អេសាយ 53 - អាល់គីតាប1 ប្រជាជនតបថា តើនរណាជឿ សេចក្ដីដែលយើងនិយាយឲ្យគេស្តាប់? តើអុលឡោះតាអាឡាបានសំដែងអំណាច ចំពោះនរណា? 2 ចំពោះអុលឡោះតាអាឡា អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ គាត់គ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយគាត់ក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់ទាញចិត្តយើងដែរ។ 3 គាត់ជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ គាត់ជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា គាត់ដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយគាត់ ហើយមិនរាប់រកគាត់ឡើយ។ 4 តាមពិត គាត់បានរងទុក្ខវេទនាជំនួសយើង គាត់ទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនគាត់។ រីឯយើងវិញ យើងស្មានថា អុលឡោះបានដាក់ទោសគាត់ ទ្រង់បានវាយ និងបន្ទាបបន្ថោកគាត់។ 5 ប៉ុន្តែ គាត់ត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង គាត់ត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង គាត់បានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់គាត់ យើងក៏បានជាសះស្បើយ។ 6 កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែអុលឡោះតាអាឡាបានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើគាត់។ 7 គាត់ត្រូវគេធ្វើទារុណកម្ម គាត់បន្ទាបខ្លួន គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅ មុខអ្នកកាត់រោម គាត់មិនបានហើបមាត់ទាល់តែសោះ។ 8 គេចាប់គាត់ទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់ គាត់បានទេ។ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ គាត់ត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់យើង។ 9 ទោះបីគាត់មិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពគាត់ក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ 10 អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។ 11 “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ 12 ហេតុនេះហើយបានជាយើងប្រគល់ ឲ្យគាត់គ្រប់គ្រងលើមនុស្សជាច្រើន គាត់នឹងចែកជយភ័ណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះគាត់បានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតគាត់ទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនគាត់ ព្រមទាំងទូរអាអង្វរឲ្យមនុស្សបាបផង”។ |
© 2014 United Bible Societies, UK.
United Bible Societies