អុលឡោះនឹងលើកក្រុងយេរូសាឡឹមឡើងវិញ1 ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។ 2 យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ! 3 អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់បានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ទ្រង់ក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 4 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ 5 ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេយកប្រជាជនរបស់យើងទៅដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេនាំគ្នាប្រមាថនាមរបស់យើងជារៀងរាល់ថ្ងៃ។ 6 ហេតុនេះនៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។ ដំណឹងល្អអំពីសេចក្ដីសុខសាន្ត7 អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ម្ចាស់របស់អ្នកសោយរាជ្យហើយ!”។ 8 នេះជាសំឡេងរបស់អ្នកយាមក្រុង! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោរួមជាមួយគ្នា ដ្បិតពួកគេឃើញអុលឡោះតាអាឡាត្រឡប់មក ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។ 9 គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខប្រជាជន របស់ទ្រង់ ទ្រង់លោះក្រុងយេរូសាឡឹមមកវិញហើយ! 10 អុលឡោះតាអាឡាសំដែងអំណាចដ៏វិសុទ្ធ របស់ទ្រង់ឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ម្ចាស់នៃយើង។ 11 អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ របស់អុលឡោះតាអាឡា ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ! ចូរចាកចេញពីក្រុងបាប៊ីឡូននេះ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ! 12 អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅមុខ និងនៅពីក្រោយអ្នករាល់គ្នា ដើម្បីការពារអ្នក។ ទុក្ខលំបាក និងភាពអស្ចារ្សនៃអ្នកបម្រើរបស់អុលឡោះតាអាឡា13 អុលឡោះតាអាឡាមានបន្ទូលថា: អ្នកបម្រើរបស់យើងនឹងបានចំរុងចំរើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។ 14 កាលពីមុន ពេលមហាជនឃើញគាត់ គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខគាត់លែងស្គាល់ គាត់លែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ 15 តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញគាត់ ហើយនាំគ្នាស្ងើចសរសើរ ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍ ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ ដែលគេមិនធ្លាប់ឮពីមុនមក។ |
© 2014 United Bible Societies, UK.
United Bible Societies