា? 2 គឺយើងទេតើដែលបានបង្កើតអ្វីៗទាំងនោះមក ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។ 3 រីឯអ្នកដែលយកគោមកធ្វើជាគូរបាន នោះដូចជាបានសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើគូរបាន នោះដូចជាបានវាយបំបាក់កឆ្កែ អ្នកដែលយកជំនូនមកជូន នោះដូចជាបានយកជំនូននេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប នោះដូចជាបានថ្វាយបង្គំព្រះក្លែងក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម 4 យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល ពីអំពើដែលគេប្រព្រឹត្តនោះដែរ។ យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង កើតមានដល់ពួកគេ គឺការលំបាកដែលគេតែងតែខ្លាចរអែង។ យើងបានហៅ តែគ្មាននរណាឆ្លើយ យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។ សិរីរុងរឿងរបស់ក្រុងយេរូសាឡឹម5 អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។ 6 មានសំឡេងលាន់ឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីម៉ាស្ជិទ គឺជាសំឡេងរបស់អុលឡោះតាអាឡា ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ ទ្រង់ តាមអំពើដែលគេបានប្រព្រឹត្ត។ 7 ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី ដែលសំរាលកូន មុនឈឺផ្ទៃ ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។ 8 តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ? តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ? តើនគរមួយអាចកើតឡើង ក្នុងរយៈពេលតែមួយថ្ងៃបានឬ? តើប្រជាជាតិមួយអាចកើត ក្នុងពេលតែមួយបានឬ? ចំណែកឯក្រុងស៊ីយ៉ូនវិញ នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សំរាលកូនចៅ! 9 អុលឡោះតាអាឡាមានបន្ទូលថា: បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ តើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬ អុលឡោះជាម្ចាស់របស់អ្នកមានបន្ទូលថា បើយើងឲ្យទារកចាប់ផ្ទៃ តើយើងរារាំងវាមិនឲ្យកើតបានឬ? 10 អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។ 11 សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង ដោយសារក្រុងនេះ។ 12 អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។ 13 ម្ដាយលួងលោមកូនយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម ដោយលែងមានទុក្ខព្រួយទៀត។ 14 កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ អុលឡោះតាអាឡានឹងសំដែងអំណាច ឲ្យអ្នកបម្រើរបស់ទ្រង់ឃើញ តែទ្រង់សំដែងកំហឹងទាស់នឹង ខ្មាំងសត្រូវរបស់ទ្រង់។ ការដាក់ទោសមនុស្សអាក្រក់នៅគ្រាចុងក្រោយ15 មើល អុលឡោះតាអាឡាកំពុងតែមក ទ្រង់មកក្នុងភ្លើង រទេះរបស់ទ្រង់ប្រៀបបាននឹងខ្យល់កួច។ ទ្រង់ធ្វើតាមកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់ប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមបន្ទូលដែលទ្រង់ ព្រមានទុកជាមុន។ 16 អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើង និងដាវ អុលឡោះតាអាឡានឹងប្រហារមនុស្សជាច្រើន។ 17 អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយ ឲ្យបានបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 18 យើងនឹងឲ្យមនុស្សគិតតែអំពីយើង ហើយគិតតែពីធ្វើកិច្ចការសម្រាប់យើង។ យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាឲ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។ 19 យើងនឹងដាក់ទីសំគាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ 20 ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកជូនអុលឡោះតាអាឡា។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រអែលធ្លាប់យកជំនូន ដាក់លើជើងពានដ៏វិសុទ្ធមកជូន នៅក្នុងដំណាក់នៃអុលឡោះដែរ។ 21 អុលឡោះតាអាឡាមានបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាអ៊ីមុាំ និងអ្នកខ្លះឲ្យធ្វើជាពួកលេវីដែរ។ 22 ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 23 អុលឡោះតាអាឡាមានបន្ទូលទៀតថា: រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី និងរៀងរាល់ថ្ងៃឈប់សម្រា មនុស្សលោកទាំងអស់នឹងនាំគ្នា មកក្រាបថ្វាយបង្គំយើង។ 24 ពេលគេចេញពីម៉ាស្ជិទ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។ |
© 2014 United Bible Societies, UK.
United Bible Societies