ខ្យល់ព្យុះកំទេចរាជាណាចក្រខាងជើង1 ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។ 2 អុលឡោះចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ទ្រង់នឹងច្រានក្រុងនោះឲ្យរលំដល់ដី។ 3 ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីម នឹងត្រូវខ្មាំងជាន់ឈ្លី។ 4 រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ ក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវ ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។ 5 នៅថ្ងៃនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ទ្រង់ដែលនៅសេសសល់។ 6 ទ្រង់នឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្តីដោយយុត្តិធម៌ ទ្រង់នឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។ ពួកប្រមឹកនាំគ្នាចំអកឲ្យណាពីអេសាយ7 រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកអ៊ីមុាំ និងណាពី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្តាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។ 8 តុរបស់គេប្រឡាក់ពេញដោយកំអួត គួរឲ្យខ្ពើម គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។ 9 គេពោលថា: «អេសាយនេះចង់បង្រៀនអ្វី? តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ ប្រាប់នរណា? តើគាត់ចង់បង្ហាត់បង្រៀន កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ កូនង៉ាដែលគេលែងឲ្យបៅនោះឬ? 10 គាត់ចេះតែពោលថា: “បញ្ជាលើបញ្ជា ក្បួនលើក្បួន… បន្តិចត្រង់នេះ បន្តិចត្រង់នោះ!”» 11 ពិតមែនហើយ! អុលឡោះនឹងមានបន្ទូល មកកាន់ប្រជាជននេះ ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន ទ្រង់នឹងយកភាសាដទៃទៀត មកនិយាយជាមួយពួកគេ។ 12 ទ្រង់ធ្លាប់មានបន្ទូលទៅពួកគេថា “ទុកឲ្យអ្នកហត់នឿយ មករកសម្រាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ទ្រង់ទេ។ 13 ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “«បញ្ជាលើបញ្ជា ក្បួនលើក្បួន បន្តិចត្រង់នេះ បន្តិចត្រង់នោះ»!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។ 14 មេដឹកនាំក្រុងយេរូសាឡឹម ដែលចូលចិត្តតែនិយាយចំអកអើយ! ចូរនាំគ្នាស្ដាប់អុលឡោះតាអាឡាមានបន្ទូល ដូចតទៅ: 15 អ្នករាល់គ្នាអះអាងថា អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ ស្ថានមនុស្សស្លាប់។ កាលណាមានគ្រោះកាចមកដល់ អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង និងយកការភូតភរជាជំរក។ 16 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ។ 17 យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រំលើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជំរករបស់អ្នករាល់គ្នាទៅដែរ។ 18 សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។ 19 រាល់ពេលដែលគ្រោះកាចនោះមកដល់ វានឹងបំផ្លាញអ្នករាល់គ្នា គ្រោះកាចនោះនឹងកើតមានរៀងរាល់ព្រឹករៀងរាល់ថ្ងៃ និងរៀងរាល់យប់។ បើគ្រាន់តែឮសូរគេនិយាយ ក៏ធ្វើឲ្យញ័ររន្ធត់ដែរ។ 20 ពេលនោះ គ្រែដេកបែរទៅជាខ្លីពេក រីឯភួយក៏តូចពេករកដណ្ដប់ពុំបានដែរ។ 21 អុលឡោះតាអាឡានឹងមក ដូចកាលទ្រង់មកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ទ្រង់ក្រោកឡើងសំដែងអំណាច ដែលជាអំណាចដ៏ចម្លែក ទ្រង់បំពេញកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការខុសប្លែកពីធម្មតា។ 22 ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់សម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។ 23 ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំ ចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ! 24 តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ ចេះតែភ្ជួរជានិច្ចរហូតទៅឬ? តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ? 25 ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។ 26 អុលឡោះប្រាប់ឲ្យគាត់ដឹងថា តើត្រូវធ្វើយ៉ាងណាៗខ្លះ ទ្រង់បង្ហាត់បង្រៀនគាត់។ 27 ពេលបេះសណ្ដែក បេះល្ងរួចហើយ គាត់យកឈើមកវាយគ្រាប់សណ្ដែក និងយករំពាត់មកវាយគ្រាប់ល្ង គឺគាត់មិនយករនាស់មករាស់សណ្ដែក ឬក៏យករទេះមកបរពីលើល្ងឡើយ។ 28 រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។ 29 គាត់ចេះធ្វើការទាំងនេះមកពី អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ទ្រង់គួរឲ្យកោតសរសើរ ហើយប្រាជ្ញាញាណរបស់ទ្រង់ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។ |
© 2014 United Bible Societies, UK.
United Bible Societies